Spurs លួច​ឃ្លាំ​មើល​កីឡាករ Villarreal ២ រូប​មិន​ដាក់​ភ្នែក នៅ​ប្រកួត​ចាញ់ Liverpool ​ថ្ងៃ​មុន

ក្លឹប​អង់គ្លេស Tottenham Hotspur បាន​បញ្ជូន​ក្រុម​ឃ្លាំ​មើល​កីឡាករ ទៅ​ទស្សនា​និង​វាយ​តម្លៃ​ការ​លេង​របស់​កីឡាករ​នៃ​ក្លឹប Villarreal ២ រូប សម្រាប់​ការ​ប្រកួត​ជើង​ទី ១ នៅ​ឯ​កីឡដ្ឋាន Anfield ​ថ្ងៃ​មុន ហើយ​ឥឡូវ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិចារណា មុន​សម្រេច​ការ​ដាក់​សំណើ​ចរចា​ចុង​ក្រោយ។

អ្នក​ទាំង​ពីរ​នោះ គឺ​ស្ថិត​នៅ​ជម្រើស ១១ នាក់​ដំបូង​របស់​ក្រុម​ដឹកនាំ​ដោយ​លោក Unai Emery ផ្ទាល់​តែ​ម្តង ដោយ​រួម​មាន Pau Torres និង Arnaut Danjuma។ ក្លឹប Spurs មាន​ការ​ជឿជាក់​ខ្លាំង ថា​ប្រសិន​ពួក​គេ​អាច​ប្រជែង​យក​បាន​កៅអី Top 4 នៅ PL នោះ​ប្រាកដ​ជា​សង្ឃឹម​ខ្ពស់​ក្នុង​ការ​នាំ​យក​អ្នក​ទាំង​ពីរ​បាន​ជាក់​ជា​មិន​ខាន ព្រោះ​កីឡាករ​ឈរ​លើ​គោលដៅ​ធំ ចង់​ទទួល​បាន​ឱកាស​ប្រកួតប្រជែង​បន្ត​ទៀត​នៅ UCL។ នេះ​បើ​តាម​សារព័ត៌មាន 90Min បាន​ចុះ​ផ្សាយ។

ងាក​ទៅ​ចំណាត់ថ្នាក់​របស់ Villarreal រាង​ពិបាក​បន្តិច ព្រោះ​ឈរ​លេខ ៧ ចាញ់​គម្លាត ៩ ពិន្ទុ​ធៀប​នឹង Atletico Madrid នៅ​ចំណាត់ថ្នាក់ Top 4 ហើយ​សង្ឃឹម​ទាប​ណាស់ នឹង​បាន​លេង UCL ជា​ថ្មី​នៅ​រដូវ​កាល​ក្រោយ។ គួរ​ឲ្យ​ដឹង​ថា តាម​ហាងឆេង​តម្លៃ​ខ្លួន​អ្នក​ទាំង​ពីរ គឺ​ខ្សែ​ការពារ Torres និង​ខ្សែ​ប្រយុទ្ធ Danjuma បូក​បញ្ចូល​គ្នា អាច​ថ្លៃ​ល្បាក់ ១០០ លាន​អឺរ៉ូ។ តែ​យ៉ាង​ណា​ត្រូវ​ដឹង​ក៏​មាន​ក្លឹប​ធំៗ​ឯ​ទៀត​ដូច​ជា Man Utd និង Chelsea បាន​ចាប់​អារម្មណ៍​ទៅ​លើ​ពួក​គេ​ផង​ដែរ៕

ប្រភព៖ 90min

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT