FIFA 23 នឹង​ក្លាយ​ជា​ហ្គេម​បាល់ទាត់ FIFA លើក​ចុង​ក្រោយ​របស់ EA Sports

ក្រុមហ៊ុន Electronic Arts បាន​ប្រកាស​អំពី​ការ​បញ្ចប់​ភាព​ជា​ដៃគូ​របស់​ខ្លួន ជាមួយ​នឹង​សមាគម​បាល់ទាត់​ពិភពលោក FIFA ពោល​នឹង​បញ្ចប់​ការ​ចេញ​ផ្សាយ​សេរ៊ី​ហ្គេម​បាល់ទាត់ FIFA ចាប់​ពី​ឆ្នាំ ២០២៣ ត​ទៅ។ អស់​រយៈ​ពេល ២៩ ឆ្នាំ​មក​ហើយ ដែល​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ​បាន​ដំណើរការ រួច​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​ហ្គេម​បាល់ទាត់ មាន​ឈ្មោះ​បោះ​សំឡេង​បំផុត​ក្នុង​លោក ចាប់​ពី​កំណែ​ដំបូង​នៅ​ឆ្នាំ ១៩៩៣។

ដូច្នេះ​មាន​ន័យ​ថា ហ្គេម FIFA 23 ដែល​ត្រៀម​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ៣០ ​កញ្ញា ឆ្នាំ ២០២២ នឹង​ក្លាយ​ជា​សេរ៊ី​ហ្គេម FIFA ចុង​ក្រោយ​បង្អស់​របស់ EA Sports។ តែ​យ៉ាង​ណា​ជុំវិញ​ការ​ផ្តាច់​ឈ្មោះ ទំនង​មិន​ប៉ះពាល់​ធំដុំ​ទេ ដល់​ហ្គេម​ទាំង​មូល ព្រោះ​ទាំង​អាជ្ញាប័ណ្ណ​ចេញ​ពី​ក្លឹប​និង​ក្របខ័ណ្ឌ គឺ​នៅ​ស្ថិត​ក្រោម​ការ​សហការ​រវាង​ EA ដដែល មាន​ន័យ​ថា​ពាន UEFA Champions League, Europa League និង Conference League ជា​ដើម នៅ​បន្ត​អាច​លេង​បាន​ជា​ធម្មតា។

នាយក​ប្រតិបត្តិ​របស់ EA លោក Andrew Wilson បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​បែប​នេះ៖ “ចង្ខុវិស័យ​របស់​យើង​សម្រាប់ EA SPORTS FC គឺ​បង្កើត​ឥទ្ធិពល​ដល់​ក្លឹប​បាល់ទាត់​ទូទាំង​ពិភពលោក និង​ជា​ចំណុច​កណ្តាល​នៃ​អ្នក​គាំទ្រ​បាល់ទាត់​ទាំង​អស់ ហើយ​អស់​រយៈ​ពេល​ជិត ៣០ ឆ្នាំ​មក​នេះ យើង​បាន​សាង​សហគមន៍​ដ៏​ធំ​មួយ មាន​កីឡាករ​រាប់​លាន​នាក់ ​អត្តពលិក​រាប់​ពាន់​នាក់ មាន​លីគ ក្លឹប សហព័ន្ធ​ជា​ច្រើន​រយ ដែល​បាន​ក្លាយ​ជា​ដៃ​គូ​របស់​ពួក​យើង”៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT