Erling Haaland នឹង​គ្រោង​ឈុត​មេឃ​ខៀវ Man City ចាប់​ពី​រដូវ​កាល​ក្រោយ​ត​ទៅ

ក្លឹប​មេឃ​ខៀវ Manchester City ត្រូវ​បាន​ប្រភព​សារព័ត៌មាន​គួរ​ឲ្យ​ទុក​ចិត្ត The Athletic ចុះ​ផ្សាយ​ថា បាន​ចរចា​ឈាន​ដល់​កិច្ច​ព្រមព្រៀង​សម្រេច​ហើយ រវាង​ភាគី​កីឡាករ​ Erling Haaland សម្រាប់​ការ​នាំ​យក​មក​ចូលរួម នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ។ ការ​ប្រកាស​ផ្លូវការ កំណត់​នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្តាហ៍​នេះ ពោល​បន្ទាប់​ពី​ចប់​ប្រកួត​ចុង​ក្រោយ​របស់ Dortmund ទល់ Hertha។

ប្រភព​បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ ២១ ឆ្នាំ នឹង​កំណត់​គ្រោង​ឈុត​មេឃ​ខៀវ Man City ចាប់​ពី​រដូវ​កាល​ក្រោយ​ត​ទៅ តែ​ការ​ចរចា​លក្ខខណ្ឌ​តម្លៃ​ពលកម្ម និង​កិច្ច​ព្រមព្រៀង​លម្អិត​នានា មិន​ទាន់​ត្រូវ​បាន​ទម្លាយ​នៅ​ឡើយ។ គ្រប់​យ៉ាង​គឺ ដំណើរការ​ឆ្លង​កាត់​រវាង​ភាគី​ឪពុក លោកAlf Inge ជា​អ្នក​រត់ការ​ផ្ទាល់ ហើយ​ក៏​ធ្លាប់​ជា​អតីត​កីឡាករ​នៅ​ក្លឹប​អង់គ្លេស​ខាង​លើ​ផង​ដែរ។

បើ​តាម​ដឹង​ចំពោះ​តម្លៃ​ខ្លួន ដូច​បាន​បញ្ជាក់​ពី​មុន​មក គឺ​វា​ស្ថិត​នៅ​តម្លៃ​ផ្តាច់​កុងត្រា Release clause ថ្លៃ ៧៥ លាន​អឺរ៉ូ ឬ​ល្បាក់ ៦៣ លាន​ផោន។ រំឭក​ឲ្យ​ដឹង​ ស្ថិតិ​ជាមួយ Dortmund ចាប់​តាំង​ការ​មក​ចូលរួម​នៅ​ខែ​មករា ឆ្នាំ ២០២០ សរុប​ការ​បង្ហាញ​ខ្លួន ៨៨ ប្រកួត គេ​រក​បាន ៨៥ គ្រាប់​ឯ​ណោះ។ ក្រៅ​ពី Man City ក៏​មាន​ក្លឹប​ឯ​ទៀត ដូច​ជា Real Madrid, Barcelona, Bayern Munich និង PSG ជា​ដើម ផង​ដែរ ដែល​បាក់​ចិត្ត​មក​លើ​កីឡាករ​ន័រវេស៕

ប្រភព៖ The Athletic

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT