Thiago អាច​តាម​ស្មើ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់ Seedorf បើ​បាន​លើក​ពាន UCL

Liverpool បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ជា​លើក​ទី ៣ នៅ​រយៈ​ពេល ៥ ឆ្នាំ​ចុង​ក្រោយ បន្ទាប់​យក​ឈ្នះ Villarreal ក្រោម​លទ្ធផល​សរុប ៥-២។ ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp កំណត់​ត្រូវ​ប៉ះ​សត្រូវ​ចាស់​ជា​ថ្មី គឺ Real Madrid នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ២៩ ​ឧសភា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

ងាក​ទៅ​ខ្សែ​បម្រើ Thiago Alcantara គេ​ជា​កីឡាករ​តែ​មួយ​រូប​គត់ ដែល​អាច​មាន​ឱកាស​តាម​ស្មើ​កំណត់ត្រា​ប្រវត្តិសាស្រ្ត​របស់​ជើង​ចាស់​លោក Clarence Seedorf នោះ​គឺ​ការ​លើក​ពាន​រង្វាន់ Champions League នៅ​ក្លឹប ៣ ផ្សេង​ពី​គ្នា ក្នុង​អាជីព​ជា​កីឡាករ។ កន្លង​មក បុរស​សញ្ជាតិ​អេស្ប៉ាញ ធ្លាប់​បាន​ឈ្នះ​ជាមួយ​ក្លឹប Barcelona នៅ​រដូវ​កាល ២០១០/១១ និង​ជាមួយ Bayern Munich នៅ​រដូវ​កាល ២០១៩/២០។

បញ្ជាក់​ថា Seedorf គេ​ធ្លាប់​បាន​ឈ្នះ​ពាន UCL កាល​នៅ Ajax នា​រដូវ​កាល ១៩៩៤/៩៥ ជាមួយ Real Madrid នៅ​រដូវ​កាល ១៩៩៧/៩៨ និង​ជាមួយ AC Milan នៅ​រដូវ​កាល ២០០២/០៣ ក៏​ដូច​ជា ២០០៦/០៧។ តែ​យ៉ាង​ណា​ក៏​មាន Samuel Eto’o ស្ថិត​ក្នុង​កំណត់ត្រា​ស្រដៀង​គ្នា​នេះ​ដែរ ពោល​ជាមួយ​ក្លឹប Real Madrid, Barcelona និង Inter Milan គ្រាន់​ថា​នៅ​ពេលវេលា​ជាមួយ​អធិរាជ​ស កីឡាករ​កាមេរ៉ូន មិន​បាន​ឈរ​ជើង​លើ​ទីលាន​សូម្បី​មួយ​នាទី​ឲ្យ​ក្លឹប នៅ​ការ​ប្រកួត​ពាន​ខាង​លើ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT