សេដ្ឋី​ទើប​ទិញ​បាន​ក្លឹប Chelsea ឈរ​លេខរៀង​ទី​ប៉ុន្មាន ជា​ម្ចាស់​ក្លឹប​មាន​បំផុត​ក្នុង​លោក?

បន្ទាប់​ពី​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​រដ្ឋាភិបាល​អង់គ្លេស ទី​បំផុត​ក្លឹប​តោ​ខៀវ Chelsea ក៏​សម្រេច​រក​បាន​ម្ចាស់​ថ្មី ក្រោយ​លោក Roman Abramovich ប្រកាស​លក់​ទៅ​ឲ្យ​មហាសេដ្ឋី​លោក Todd Boehly ​នៅ​តម្លៃ ៤,២៥ ពាន់​លាន​ផោន។

Boehly ក៏​បាន​រំលេច​វត្តមាន​កាល​ពី​ប្រកួត​ដែល Chelsea លេង​ស្មើ Wolves ២-២ នៅ​ឯ​កីឡដ្ឋាន Stamford Bridge ផង​ដែរ តែ​យ៉ាង​ណា​ជឿ​ថា​អ្នក​គាំទ្រ​ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​នោះ​ទេ អំពី​រឿងរ៉ាវ​មួយ​ចំនួន​ក៏​ដូច​ជា​ទំហំ​ទ្រព្យសម្បត្តិ​ របស់​អ្នក​ជំនួញ​សញ្ជាតិ​អាមេរិក​ខាង​លើ។ ងាក​មក​អត្ថបទ​នេះ CTS Sports ធ្វើ​ការ​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​បាន​ដឹង​នៅ​ទិន្នន័យ​ថ្មី នៃ​ម្ចាស់​ក្លឹប​មាន​បំផុត​ទាំង ៦ ក្នុង​លោក ក្រោយ​ការ​មក​ដល់​របស់​ម្ចាស់​ថ្មី នៃ​ក្លឹប Chelsea៖

៦) សម្ព័ន្ធ Bohley ម្ចាស់​ក្លឹប Chelsea

ការ​ចុះ​ហត្ថលេខា​ទិញ​យក​ក្លឹប​ការពារ​តំណែង​ជើង​ឯក UCL រដូវ​កាល​ចាស់​មួយ​នេះ ​មិនមែន​ប្រើប្រាស់​តែ​ឈ្មោះ​សេដ្ឋី​អាមេរិក​ខាង​លើ​មួយ​រូប​ទេ ជា​រួម​គឺ​ចង​ជា​សម្ព័ន្ធ ដោយ​មាន​លោក Todd Bohley, Mark Walter និង Hansjorg Wyss។ កិច្ច​ព្រមព្រៀង​ផ្លាស់​ម្ចាស់​ថ្មី ទំនង​ជា​នឹង​បញ្ចប់​មុន​ខែ​ឧសភា ឆ្នាំ ២០២២។ និយាយ​អំពី​ទំហំ​ទ្រព្យសម្បត្តិ​ជា​រួម​របស់​សម្ព័ន្ធ Bohley ឬ​បុគ្គល​ទាំង ៣ បញ្ចូល​គ្នា គឺ​មាន​ដល់​ទៅ ១០,៨៦ ពាន់​លាន​ផោន។

៥) Andrea Agnelli ម្ចាស់​ក្លឹប Juventus

លោក Agnelli ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្លឹប​សេះ​បង្កង់​ក្នុង​ឆ្នាំ ២០១០ ហើយ​ក្រៅ​តែ​ពី​ជំនួញ​ក្នុង​វិស័យ​បាល់ទាត់ ទៀត​សោត​ក៏​ជា​សមាជិក​ធំ នៅ​ឯ​ក្រុមហ៊ុន​រថយន្ត Stellantis និង​ក្រុមហ៊ុន​វិនិយោគ Exor។ ទំហំ​ទ្រព្យសម្បត្តិ​របស់​បុរស​វ័យ ៤៦ ឆ្នាំ មាន​ដល់​ទៅ ១៤ ពាន់​លាន​ផោន។

៤) Dietrich Mateschitz ម្ចាស់​ក្លឹប RB Leipzig, RB Salzburg និង New York Red Bulls

ជា​បុគ្គល​មាន​បំផុត​លំដាប់​ទី ៤០ ក្នុង​លោក ហើយ​បើ​និយាយ​ក្នុង​វិស័យ​បាល់ទាត់ គឺ​ជា​ម្ចាស់​ក្លឹប​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​លំដាប់​ទី ៤ ពោល​ដល់​ទៅ ១៥,៧ ពាន់​លាន​ផោន។ ក្នុង​ចំណែក​ក្លឹប RB Leipzig របស់​អាល្លឺម៉ង់ និង RB Salzburg របស់​អូទ្រីស សេដ្ឋី​អាមេរិក​មាន​ភាគហ៊ុន​ដល់​ទៅ ៤៩ ភាគរយ ហើយ​ក៏​បាន​ទិញ​យក​ក្លឹប​ New York Red Bulls នៅ​ឆ្នាំ ២០១៩។

៣) Sheikh Mansour ម្ចាស់​ក្លឹប Man City

ក្លឹប​មេឃ​ខៀវ​ត្រូវ​បាន​ស្រោចស្រង់​ជា​ថ្មី បន្ទាប់​ពី​អ្នក​នយោបាយ​នៃ​ប្រទេស​អារ៉ាប់​រួម Sheikh Mansour បាន​ទិញ​យក​កាល​ពី​ឆ្នាំ ២០០៨។ សេដ្ឋី​វ័យ ៥១ ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា​មាន​កាន់កាប់​ជំនួញ​ជា​ច្រើន​ក្នុង​ដៃ ហើយ​ក្តោប​ទ្រព្យ​សម្បត្តិ​រួម ដល់​ទៅ ២១ ពាន់​លាន​ផោន។

២) Qatar Investment Group ម្ចាស់​ក្លឹប PSG

ព្រះអង្គម្ចាស់​ Tamim bin Hamad Al Thani បាន​ចំណាយ​លុយ តាម​រយៈ​ Qatar Sports Investments ទៅ​ទិញ​យក​ភាគហ៊ុន​ដល់​ទៅ ៧០ ភាគរយ​នៃ​ក្លឹប​បារាំង Paris Saint-Germain មក​កាន់កាប់​កាល​ពី​ឆ្នាំ ២០១១។ សម្ព័ន្ធ​យក្ស​មួយ​នេះ ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទ្រព្យសម្បត្តិ​ដល់​ទៅ ២២០ ពាន់​លាន​ផោន។

១) Saudi Arabia Public Investment Fund ម្ចាស់​ក្លឹប Newcastle United

កាល​ពី​ខែ​តុលា ឆ្នាំ ២០១១ ក្លឹប Newcastle United បាន​សម្រេច​លក់​ទៅ​ឲ្យ​ម្ចាស់​ថ្មី ដែល​ជា​សម្ព័ន្ធ​យក្ស​នៅ​អារ៉ាប៊ីសាអ៊ូឌីត។ គ្រប់​គ្នា​កំពុង​រំពឹង​ថា ក្លឹប​សារិកា​ព្រៃ នឹង​អាច​វិវត្ត​ខ្លួន​ក្លាយ​ទៅ​ជា “Man City ទី​ពីរ” នៅ Premier League នា​ប៉ុន្មាន​ឆ្នាំ​ក្រោយ ស្រប​ពេល​ដែល​ទ្រព្យសម្បត្តិ​របស់​សម្ព័ន្ធ​យក្ស​ខាង​លើ មាន​ដល់​ទៅ ៣២០ ពាន់​លាន​ផោន៕

ប្រភព៖ បរទេស​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT