សត្រូវ​ចាស់​ប៉ះ​គ្នា​ជា​ថ្មី នេះ​រំឭក​ប្រវត្តិ​ធ្លាប់​ជួប​គ្នា​រវាង Liverpool-Real Madrid

បន្ទាប់​ពី​យក​ឈ្នះ​ទៅ​លើ Manchester City ទាំង​ត្រដាបត្រដួស​កាល​ពី​យប់​មិញ ទី​បំផុត​ក៏​កំណត់​ឲ្យ​ក្លឹប Real Madrid អាច​ទទួល​បាន​ឱកាស ឆ្ពោះ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ត្រូវ​មក​ជួប​សត្រូវ​ចាស់ Liverpool នា​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​អាទិត្យ ទី ២៩ ​ឧសភា នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

នេះ​ជា​ការ​ប៉ះ​គ្នា​ជា​ថ្មី បន្ទាប់​ពី​ធ្លាប់​ជួប​គ្នា​ម្តង​ដែរ កាល​វគ្គ​ផ្តាច់ព្រ័ត្រ រដូវ​កាល ២០១៧/១៨ គ្រា​នោះ Mohamed Salah រង​ការ​ឈឺចាប់​ជា​ពិសេស ហើយ​ក្រុម​ក៏​ចាញ់ ក្រោម​លទ្ធផល ៣-១។ យ៉ាង​ណា​មក​ដល់​ឆ្នាំ ២០២២ បំណង​ប្រាថ្នា​របស់​ខ្សែ​ប្រយុទ្ធ​អេហ្សីប ដែល​ចង់​ជួប Real Madrid ជា​ជាង Man City នៅ​វគ្គ​ចុង​ក្រោយ ពាន​អឺរ៉ុប ក៏​បាន​ក្លាយ​ជា​ការ​ពិត។ ងាក​មក​ក្នុង​អត្ថបទ​នេះ យើង​ធ្វើ​ការ​បង្ហាញ​ពី​ប្រវត្តិ​ធ្លាប់​ប៉ះ​គ្នា រវាង​ក្រុម​ទាំង​ពីរ ក៏​ដូច​ជា​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន ដែល​បាន​កើត​ឡើង​កាល​ពី​យប់​មិញ៖

Real Madrid ធ្លាប់​ប៉ះ Liverpool សរុប ៨ លើក ដោយ​ជួប​តែ​នៅ​ពាន​អឺរ៉ុប មិន​ធ្លាប់​លេង​តេស្ត​គីឡូ​បែប​មិត្តភាព​អី​នោះ​ឡើយ។ លើក​ដំបូង​កើត​ឡើង​នៅ​ឆ្នាំ ១៩៨១ តាំង​ពី​ជំនាន់ European Cup ដែល Real Madrid ចាញ់ ០-១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ជា​សម័យ​កាល​ពាន​អឺរ៉ុប​លើក​ទី ៣ របស់​ហង្ស។ ក្រោយៗ​មក​ប៉ះ​គ្នា​ជា​បន្តបន្ទាប់ ទាំង​នៅ​វគ្គ​ចែក​ពូល វគ្គ​ចាញ់​ធ្លាក់ ហើយ​លើក​ចុង​ក្រោយ​បង្អស់ កាល​ពី​រដូវ​កាល ២០២០/២១ នា​វគ្គ ៨ ក្រុម ដោយ​សរុប​ទាំង​ពីរ​ជើង Real យក​ឈ្នះ ៣-១។

សរុប​លទ្ធផល​ប៉ះ​គ្នា​ទាំង ៨ លើក គឺ Real Madrid មាន​ប្រៀប​ជាង​បន្តិច ដោយ​ឈ្នះ ៤ ស្មើ ១ និង​ចាញ់ ៣ ហើយ​គ្រាប់​បាល់​រក​បាន ខាង​ក្លឹប​អេស្ប៉ាញ ធ្វើ​បាន ១០ គ្រាប់ ខណៈ​ក្លឹប​អង់គ្លេស ធ្វើ​បាន ៨ គ្រាប់។ ដោយឡែក​បើ​និយាយ​ពី​ស្ថិតិ រវាង​អ្នកចាត់ការ ទល់​អ្នកចាត់ការ គឺ Carlo Ancelotti ប៉ះ Jurgen Klopp សរុប ១០ លើក ហើយ​ខាង​គ្រូ​សញ្ជាតិ​អ៊ីតាលី ឈ្នះ ៤ ស្មើ ៣ និង​ចាញ់​គ្រូ​អាល្លឺម៉ង់​ ៣។ ដូច្នេះ​បើ​យើង​និយាយ​ទាំង​ស្ថិតិ​រវាង​ក្លឹប ទល់​ក្លឹប គ្រូ​ទល់​គ្រូ គឺ Real Madrid មាន​ប្រៀប​ជាង។

រំឭក​ទៅ​ស្ថិតិ​កាល​ពី​យប់​មិញ​បន្តិច យើង​ចាប់​អារម្មណ៍ លោក Ancelotti ក៏​ឈោង​បាន​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​បំបែក​កំណត់ត្រា​ចាស់​របស់​លោក Sir Alex Ferguson នោះ​គឺ​ការ​អាច​ដឹកនាំ​ក្រុម​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ច្រើន​ជាង​នរណា​ទាំង​អស់ ពោល​គឺ ៥ លើក។ នេះ​យក​ឈ្នះ លើ Marcelo Lippi, Jurgen Klopp ក៏​ដូច​ជា Sir Alex ដែល​ធ្លាប់​ឡើង​បាន ៤ លើក​ប៉ុណ្ណោះ។

ងាក​ទៅ​កំណត់ត្រា​របស់​កីឡាករ​ឯ​ណោះ​វិញ សម្រាប់ Karim Benzema គេ​បាន​តាម​ស្មើ​កំណត់ត្រា​របស់ Cristiano Ronaldo ដោយ​ឈាន​ដល់​តួ​លេខ​គ្រាប់​បាល់​ទី ១០ នៅ​វគ្គ​ចាញ់​ធ្លាក់ ឬ Knockout Stage។ នេះ​បើ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ទល់ Liverpool កីឡាករ​បារាំង អាច​បន្ថែម​ត្រឹម​តែ​មួយ​គ្រាប់ ក៏​ប្រាកដ​ជា​នឹង​សាង​ឈ្មោះ​នៅ​កំណត់ត្រា​ថ្មី នាំ​មុខ​ទៅ​លើ​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​ជាក់​ជា​មិន​ខាន។

រី​ឯ ​ខ្សែ​បម្រើ Thiago Alcantara នៃ​ក្លឹប Liverpool គេ​អាច​មាន​ឱកាស​ក្លាយ​ជា​កីឡាករ​ទី ២ ក្នុង​ប្រវត្តិសាស្រ្ត ដែល​អាច​លើក​ពាន​រង្វាន់ Champions League ជាមួយ​ក្លឹប ៣ ផ្សេង​ពី​គ្នា។ កន្លង​មក ​បុរស​សញ្ជាតិ​អេស្ប៉ាញ ស្គាល់​រួច​មក​ហើយ​នៅ​ការ​លើក​ពាន​អឺរ៉ុប ជាមួយ Barcelona នៅ​រដូវ​កាល ២០១០/១១ និង​ជាមួយ Bayern Munich នៅ​រដូវ​កាល ២០១៩/២០ ហើយ​បើ​សម្រេច​បាន​នៅ​រដូវ​កាល ២០២១/២២ នេះ​ទៀត នោះ​នឹង​តាម​ទាន់​កំណត់ត្រា​ជើង​ចាស់ Clarence Seedorf បាន​ហើយ។ បញ្ជាក់​អតីត​ជើង​ចាស់​ហូឡង់ ធ្វើ​បាន​កាល​នៅ Ajax រដូវ​កាល ១៩៩៤/៩៥, Real Madrid រដូវ​កាល ១៩៩៧/៩៨ និង​ជាមួយ AC Milan ជា​ក្លឹប​ទី ៣ នៅ​រដូវ​កាល ២០០២/០៣ និង ២០០៦/០៧៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT