Soness ថា​មាន​តែ​កីឡាករ ២ រូប​នេះ​ទេ សម​ពាក់​អាវ Man Utd ក្រៅ​តែ​ពី​ហ្នឹង​ចប់

អតីត​កីឡាករ​នៅ​ហង្ស​ក្រហម លោក Graeme Souness បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ក្លឹប Man Utd នៅ​រដូវ​កាល ២០២១/២២ គឺ​មាន​តែ​កីឡាករ ២ រូប​ប៉ុណ្ណោះ ដែល​បង្ហាញ​ទម្រង់​លេង​លេចធ្លោ​បំផុត គឺ​មាន​អ្នកចាំទី David de Gea និង​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo។ ក្រៅ​តែ​ពី​ហ្នឹង គឺ​មិន​សម​ពាក់​អាវ​ក្លឹប​ម្ចាស់ដី Old Trafford ឡើយ ព្រោះ​មាន​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​ខ្លាំង។

ពេល​នេះ United បាន​សម្រេច​ខកខាន​ការ​ចាប់​យក​កៅអី Top 4 ហើយ​សល់​តែ​ឱកាស​ប្រជែង​កៅអី​នៅ Europa League ឬ Europa Conference League ប៉ុណ្ណោះ។ នៅ​ប្រកួត​ចុង​ក្រោយ​ទល់ Crystal Palace បើ​ចាញ់​ទៀត នោះ​ហានិភ័យ​គឺ​កាន់​តែ​ខ្ពស់ ក្នុង​ការ​ធ្លាក់​ចេញ​ពី​តំណែង Top 6។

ងាក​ទៅ​មតិ​លោក Souness និយាយ​ប្រាប់ Sky Sports បែប​នេះ៖ “មាន​កីឡាករ​ជា​ច្រើន ដែល​ធ្លាក់​ទម្រង់​លេង ហើយ​លើកលែង​តែ Ronaldo ដែល​រក​បាន​គ្រាប់​បាល់ និង​អ្នកចាំទី​ដែល​តែងតែ​សង្រ្គោះ​ក្រុម​គឺ David de Gea តែ​ប៉ុណ្ណោះ សល់​តែ​ពី​ហ្នឹង ពិបាក​នឹង​រក​ចំណុច​ណា​ដែល​ថា​ពួក​គេ​សម​ជា​កីឡាករ Man Utd ខ្លាំង​ណាស់”។ ជុំវិញ​អនាគត​តារា​ឆ្នើម​ទាំង​ពីរ​ខាង​លើ បើ​តាម​ការ​ប្រមើល​មើល គឺ​ ៩៥ ភាគរយ នឹង​បន្ត​នៅ​ត​ទៅ​ទៀត ពោល​អាច​ចង់​សាកល្បង​ក្រោម​ការ​ដឹកនាំ​របស់​លោក Erik ten Hag នៅ​រដូវ​កាល​ថ្មី៕

ប្រភព៖ Sky Sports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT