អាវ Maradona ពាក់​នៅ​ប្រកួត​វ៉ៃ​បាល់​បញ្ចូល​ទី លក់​បាន​ថ្លៃ​ល្មម​អាច​ឲ្យ​បុរស​ម្នាក់​រស់​ស្រួល

Diego Maradona ដ្បិត​បើ​លោក​បាន​ទទួល​មរណភាព​ទៅ​ហើយ​ក្តី ប៉ុន្តែ​របស់របរ​សេសសល់​មួយ​ចំនួន បាន​នឹង​កំពុង​ជួយ​កើប​ចំណូល​រាប់​លាន​ដុល្លារ​ដល់​អ្នក​ជំនាន់​ក្រោយ ដែល​នៅ​សេសសល់។ ជាក់ស្តែង​ដូច​អតីត​ជើង​ចាស់​នៅ​ជម្រើស​ជាតិ​អង់គ្លេស លោក Steve Hodge បាន​ទទួល​ប្រាក់​ពី​ការ​ដេញ​ថ្លៃ ដល់​ទៅ​ជិត ៩ លាន​ដុល្លារ​ពី​ការ​លក់​អាវ​ “Hand of God”។

អតីត​ខ្សែ​បម្រើ​ខាង​លើ គឺ​ជា​ចំណែក​នៅ​ការ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ ពាន FIFA World Cup កាល​ពី​ឆ្នាំ ១៩៨៦ ដែល​សារ​នោះ អាហ្សង់ទីន​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​អង់គ្លេស។ មាន​គ្រាប់​បាល់​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ Maradona ដែល​បាន​ប្រជែង​ជាមួយ​អ្នកចាំទី តាម​រយៈ​ការ​វ៉ៃ​បាល់​បញ្ចូល​ទី ដូច​ជា​កីឡាករ​បាល់ទះ​ទៅ​ហើយ។ គ្រាប់​បាល់​នោះ អាជ្ញាកណ្តាល​ក៏​ផ្តល់​ឲ្យ ក្រោយ​ពិនិត្យ​មិន​បាន​ដិតដល់ ហើយ​ជំនាន់​នោះ​មិន​ទាន់​មាន VAR។

ពេល​ចប់​ការ​ប្រកួត Hodge បាន​ដើរ​ទៅ​សុំ​ដោះដូរ​អាវ​ជាមួយ Maradona រួច​យក​មក​ផ្ញើ​ឲ្យ សារមន្ទីរ​បាល់ទាត់​ជាតិ​នៅ​ឯ​អង់គ្លេស​រក្សា​ទុក។ រហូត​មក​ដល់​ខែ​មេសា បុរស​វ័យ ៥៩ ឆ្នាំ ក៏​សម្រេច​ប្រកាស​បើក​ឲ្យ​មាន​ការ​ដេញ​ថ្លៃ ហើយ​នៅ​ថ្ងៃ​ពុធ​កន្លង​ទៅ អាវ​នោះ​ក៏​រក​ឃើញ​ម្ចាស់​ថ្មី តាម​រយៈ​តម្លៃ​បំបែក​កំណត់ត្រា​អាវ​អត្តពលិក​ថ្លៃ​បំផុត ៧ ១៤២ ៥០០ ផោន ឬ​ប្រហែល​ជិត ៩ លាន​ដុល្លារ​អាមេរិក។ ប្រាក់​ទាំង​អស់​នេះ ល្មម​អាច​រុញ​ឲ្យ​បុរស​ខាង​លើ ក្លាយ​ជា​សេដ្ឋី​ប្រាក់​លាន ហើយ​អាច​ចូល​និវត្ត​ដោយ​សោយសុខ​ផង​ដែរ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT