Salah ថាចង់ជួប Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រម្ដងទៀត

ខ្សែប្រយុទ្ធ Mohamed Salah ចង់ជួបក្រុម Real Madrid ម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ក្រោយពីធ្លាប់បរាជ័យម្ដងមកហើយកាលពីពេលកន្លងទៅ។

ក្រុម Liverpool បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UCL ខាងលើហើយ ក្រោយពីពួកគេបន្ដយកឈ្នះលើក្រុម Villarreal បានទៀតនៅជើងទី២ក្នុងលទ្ធផល ៣-២ សរុបទាំងពីរជើង ៥-២។ ក្រោយពីទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រនេះទៀតមក កីឡាករ Salah បានចេញមកបញ្ជាក់ថារូបគេចង់តតាំងជាមួយក្រុម Real Madrid ម្ដងទៀត ដើម្បីសងសឹកកាលផ្ដាច់ព្រ័ត្រលើកមុនវិញដែលក្រុម Liverpool ចាញ់ក្នុងលទ្ធផល ៣-១ នៅឆ្នាំ២០១៨។

ខ្សែប្រយុទ្ធដែលរកបាន៣០គ្រាប់នារដូវកាលនេះគិតគ្រប់កម្មវិធីប្រកួតទាំងអស់បាននិយាយថា៖ “ខ្ញុំចង់លេងទល់ Real Madrid នេះបើនិយាយដោយស្មោះត្រង់ទៅ។ ពួកគេបានយកឈ្នះយើងម្ដងមកហើយ ដូច្នេះសុំលេងនៅវគ្គផ្ដាច់ព្រ័ត្រនេះម្ដងទៀត ហើយសង្ឃឹមថាយើងនឹងឈ្នះពួកគេវិញ”៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT