ញាក់​ក៏​ល្អ ស៊ុត​ក៏​ច្បាស់ ឥឡូវ Real Madrid ចង់​ដំឡើង​ប្រាក់​ពលកម្ម​ឲ្យ​ម្នាក់​នេះ ១ គុណ​ជា ៣

ក្លឹប Real Madrid ទើប​តែ​បាន​សម្រេច​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ពាន​រង្វាន់ La Liga កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ភារកិច្ច​បន្ទាប់ គឺ​នៅ​កាត់កង​លទ្ធផល​រវាង​ក្លឹប​អង់គ្លេស Liverpool នា​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ UEFA Champions League កំឡុង​ចុង​ខែ​ឧសភា។ សមិទ្ធផល​ជោគជ័យ​នៃ​រដូវ​កាល ២០២១/២២ គឺ​ទទួល​បាន​ការ​ចូលរួម​ពី​សំណាក់​កីឡាករ​ជើង​ចាស់​ថ្មី ក៏​ដូច​ជា​យុទ្ធសាស្រ្ត​នៃ​ការ​ដឹកនាំ​ដ៏​ល្អ​របស់​អ្នកចាត់ការ​លោក Carlo Ancelotti។

ឆ្លៀត​ឱកាស​នេះ ក្លឹប​ Real Madrid ក៏​ចង់​ផ្តល់​កាដូ​ពិសេស​ជូន គ្រាប់​ពេជ្រ​វ័យ​ក្មេង​ប្រចាំ​ក្លឹប នោះ​គឺ Vinicius Junior តាម​រយៈ​ការ​ផ្តល់​ថ្លៃ​ពលកម្ម ១ គុណ​ជា ៣ ឲ្យ​តែ​គេ​ព្រម​ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា​លើ​ការ​បន្ត​កុងត្រា​ថ្មី។ សុពលភាព​កុងត្រា​សព្វថ្ងៃ កីឡាករ​ប្រេស៊ីល​កំណត់​ត្រូវ​ឈរ​ជើង​ឲ្យ​ក្លឹប​អធិរាជ​ស ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ជាមួយ​នឹង​ហាងឆេង​ថ្លៃ​ខ្លួន ល្បាក់ ១០០ លាន​អឺរ៉ូ។

តែ​បើ​តាម​សារព័ត៌មាន Mundo Deportivo បាន​ចុះ​ផ្សាយ ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​ធំ លោក Florentino Perez ហាក់​ចង់​ឃើញ​យុវជន​វ័យ ២១ ឆ្នាំ បន្ត​ស្ថិត​ក្នុង​ផែនការណ៍​យូរអង្វែង​ត​ទៅ​ទៀត។ ប្រភព​សង្កត់​ធ្ងន់ ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Madrid ចង់​ត​កុងត្រា​ថ្មី ឲ្យ Vinicius ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧ ហើយ​ដំឡើង​ថ្លៃ​ពលកម្ម​ពី​ជាង ២,៥ លាន​ផោន មក​ដល់ ៧,៧ លាន​ផោន ឬ ៩ លាន​អឺរ៉ូ ក្នុង​មួយ​រដូវ​កាល។

ទំហំ​នេះ​មាន​ន័យ​ថា អតីត​កីឡាករ​របស់ Flamengo នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ល្បាក់​ជិត ២០ មុឺន​អឺរ៉ូ/សប្តាហ៍ ខ្ពស់​ជាង​ប្រាក់​ពលកម្ម​សព្វថ្ងៃ បាន​មិន​ដល់ ៧ មុឺន​អឺរ៉ូ​ផង។ ទៅ​មើល​ស្ថិតិ​រដូវ​កាល​នេះ កីឡាករ​ដែល​ទើប​រក​បាន Hat-trick គ្រា​ប៉ះ Levante សរុប​ធ្វើ​បាន ២១ គ្រាប់​និង Assist ២០ លើក នៅ​ការ​បង្ហាញ​ខ្លួន ៥០ ប្រកួត។

ស្រដៀង​គ្នា​នេះ ងាក​ទៅ​ក្លឹប​គូ​ប្រជែង​របស់ Madrid គឺ Liverpool ក៏​ល្ហិចល្ហៀង​ ថា​កៀក​នឹង​សម្រេច​ការ​ផ្តល់​ជូន​កុងត្រា​ថ្មី សម្រាប់​ខ្សែ​ប្រយុទ្ធ​ឆ្នើម Mohamed Salah។ ជា​ការ​ពិត បុរស​សញ្ជាតិ​អេហ្សីប សេសសល់​សុពលភាព​កុងត្រា​ត្រឹម​តែ ១២ ខែ​ទៀត​ប៉ុណ្ណោះ ហើយ​ពេល​ចុង​ក្រោយ​មាន​ចចាមអារ៉ាម​ថា​ក្លឹប Barcelona, PSG និង​ Real Madrid ជា​ដើម ព្យាយាម​តាម​ក្រវែល​ឥត​ឈប់។

ហេតុ​នេះ Liverpool ក៏​ព្យាយាម​រារាំង តាម​រយៈ​ការ​ផ្ដល់​កុងត្រា​ថ្មី ឲ្យ​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ចង់​សម្រេច​យ៉ាង​យូរ ត្រឹម​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។ បើ​តាម​សារព័ត៌មាន Football Insider ចុះ​ផ្សាយ​ថា Liverpool កំពុង​សង្ឃឹម​ខ្ពស់ ថា​នឹង​អាច​អូស​ទាញ​ចិត្ត Salah ឲ្យ​ទម្លាក់​ចុង​ប៊ិច​លើ​កុងត្រា​ថ្មី ដោយ​រុញ​បុរស​វ័យ ២៩ ឆ្នាំ ឲ្យ​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​នៅ Premier League។

នោះ​គឺ​ជាមួយ​ទំហំ​ប្រាក់​ពលកម្ម​ដល់​ទៅ ៥០០ ០០០ ផោន/សប្តាហ៍ ច្រើន​ជាង​ល្បាក់ ១០ មុឺន​ផោន ធៀប​នឹង​ប្រាក់​ឈ្នួល​របស់ Kevin de Bruyne ក៏​ដូច​ជា Erling Haaland នៃ​ក្លឹប​មេឃ​ខៀវ Man City។ គួរ​ឲ្យ​ដឹង​ថា យប់​នេះ Salah ក៏​នឹង​មាន​ភារកិច្ច​ត្រូវ​ជួយ Liverpool តតាំង​នៅ​ពាន​រង្វាន់ FA Cup កំណត់​ប៉ះ Chelsea នា​វេលា​ម៉ោង ១០:៤៥ នាទី​យប់ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT