Coutinho ចុះកុងត្រាផ្លូវការលេងឱ្យក្រុម Aston Villa ហើយ

ខ្សែបម្រើប្រយុទ្ធ Coutinho បានសម្រេចផ្លាស់មកលេងនៅក្រុម Aston Villa ជាផ្លូវការហើយ ដោយតម្លៃផ្ទេរមកពីក្រុម FC Barcelona ត្រឹមតែ២០លានអឺរ៉ូប៉ុណ្ណោះ។

កីឡាករប្រេស៊ីលខាងលើនឹងចុះកុងត្រាជាមួយក្រុម Aston Villa រហូតដល់ឆ្នាំ២០២៦ឯណោះ។ លោក Steven Gerrard អ្នកចាត់ការក្រុមបាននិយាយថានេះជាការចុះកុងត្រាល្អមួយ ព្រោះ Coutinho ជាកីឡាករឆ្នើមម្នាក់ដែលបានជួយក្រុមច្រើនកន្លងមកនេះ។ អ្វីដែលគេបានបង្ហាញលើទីលានគឺគ្រប់គ្រាន់សម្រាប់ក្រុមដើម្បីទិញយកគេដាច់ពីក្រុម FC Barcelona ហើយ។ Coutinho ផ្លាស់មក Aston Villa ក្រោមលក្ខខណ្ឌខ្ចីជើងនៅខែមករា និងរកបាន៤គ្រាប់មកហើយដែរ។

អតីតកីឡាករ Liverpool ខាងលើនេះមានតម្លៃខ្លួនដល់ទៅ១៤២លានផោនឯណោះកាលគេផ្លាស់ទៅលេងនៅក្រុម FC Barcelona នៅឆ្នាំ២០១៨កន្លងទៅ។ តែនៅទឹកដីអេស្ប៉ាញ រូបគេមិនទទួលបានជោគជ័យឡើយ ដោយត្រូវក្លឹបដទៃខ្ចីជើងរហូត៕​ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT