Ferdinand ថា​កីឡាករ​រូប​នេះ ជា​ការ​ចុះ​ហត្ថលេខា​ដ៏​ល្អ​ដាច់​គេ​ប្រចាំ​រដូវ​កាល ២០២១/២២

លោក Rio Ferdinand បាន​ចង្អុល​ដល់​ឈ្មោះ ខ្សែ​ប្រយុទ្ធ Luis Diaz ថា​ជា​ការ​ចុះ​ហត្ថលេខា​ដ៏​ល្អ​ដាច់​គេ​ប្រចាំ​រដូវ​កាល ២០២១/២២ បន្ទាប់​ក្លាយ​ជា​ចំណែក​ជួយ​ក្លឹប Liverpool យក​ឈ្នះ Villarreal ហើយ​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ UCL កំណត់​ត្រូវ​ជួប​សត្រូវ​ចាស់ Real Madrid។

អតីត​កូន​បិសាច​ខាង​លើ និយាយ៖ “ស្តាប់​ណា Luis Diaz គេ​ពិត​ជា​បាន​ជះ​ឥទ្ធិពល​ដ៏​ធំធេង​ដល់ Liverpool ជា​ពិសេស​នៅ​តំបន់​ប្រយុទ្ធ មុន​គេ​មក​ដល់ យើង​និយាយ​ដែរ​ថា បញ្ហា​របួស​អាច​ឲ្យ​ក្រុម​ទាំង​មូល​ធ្លាក់​ចុះ ឥឡូវ​គេ​បាន​មក​កែ​ប្រែ​ស្ថានការណ៍​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង អ្នក​អាច​មើល​បាន របៀប​ដែល​គេ​បណ្តើរ​បាល់ បម្លាស់​ទី​របស់​គេ នេះ​រាប់​បាន​ជា​ការ​ចុះ​ហត្ថលេខា​ដ៏​លេចធ្លោ​បំផុត​ហើយ”។

គួរ​រំឭក​ដែរ​ថា កីឡាករ​កូឡុំប៊ី នៅ​រដូវ​កាល​នេះ បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ​ហង្ស នា​ចុង​ខែ​មករា​ទៅ​ហើយ តែ​ទៅ​មើល​ស្ថិតិ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​បង្ហាញ​ខ្លួន ២០ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ៣ លើក។ សមិទ្ធផល​ធំៗ​របស់​គេ រមែង​កើត​ឡើង​នៅ UCL ទើប​ជា​ចំណែក​ជួយ​ចូក​ជួយ​ចែវ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp អាច​ឡើង​មក​ដល់​វគ្គ​ចុង​ក្រោយ​នេះ។ សុពលភាព​កុងត្រា​កីឡាករ​វ័យ ២៥ ឆ្នាំ សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧ ខណៈ​ហាងឆេង​តម្លៃ​ខ្លួន ត្រូវ​បាន​គេ​ប្រមើល​មើល ថា​នឹង​ឡើង​គុណ​ទ្វេ​ជា ២ ប្រសិន​បញ្ចប់​រដូវ​កាល កីឡាករ​អាច​លើក​ពាន UCL ឬ​សូម្បី​តែ​ PL៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT