អាវ Maradona ​ពាក់​វ៉ៃ​បាល់​ចូល​ទី ៣៦ ឆ្នាំ​មុន អាច​ឲ្យ​បុរស​ម្នាក់​ក្លាយ​ជា​សេដ្ឋី​ត្រឹម​មួយ​ពព្រិច​ភ្នែក

ក្រោយ​ការ​ទទួល​មរណភាព​កាល​ពី​ចុង​ឆ្នាំ ២០២០ វីរបុរស​លោក Diego Maradona បាន​បន្សល់​ទុក​នូវ​ភាព​អាឡោះអាល័យ កេរ្តិ៍ឈ្មោះ និង​កំណត់ត្រា ក៏​ដូច​ជា​របស់របរ​ដ៏​មាន​តម្លៃ​ជា​ច្រើន ហើយ​ថ្មីៗ​នេះ បាន​ផ្តល់​ឲ្យ​អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ជំនាន់​មុន​ឆ្នាំ ៩០ ម្នាក់ អាច​ក្លាយ​ជា​សេដ្ឋី​ប្រាក់​លាន ត្រឹម​តែ​មួយ​ពព្រិច​ភ្នែក។

នោះ​ក៏​ដោយសារ​តែ​អតីត​កីឡាករ​ជើង​ចាស់​របស់​តោ​កំណាច គឺ​លោក Steve Hodge បាន​សម្រេច​ចិត្ត លក់​អាវ​របស់ Diego Maradona នៅ​តម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក កាល​ពី​ពេល​ថ្មីៗ​នេះ។ និយាយ​អំពី​ដើមទង​នៃ​ការ​ទទួល​បាន​អាវ​របស់ Maradona គឺ​កើត​ឡើង​នៅ​កំឡុង​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ១៩៨៦ នា​វគ្គ​ ១/៤ ផ្ដាច់ព្រ័ត្រ ដែល​អាហ្សង់ទីន កំណត់​លេង​ទល់​អង់គ្លេស នៅ​ទឹកដី​ប្រទេស​ម៊ិកស៊ីកូ។

ក្រោយ​រំលង​ចូល​តង់​ទី ២ បាន ៦ នាទី Diego Maradona បាន​រត់​ទៅ​ក្នុង​ប្រអប់​ទី ​នៅ​ពេល​បាល់​ហោះ​ចេញ​ពី​ជើង​ខ្សែ​ការពារ​អង់គ្លេស ហើយ​លោក​បាន​ប្រើ​ដៃ​វ៉ៃ​បាល់​បញ្ចូល​ទី។ ពេល​នោះ​បើ​ទោះ​បី​មាន​ការ​ព្យាយាម​តវ៉ា​ពី​កីឡាករ​ក្រុម​តោ​កំណាច ក៏​អាជ្ញាកណ្តាល​នៅ​តែ​ផ្តល់​ឲ្យ​ជា​គ្រាប់​បាល់​ចូល​ទី ណា​មួយ​ដោយសារ​ស្ថិត​ក្នុង​សម័យកាល​មិន​ទំនើប គ្មាន VAR ចាំ​ត្រួតពិនិត្យ​ផង។ គ្រាប់​បាល់​នោះ​ហើយ គេ​ឲ្យ​ឈ្មោះ​ថា “Hand Of God”។

រំលង​តែ ៤ នាទី​បន្ទាប់ ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​អាហ្សង់ទីន​ដដែល ក៏​បាន​អូស​បាល់​ញាក់​ផុត​ខ្សែ​ការពារ​ជា​ច្រើន តាំង​ពី​ពាក់​កណ្តាល​តារាង មក​ចូល​ក្នុង​ប្រអប់​ហើយ​បញ្ចប់​ទី​មិន​គួរ​ឲ្យ​ជឿ។ នេះ​គ្រាប់​បាល់​ដ៏​អស្ចារ្យ ២ កើត​ឡើង​ដោយ​មនុស្ស​តែ​មួយ​នៅ​ថ្ងៃ​តែ​មួយ ដល់​ថ្នាក់​ខ្សែ​បម្រើ Steve Hodge មាន​ការ​កោត​សរសើរ​ជា​ខ្លាំង ហើយ​ក៏​ដើរ​ទៅ​សុំ​អាវ​របស់ Maradona ក្រោយ​ចប់​ការ​ប្រកួត។

បន្ទាប់​មក លោក Hodge បាន​យក​វា​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​បាល់ទាត់​ជាតិ ក្នុង​ចក្រភព​អង់គ្លេស តែ​ស្ថិត​នៅ​ក្រោម​ឈ្មោះ​ជា​កម្មសិទ្ធិ​របស់​លោក​ដដែល។ ទើប​តែ​មក​ដល់​ខែ​មេសា ឆ្នាំ ២០២២ កន្លង​ទៅ បុរស​វ័យ ៥៩ ឆ្នាំ​ក៏​សម្រេច​ប្រកាស​បើក​ឲ្យ​មាន​ការ​ដេញ​ថ្លៃ សម្រាប់​អាវ​ដ៏​មាន​តម្លៃ​មួយ​នោះ រួច​រំលង​តែ​មួយ​ខែ ក៏​រក​ឃើញ​ម្ចាស់ ដេញ​ថ្លៃ​នៅ​តម្លៃ​ចុង​ក្រោយ​បង្អស់។

ពុំ​មាន​ការ​បញ្ជាក់​ច្បាស់​ពី​អត្តសញ្ញាណ​អ្នក​ដាក់​ដេញ​ថ្លៃ​ចុង​ក្រោយ តែ​និយាយ​អំពី​តម្លៃ គឺ​ទទួល​បាន​ដល់​ទៅ ៧,១៤ លាន​ផោន ឬ​ប្រហែល​ ៨,៩៥ លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ទិន្នន័យ​ពី Guiness World Records បាន​ចុះ​ផ្សាយ។ ហ្នឹង​ហើយ​អត់​ស្តាប់​ច្រឡំ​ទេ អាវ​របស់ Maradona កាល​ពី​ឆ្នាំ ១៩៨៦ មួយ​នោះ គឺ​កំពុង​រុញ​ឲ្យ​លោក Hodge អាច​សោយសុខ​នឹង​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ នៅ​ក្រោយ​ការ​ចូល​និវត្ត។

គួរ​បញ្ជាក់​ថា ទំហំ​ដេញ​ថ្លៃ​នេះ បាន​បំបែក​កំណត់ត្រា​ចាស់​របស់​អនុស្សាវរីយ​ក្នុង​វិស័យ​កីឡា​លក់​បាន​ថ្លៃ​បំផុត កន្លង​មក​ធ្លាប់​មាន​ស្លឹករឹត​ដែល​បាន​ចារ​ដោយ​ដៃ​ផ្ទាល់​កាល​ពី​ព្រឹត្តិការណ៍​អូឡាំពិក ឆ្នាំ ១៨៩២ មាន​តម្លៃ ៨,៨ លាន​ដុល្លារ លក់​ចេញ​កាល​ពី​ឆ្នាំ ២០១៩៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT