ក្លឹប​រួម​លីគ​មួយ​ចាប់​អារម្មណ៍​ភ្លាម ក្រោយ​ដឹង​អនាគត Nketiah មិន​ច្បាស់លាស់​នៅ Arsenal

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Eddie Nketiah នៅ​រដូវ​កាល ២០២១/២២ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ តែ​យ៉ាង​ណា​ក៏​មាន​មតិ​មួយ​ចំនួន ហាក់​ជំរុញ​ឲ្យ​កីឡាករ​គួរ​គិត​ដល់​ផ្លូវ​បែក មុន​រដូវ​កាល​ថ្មី​ចូល​មក​ដល់ ប្រសិន​ជា​ចង់​ទទួល​បាន​ឱកាស​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​លំដាប់​កំពូល​ពិត​ប្រាកដ។ ស្ថិតិ​រដូវ​កាល​នេះ កីឡាករ​វ័យ ២២ ឆ្នាំ បង្ហាញ​ខ្លួន ២៥ ប្រកួត រក​បាន ៩ គ្រាប់​និង Assist ១ លើក ដោយ​ទើប​តែ​រក​បាន​ពីរ​គ្រាប់​ម្នាក់​ឯង នៅ​ប្រកួត​យក​ឈ្នះ Leeds United កន្លង​ទៅ។

បើ​តាម​សារព័ត៌មាន The Daily Mail ចុះ​ផ្សាយ​ថា ក្លឹប​រួម​លីគ គឺ West Ham United ក្រោយ​ឃើញ​ឱកាស​សារ​នេះ ក៏​ពួក​គេ​ហាក់​ចាប់​អារម្មណ៍​ជា​ខ្លាំង រួច​ចង់​សម្រេច​ការ​ចរចា​នាំ​យក Nketiah ចេញ​ពី​កាំភ្លើង​ធំ ត្រឹម​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។ ទន្ទឹម​ដែល​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ដូច្នេះ​ហាងឆេង​តម្លៃ​ខ្លួន គឺ​ថ្លៃ​ល្បាក់​ជាង ១០ លាន​ផោន។

កីឡាករ​សញ្ជាតិ​អង់គ្លេស ដែល​លេង​តំណែង​ប្រយុទ្ធ​កណ្តាល ជា​ការ​ពិត​បើ​បន្ត​នៅ​ក្រុម​លោក Mikel Arteta គឺ​អាច​ពិបាក​ប្រជែង​ជម្រើស​ដំបូង ដ្បិត​បើ​គុណភាព​របស់​គេ​ល្អ​ក៏​ដោយ។ អតីតកាល​គេ​ធ្លាប់​ទៅ​ខ្ចី​ជើង​លេង​ឲ្យ Leeds ដូច្នេះ​ការ​ផ្ទេរ​ទៅ West Ham ក៏​រាប់​បាន​ជា​បទពិសោធន៍​ថ្មី​សន្លាង​បន្ថែម​ដែល​គួរ​តែ​សាកល្បង៕

ប្រភព៖ The Daily Mail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT