នេះ​ប្រាក់​ពលកម្ម​ដ៏​ច្រើន​សន្ធឹក​របស់ Haaland និង Rudiger ក្រោយ​ផ្លាស់​ទៅ​ក្លឹប​ថ្មី

កៀក​នឹង​បញ្ចប់​រដូវ​កាល ក៏​ស្រាប់​តែ​ផ្ទុះ​ព័ត៌មាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពីរ ជុំវិញ​ការ​ផ្លាស់​ចេញ​របស់​កីឡាករ​ ២ រូប ដែល​មាន​មួយ​ទើប​តែ​បាន​ក្លាយ​ជា​ដំណឹង​ផ្លូវការ និង​មួយ​ផ្សេង​ទៀត កៀក​នឹង​ក្លាយ​ជា​ការ​ពិត ៩៩ ភាគរយ។ ការ​ផ្ទេរ​របស់ Erling Haaland ទៅ​កាន់ Manchester City ត្រូវ​បាន​ក្លឹប​ប្រកាស​រួចរាល់​កាល​ពី​ម្សិលមិញ ស្រប​ពេល​ដែល​រឿងរ៉ាវ Antonio Rudiger នៅ​ស្ថិត​ក្រោម​ការ​រង់ចាំ ដដែល។

យ៉ាង​ណា​ទាក់ទិន​នឹង​តម្លៃ​ពលកម្ម ដែល​កំពូល​កីឡាករ​ទាំង​ពីរ​ទទួល​បាន គឺ​យើង​បាន​ដឹង​រួចរាល់​ហើយ​ចេញ​ពី​ប្រភព​សារព័ត៌មាន​គួរ​ឲ្យ​ទុក​ចិត្ត។ ជុំវិញ​ការ​ផ្ទេរ​ចូល​កីឡាករ​ន័រវេស មក​កាន់​ក្លឹប​ម្ចាស់ដី Etihad គឺ​បាន​ព្រមព្រៀង​នៅ​សុពលភាព​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ ពោល​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧។ ការ​ចុះ​ហត្ថលេខា​សារ​នេះ គឺ​កំណត់​ឲ្យ​ភាគី​ក្លឹប​ City ត្រូវ​ទូទាត់​ប្រាក់​ផ្តាច់​កុងត្រា ៦០ លាន​អឺរ៉ូ ឬ​ប្រហែល ៦៤ លាន​ផោន ទៅ​កាន់​ភាគី​ក្លឹប​អាណាព្យាបាល​ Borussia Dortmund។

បើ​តាម​របាយការណ៍​ពី Fabrizio Romano បាន​ចុះ​ផ្សាយ​ថា សម្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ ២១ ឆ្នាំ​ខាង​លើ នឹង​អាច​ទទួល​បាន​ប្រាក់​ពលកម្ម ៣៧៥ ០០០ ផោន/សប្តាហ៍ ពី​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola។ ទំហំ​នេះ រុញ​ឲ្យ​គេ​ឈរ​ស្មើ​នឹង​កម្រិត​របស់ Kevin de Bruyne ដែល​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​ប្រចាំ​ក្លឹប ក៏​ដូច​ជា​ប្រចាំ​ក្របខ័ណ្ឌ Premier League ទាំង​មូល។

៣៧៥ ០០០ ផោន/សប្ដាហ៍ គឺ​ជា​ទំហំ​ច្រើន​ជាង Cristiano Ronaldo ព្រោះ​អី​កីឡាករ​ព័រទុយហ្គាល់ កំណត់​ត្រូវ​កាត់​ប្រាក់​ពលកម្ម ២៥ ភាគរយ ធ្លាក់​មក​ក្រោម ៣០ មុឺន​ផោន ចាប់​ពី​រដូវ​កាល ២០២២/២៣ ត​ទៅ បន្ទាប់​ពី​ក្លឹប Man Utd បាត់បង់​ឱកាស​លេង​ពាន​អឺរ៉ុប UCL រដូវ​កាល​ក្រោយ។ គួរ​បញ្ជាក់​ថា ទន្ទឹម​នឹង​ទំហំ​ថ្លៃ​ពលកម្ម​ដ៏​ក្រាស់ក្រែល Haaland ក៏​មាន​តម្លៃ​ផ្តាច់​កុងត្រា Release Clause ក្នុង​កិច្ច​ព្រមព្រៀង ដូច​កាល​នៅ​ជាមួយ Dortmund ផង​ដែរ តែ​សារ​នេះ ថ្លៃ ៧៥ លាន​អឺរ៉ូ។

ងាក​ទៅ​ខ្សែ​ការពារ Antonio Rudiger ​ឯ​ណោះ​វិញ ក្រោយ​សម្រេច​ការ​ចាកចេញ​ពី Chelsea នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ឥឡូវ​ក៏​លឺ​ថា រក​បាន​ក្លឹប​ថ្មី​រួចរាល់​ហើយ នោះ​គឺ​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid។

បើ​តាម​សារព័ត៌មាន The Athletic ចុះ​ផ្សាយ​ថា បុរស​វ័យ ២៩ ឆ្នាំ បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ ជាមួយ​ក្លឹប​ថ្មី​ក្នុង​ទីក្រុង Madrid ហើយ​អាច​ទទួល​បាន​ប្រាក់​ពលកម្ម​ប្រហែល ៩-១០ លាន​អឺរ៉ូ នេះ​បើ​និយាយ​ក្រោយ​កាត់​ពន្ធ​រួចរាល់ Rudiger អាច​កើប​លុយ​បាន ៤០០ ០០០ អឺរ៉ូ ឬ ៣៤២ ០០០ ផោន/សប្តាហ៍​ឯ​ណោះ។ ទំហំ​នេះ វា​ច្រើន​ជាង​លើស ៥០ ភាគរយ ធៀប​នឹង​ថ្លៃ​ពលកម្ម​ចាស់ កាល​នៅ​ក្លឹប​ម្ចាស់ដី Stamford Bridge។

បញ្ជាក់​ឲ្យ​ដឹង​ថា Rudiger ទំនង​ជា​នឹង​ចាប់​បង្ហាញ​វត្តមាន​ឲ្យ​ក្លឹប Madrid ​នៅ​ក្រោយ​ការ​ប្រកួត​ទល់ Liverpool នា​វគ្គ​ផ្តាច់ព្រ័ត្រ UCL។ វត្តមាន​របស់​គេ ទំនង​ជា​នឹង​ទៅ​បំពេញ​តំណែង​ការពារ​កណ្តាល ដោយ​ចាប់​ដៃ​ជាមួយ David Alaba ហើយ​ស្លាប​ឆ្វេងស្តាំ មាន Ferland Mendy និង Dani Carvajal។ ទៅ​មើល​ស្ថិតិ​រដូវ​កាល​នេះ​បន្តិច ក្របី​ព្រៃ​អាល្លឺម៉ង់ រក​បាន ៥ គ្រាប់​និង Assist ៤ លើក នៅ​ការ​បង្ហាញ​ខ្លួន​ ៥០ ប្រកួត​សរុប៕

ប្រភព៖ បរទេស​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT