តើ កម្ពុជា អាចយកឈ្នះទីម័រខាងកើត ដែលមាន FIFA Ranking ទាបជាងខ្លួនដល់ទៅ ២១លេខ បានឬទេ ល្ងាចនេះ ?

ថ្ងៃសុក្រ ទី ១២ ខែ តុលា ឆ្នាំ ២០១៨នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមជម្រើសជាតិទីម័រខាងកើត វេលាម៉ោង ៦:៣០នាទី ល្ងាច នៅពហុកីឡដ្ឋានជាតិ នៃរាជធានីភ្នំពេញ ។

នេះគឺជាការត្រៀមខ្លួនរបស់ក្រុមទាំងពីរ មុនចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំ ២០១៨នេះ ពោលគឺ AFF Suzuki Cup 2018 ដោយកម្ពុជា ស្ថិតក្នុងពូល A រីឯ ទីម័រខាងកើត ស្ថិតក្នុងពូល B ។

កម្ពុជា នឹងអវត្តមានអ្នកចាត់ការទូទៅរបស់ខ្លួន គឺលោក Keisuke Honda ដោយជាប់ភារកិច្ចជាមួយក្លិបរបស់គាត់ Melbourne Victory នៅឯប្រទេសអូស្រ្តាលី ខណៈដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix នឹងដើរតួនាទីសំខាន់ក្នុងការប្រកួតនេះ ។

សម្រាប់ក្រុមទាំងពីរជូបគ្នា ២លើកចុងក្រោយគឺសុទ្ធតែនៅឯពហុកីឡដ្ឋានជាតិ និងក្នុងឆ្នាំ ២០១៦ ទាំងពីរប្រកួត ដោយប្រកួតទីមួយ ថ្ងៃទី ១ ខែ កញ្ញា កម្ពុជា យកឈ្នះ ទីម័រខាងកើត ២-០ ក្នុងប្រកួតមិត្តភាព និងនៅថ្ងៃទី ២១ ខែ តុលា កម្ពុជា យកឈ្នះម្តងទៀត ៣ ទល់នឹង ២ ក្នុងប្រកួតជម្រុះបឋម AFF Suzuki Cup ឆ្នាំ ២០១៦ ។

បច្ចុប្បន្ន កម្ពុជា ស្ថិតនៅលេខរៀងទី ១៦៩ លើតារាងចំណាត់ថ្នាក់ FIFA ដែលមានគម្លាត ២១លេខ បើធៀបទៅនឹងទីម័រខាងកើត ដែលនៅពីក្រោមខ្លួន ពោលគឺលេខរៀងទី ១៩០ ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT