គុណភាព​គ្រាប់​ពេជ្រ​ថ្មី Dortmund ទើប​យក​បាន ពិត​ជា​មិន​ធម្មតា សង្ឃឹម​បណ្ដុះ​បាន​ចំណេញ​ទៀត​ហើយ

Dortmund ចាយ​អស់​តែ ២០ លាន​អឺរ៉ូ ហើយ​លក់​ Erling Haaland ចេញ​ទៅ​វិញ​បាន ៦០ លាន​អឺរ៉ូ ក្រោយ​អភិវឌ្ឍ​ជើង​ត្រឹម​រយៈ​ពេល ២ ឆ្នាំ​ជាមួយ​ក្លឹប។ ឥឡូវ​បន្ទាប់​ការ​ចាកចេញ​របស់​កីឡាករ​ន័រវេស ក៏​ស្រាប់​តែ​ក្លឹប​អាល្លឺម៉ង់ ប្រញាប់​ប្រកាស​ការ​យក​បាន​យុវជន​ថ្មី​ភ្លែត ហើយ​គ្រប់​គ្នា​ក៏​កំពុង​មាន​ការ​ជឿជាក់​ ថា​ប្រហែល​ជា Dortmund រក​ឃើញ​ផ្លូវ​ចំណេញ​ទៀត​ហើយ។

ចាយ​ពាក់​កណ្តាល​នៃ​តម្លៃ​ខ្លួន Haaland ដែល Dortmund បាន​ជះ​ទៅ​ឲ្យ​ក្លឹប RB Salzburg ជុំវិញ​ការ​នាំ​យក​យុវជន Karim Adeyemi ចាប់​ពី​រដូវ​ក្តៅ​ខាង​មុខ​ត​ទៅ។ ល​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧ សម្រាប់​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ នឹង​កំណត់​លេង​តំណែង​ប្រយុទ្ធ ជា Role ហ្សីន​របស់ Haaland នៅ​តំបន់​ជួរ​មុខ។ ស្ថិតិ​រដូវ​កាល​នេះ គេ​ធ្វើ​បាន​ល្អ ដោយ ៤២ ប្រកួត អាច​រក​បាន​ដល់​ទៅ ២៣ គ្រាប់​និង Assist ៨ លើក​ឯ​ណោះ។

ជុំវិញ​ការ​ផ្ទេរ​ចូល នាយក​ផ្នែក​កីឡា​របស់ Dortmund លោក Michael Zorc បញ្ជាក់៖ “Karim Adeyemi គឺ​ជា​យុវជន​ពោរពេញ​ដោយ​ទេពកោសល្យ​មួយ ដែល​អាច​មក​បន្ថែម​ភាព​រឹងមាំ​ដល់​តំបន់​ជួរ​មុខ​របស់​យើង ហើយ​នេះ​ជា​ការ​យក​បាន​ដ៏​ល្អ​មួយ​សម្រាប់ BVB ព្រោះ​គេ​មាន​បេះដូង​ស្រលាញ់​ក្លឹប​យើង​តាំង​ពី​ដើម​មក រួច​ក៏​បាន​បដិសេធ​សំណើ​ក្លឹប​នៅ​អឺរ៉ុប​ជា​ច្រើន ដើម្បី​តែ​បាន​មក​ចូលរួម​នៅ Dormtund”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT