ម្ចាស់​ពាន Ballon d’Or ៤ រូប ឆ្លើយ​ចំៗ ថា​ជ្រើស​យក Ronaldo ជា​ជាង Messi

Cristiano Ronaldo និង Lionel Messi បាន​ក្លាយ​ជា​ប្រធានបទ​ដែល​គេ​លើក​មក​វែកញែក​ឥត​ឈប់ ហើយ​បើ​ទោះ​ពី​ពេល​នេះ អ្នក​ទាំង​ពីរ​ឈាន​ចូល​អាយុ​ល្បាក់​ ៣០ ឆ្នាំ​ក្រាស់​ក៏​ដោយ ក៏​នៅ​តែ​មាន​ការ​ជជែក​ជា​បន្តបន្ទាប់ ពោល​ដរាប​ណា​មិន​ទាន់​ព្យួរ​ស្បែកជើង​ពី​បាល់ទាត់។

មតិ​របស់​អ្នក​គាំទ្រ ក៏​ដូច​ជា​កីឡាករ​ជើង​ចាស់​ថ្មី រមែង​មាន​ការ​យល់​ឃើញ​ខុសៗ​ពី​គ្នា ដោយឡែក​ងាក​មក​ក្នុង​អត្ថបទ​នេះ CTS Sports សូម​ធ្វើ​ការ​បង្ហាញ​អំពី​ការ​លើក​ឡើង របស់​ម្ចាស់​ពាន Ballon d’Or ៤ រូប ដែល​និយាយ​ច្បាស់ៗ​ថា Ronaldo ល្អ​ជាង Messi។

៤) Ruud Gullit

អតីត​កីឡាករ​ជម្រើស​ជាតិ​ហូឡង់ បាន​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង នៅ​កំឡុង​ទសវត្ស​ឆ្នាំ ៨០ និង ៩០ ហើយ​ក៏​ក្លាយ​ជា​ម្ចាស់​ពាន​ឯកត្តជន Ballon d’Or នៅ​ឆ្នាំ ១៩៨៨ គ្រា​ក្រុម​ហូឡង់ ក្លាយ​ជា​ម្ចាស់​ពាន Euro។

Gullit ធ្លាប់​បាន​និយាយ៖ “ខ្ញុំ​គិត​ថា Ronaldo ជា​កីឡាករ​ល្អ​បំផុត​គ្រប់​ពេលវេលា គេ​អាច​សម្រេច​គ្រប់​យ៉ាង​បាន​នៅ​តាម​បណ្តា​ក្លឹប​នានា​ទាំង​អស់ ហើយ​ជាមួយ​ជម្រើស​ជាតិ ក៏​បាន​លើក​ពាន​រង្វាន់ European Championship ផង​ដែរ ដោយ​សម្រាប់ Messi គេ​អាច​ឈាន​ដល់​កម្រិត Ronaldo ប្រសិន​ណា ជា​អាច​ជោគជ័យ​នៅ​ក្លឹប​ក្នុង​ប្រទេស​បី​ផ្សេង​គ្នា ដូច​កីឡាករ​ព័រទុយហ្គាល់​បាន”។

៣) Michael Owen

ជា​អតីត​កីឡាករ​នៃ​ក្លឹប Liverpool និង Man Utd ហើយ​បាន​ក្លាយ​ជា​ម្ចាស់​ពាន Ballon d’Or កាល​ពី​ឆ្នាំ ២០០១។ Owen ធ្លាប់​និយាយ​ប្រាប់ BT Sport គ្រា Real Madrid លើក​ពាន UCL ឆ្នាំ ២០១៧៖ “ការ​រក​គ្រាប់​បាល់​មិន​ជា​រឿង​ងាយ​ទេ​ក្នុង​វិស័យ​បាល់ទាត់ តែ​សម្រាប់ Ronaldo បង្ហាញ​វា​មក​ហាក់​ដូច​ស្រួល​ណាស់ ទាំង​ក្បាល ទាំង​ជើង​ឆ្វេង ស្តាំ នេះ​សម្រាប់​ Messi ពិបាក​រឿង​ការ​ប្រើប្រាស់​ក្បាល​តែត​បញ្ចូល​ទី​បន្តិច”។

លោក​បន្ត៖ “ដូច្នេះ​បើ​យើង​និយាយ​អំពី​ភាព​ពេញ​លក្ខណៈ​គឺ Ronaldo គេ​មាន​ប្រៀប​ជាង​ហើយ ទាំង​លឿន​ជាង ទាំង​មាន​កាយសម្បទា​ល្អ​ជាង គឺ​ល្អ​ជាង​មួយ​សព្វ”។

២) Kaka

ដោយឡែក​ងាក​មក​ម្ចាស់​ពាន Ballon d’Or ឆ្នាំ ២០០៧ Kaka ក៏​បាន​និយាយ៖ “រវាង Ronaldo និង Messi គឺ​ម្យ៉ាង​ម្នាក់ តែ​បើ​ឲ្យ​ខ្ញុំ​រើស គឺ​ជ្រើស​យក Ronaldo ព្រោះ​ឱកាស​នៃ​ការ​បរាជ័យ​ក្នុង​ក្រុម​មួយ​ដែល​មាន​គាត់ គឺ​ទាប​បំផុត គាត់​លះបង់​ខ្ពស់​ណាស់ គាត់​ផ្តោត​ខ្លាំង​ណាស់ សម្រាប់​ការ​ប្រកួត​នីមួយៗ”។

១) Zinedine Zidane

ដោយឡែក​ងាក​មក​អតីត​កីឡាករ​ជម្រើស​ជាតិ​បារាំង ក៏​ដូច​ជា​ម្ចាស់​ពាន Ballon d’Or ឆ្នាំ ១៩៩៨ បាន​បង្ហាញ​ការ​យល់​ឃើញ​បែប​នេះ៖ “Cristiano គឺ​ជា​កីឡាករ​ល្អ​បំផុត ដោយ​យើង​មើល​ឃើញ Messi ជា​គូ​ប្រជែង​ដ៏​តានតឹង​មួយ តែ​សម្រាប់​ខ្ញុំ Ronaldo គឺ​ល្អ​ប្រសើរ​ជាង រួច​គ្មាន​ពាក្យ​អ្វី​រៀបរាប់​ពី​គេ​បាន​ឡើយ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT