វិញ្ញាសា​បាល់ទាត់​បុរសនៅ​ស៊ីហ្គេម តើ​ក្រុម​កម្ពុជា​ធ្លាប់​ឡើង​ខ្ពស់​បង្អស់​ត្រឹម​វគ្គ​ណា?

ក្រុម​បាល់ទាត់​ក្រោម​អាយុ ២៣ ឆ្នាំ​របស់​កម្ពុជា កាល​ពី​ជុំ​ទី ១ វគ្គ​ចែក​ពូល បាន​បង្កើត​លទ្ធផល​ដ៏​អស្ចារ្យ តាម​រយៈ​ការ​យក​ឈ្នះ ៤-១ ទៅ​លើ​ក្រុម​ឡាវ។ ចំណាត់ថ្នាក់​បណ្ដោះអាសន្ននៅ​ពូល B ក្រុម​គោព្រៃ​ជំទង់ ឈរ​លេខ ២ មាន ៣ ពិន្ទុ ហើយ​កំណត់​ត្រូវ​ជួប​ក្រុម​សិង្ហបុរី នៅ​វេលា​ម៉ោង ០៤:០០ នាទី​រសៀល នៅ​ថ្ងៃ​តែ​មួយ ​ដែល​ម៉ាឡេស៊ី ត្រូវ​ប៉ះ​ឡាវ នា​វេលា​ម៉ោង ០៧:០០ យប់។ ជំនួប​គូ​ទាំង​ពីរ ក៏​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ផង​ដែរ។

ជុំវិញ​ដំណើរការ​ប្រកួត វិញ្ញាសា​បាល់ទាត់​ផ្នែក​បុរស នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី ៣១ ក៏​កើត​មាន​សំណួរ​ពី​អ្នក​គាំទ្រ បាន​ចោទ​សួរ​មក​កាន់​ពួក​យើង ថា​តើ​ក្រុម​កម្ពុជា ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​មេដាយ​ពី​មុន​មក​ទេ? ហើយ​និយាយ​អំពី​លទ្ធផល​ឡើង​ខ្ពស់​បង្អស់​ត្រឹម​វគ្គ​ណា?

ផ្អែក​តាម​ទិន្នន័យ​តាំង​ពី​ស៊ីហ្គេម ឆ្នាំ ២០០១ គ្រា​ម៉ាឡេស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ មក​ទល់​ព្រឹត្តិការណ៍​កាល​ពី​ឆ្នាំ ២០១៩ នៅ​ឯ​ប្រទេស​ហ្វីលីពីន គឺ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា មិន​ធ្លាប់​បាន​ឈ្នះ​មេដាយ​នោះ​ទេ ហើយ​លទ្ធផល​ឡើង​ខ្ពស់​បង្អស់ គឺ​ត្រឹម​វគ្គ​ដណ្តើម​យក​មេដាយ​សម្រិត ឬ​ចំណាត់ថ្នាក់​ទី ៣ ដែល​បញ្ចប់​ការ​ប្រកួត​យើង​បាន​ឈរ​ត្រឹម​លេខ ៤។

នោះ​គឺ​នៅ​ឆ្នាំ ២០១៩ កំឡុង​ពេល​ដែល U23 កម្ពុជា ស្ថិត​ក្នុង​ពូល A ជាមួយ​ក្រុម​មីយ៉ាន់ម៉ា, ហ្វីលីពីន, ម៉ាឡេស៊ី និង​ទីម័រ​ខាង​កើត។ ឆ្លង​កាត់​ការ​ប្រកួត ៤ ជុំ យើង​ទទួល​បាន​ ៧ ពិន្ទុ​ស្មើ​នឹង​ក្រុម​ម្ចាស់ផ្ទះ តែ​ធៀប​គ្រាប់​បាល់​បាល់​ចំណេញ ខាង​កម្ពុជា​មាន​ច្រើន​ជាង ដូច្នេះ​ក៏​សម្រេច​ឲ្យ​យើង​អាច​ឡើង​ទៅ​កាន់​វគ្គ ៤ ក្រុម​ចុង​ក្រោយ។ ពេល​នោះ​កម្ពុជា ឡើង​ទៅ​ប៉ះ​វៀតណាម តែ​សោកស្តាយ​បរាជ័យ​ទក់​សាច់ ៤-០ ជួន​ពេល​ដែល​ឥណ្ឌូណេស៊ី យក​ឈ្នះ​ក្រុម​ខ្លាំង​ក្នុង​ពូល A គឺ​មីយ៉ាន់ម៉ា ៤-២។

បន្ត​ទៅ​វគ្គ​សម្រេច​លទ្ធផល​បញ្ចប់ គឺ​វៀតណាម បាន​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក ដែល​បាន​មេដាយ​មាស ក្រោយ​យក​ឈ្នះ​លើ​ក្រុម​បាន​មេដាយ​ប្រាក់ គឺ​ឥណ្ឌូណេស៊ី ៣-០ ហើយ​មីយ៉ាន់ម៉ា ជា​ក្រុម​បាន​មេដាយ​សម្រិត ក្រោយ​បំបាក់​ក្រុម​កម្ពុជា ជាមួយ​លទ្ធផល​ថែម​ម៉ោង​បាល់​ប៉េណាល់ទី ៥-៤។

សរុប​ស្ថិតិ​នៅ​ស៊ីហ្គេម​តាំង​ពី​ឆ្នាំ ២០០១ មក​ទល់​ឆ្នាំ ២០១៩ គឺ​យើងរមែង​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល ដែល​លើកលែង​តែ​ព្រឹត្តិការណ៍​សារ​មុន យើង​ឡើង​បាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បាន​លេខ ៤។ ឆ្លង​កាត់​ ៤០ ប្រកួត U23 កម្ពុជា ឈ្នះ ៤ ស្មើ ៥ និង​ចាញ់ ៣១ រក​បាន ៣៨ គ្រាប់ និង​របូត ១៣៣ គ្រាប់។

ងាក​មក​ព្រឹត្តិការណ៍​លើក​ទី ៣១ សារ​នេះ​វិញ យើង​កំពុង​ចាប់ផ្ដើម​ជំហាន​ដ៏​ល្អ​មួយ​ហើយ ដូច្នេះ​ក៏​ជូនពរ​ឲ្យ​ក្រុម U23 អាច​បន្ត​ការ​យក​បាន ៣ ពិន្ទុ​ពី​សិង្ហបុរី ដើម្បី​ជា​ទុន​ធំ ក្នុង​ការ​ក្ដោបក្ដាប់​ឱកាស​ឆ្ពោះ​ទៅ​វគ្គ​បន្ត។ តើ​អាច​ទេ វិញ្ញាសា​បាល់ទាត់​បុរស យើង​អាច​សាង​ប្រវត្តិសាស្ត្រ ឈ្នះ​មេដាយ​ជា​លើក​ដំបូង​នៅ​ស៊ីហ្គេម?

គួរ​រំឭក​ថា​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ ឬ​ហៅ​កាត់​ស៊ីហ្គេម សម្រាប់​កម្ពុជា នឹង​ទទួល​បាន​សិទ្ធ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង នៅ​ឆ្នាំ​ក្រោយ ២០២៣ ដែល​កំណត់​រៀបចំ​ឡើង​នា​ចន្លោះ​ថ្ងៃ​ទី ៥ ដល់ ១៦ ឧសភា៕

ប្រភព៖ Wikipedia​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT