កំពូលភ្នាក់ងារ Mino Raiola ជា​ចំណែក​ជោគជ័យ​របស់​តារា​ឆ្នើម​ទាំង ៥ មុន​ផុត​ដង្ហើម​ចុង​ក្រោយ​

លោក Mino Raiola បាន​កើត​ក្នុង​ប្រទេស​អ៊ីតាលី នៅ​ថ្ងៃ​ទី ៤ ​វិច្ឆិកា ឆ្នាំ ១៩៦៧ ហើយ​មក​ទល់​ថ្ងៃ​ទី​ ៣០ មេសា ២០២២ គឺ​ជា​ពេលវេលា​ចុង​ក្រោយ នៃ​ដង្ហើម​របស់​លោក​លើ​ភព​ផែនដី។ បុរស​វ័យ ៥៤ ឆ្នាំ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ភ្នាក់ងារ​រត់ការ​កីឡាករ មាន​ឈ្មោះ​បោះ​សំឡេង ហើយ​ក៏​ធ្លាប់​ឈ្នះ​ពាន នាម​ភ្នាក់ងារ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ កាល​ពី​ឆ្នាំ ២០១៦ និង ២០២០។

កីឡាករ​ដំបូង​បង្អស់ ដែល​លោក​ឈរ​ឈ្មោះ​តំណាង​ជា​អ្នក​រត់ការ គឺ​អតីត​វីរបុរស​ហូឡង់ Dennis Bergkamp គ្រា​ផ្ទេរ​ចូល​ក្លឹប Inter Milan។ ក្រោយៗ​មក លោក​បាន​ហែលកាត់​ការ​ផ្តល់​សេវាកម្ម​ជូន​កំពូល​កីឡាករ​ជា​ច្រើន ហើយ​ឥឡូវ​ក្រោយ​ការ​ទទួល​មរណៈ​ភាព ក៏​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​អនាគត​តារា​ឆ្នើម​ទាំង​នោះ មាន​ភាព​ស្មុគស្មាញ​ជាក់​ជា​មិន​ខាន។

ត​ទៅ​នេះ CTS Sports ធ្វើ​ការ​បង្ហាញ​ឲ្យ​ស្គាល់ នៅ​កីឡាករ​ល្បី​ឈ្មោះ ៥ រូប ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ភ្នាក់ងារ​លោក Mino Raiola៖

៥) Zlatan Ibrahimovic

Raiola គឺ​ជា​អ្នក​រត់ការ បើក​ផ្លូវ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​ផ្ទេរ​ចេញ​ពី Juventus ទៅ​ក្លឹប Inter Milan ​មុន​បោះ​ជំហាន​ទៅ​ក្លឹប Barcelona។ ក្រោយៗ​មក Zlatan ក៏​បាន​ផ្តល់​ប្រាក់​ភាគលាភ​ជា​ច្រើន​លាន​ដុល្លារ​ផង​ដែរ ទៅ​កាន់​ភ្នាក់ងារ​សញ្ជាតិ​អ៊ីតាលី បន្ទាប់​ពី​ការ​ផ្ទេរ​ទៅ AC Milan, PSG, Man Utd និង LA Galaxy ជា​ដើម។

៤) Gianluigi Donnarumma

ជា​អ្នកចាំទី​សញ្ជាតិ​អ៊ីតាលី ដែល​កំពុង​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ខ្ពស់​បំផុត ពោល​ដល់​ទៅ ៦៥ លាន​អឺរ៉ូ។ Raiola ក៏​ជា​អ្នក​រត់ការ​នាំ​យក​បុរស​វ័យ ២៣ ឆ្នាំ ចេញ​ពី​ក្លឹប AC Milan ទៅ​កាន់​ក្លឹប PSG លើ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ ជាមួយ​នឹង​ប្រាក់​ពលកម្ម​ដ៏​ច្រើន​សន្ធឹក។

៣) Matthijs de Ligt

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន យុវជន​វ័យ ២២ ឆ្នាំ បាន​ប្រែ​ក្លាយ​ជា​កីឡាករ​ឆ្នើម​នៅ​ក្លឹប Ajax ហើយ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ពី​សំណាក់​ក្លឹប​យក្ស​ជា​ច្រើន​នៅ​ទូទាំង​តំបន់​អឺរ៉ុប។ តែ​យ៉ាង​ណា Raiola ​បាន​រក​ឃើញ​កន្លែង​ដ៏​សក្តិសម​មួយ សម្រាប់ De Ligt នោះ​គឺ Juventus នៅ​តម្លៃ​ផ្តេរ ៨៥,៥ លាន​អឺរ៉ូ រុញ​ឲ្យ​គេ ក្លាយ​ឈ្មោះ​ជា​ខ្សែ​ការពារ​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​លំដាប់​ទី ២ ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។

២) Paul Pogba

តាម​ពិត​ទៅ ការងារ​ចុង​ក្រោយ និង​ជា​ការងារ​ចាំ​បាច់ របស់ Raiola គឺ​ត្រូវ​នៅ​រត់ការ​រក​ក្លឹប​ថ្មី ឲ្យ​ខ្សែ​បម្រើ​បារាំង Pogba ដែល​ត្រៀម​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន នៅ​ក្រោយ​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២២។ Raiola ជា​អ្នក​នាំ​យក Pogba មក​កាន់​ក្លឹប Man Utd នៅ​តម្លៃ​កំណត់ត្រា ១២០ លាន​អឺរ៉ូ តែ​នៅ​ទី​បញ្ចប់​ពុំ​បាន​ក្លាយ​ជា​អ្នក​នាំ​គេ​ចាកចេញ​ទៅ​វិញ​ឡើយ។

១) Erling Haaland

សព្វថ្ងៃ Erling Haaland ជា​កីឡាករ​ដែល​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ខ្ពស់​បំផុត ដល់​ទៅ ១៥០ លាន​អឺរ៉ូ ហើយ​គ្រាប់​ពេជ្រ​ម្នាក់​នេះ ក៏​ជា​ចំណែក​ស្ថិត​ក្រោម​ការ​រត់ការ​របស់​លោក Mino Raiola ដូច​គ្នា។

លោក​បាន​ចរចា​សម្រេច​ការ​នាំ​យក Haaland ឲ្យ​មក​ក្លាយ​ជា​តារា​រះ នៅ​ក្លឹប Borussia Dortmund ហើយ​ពេល​ដ៏​ខ្លី​ខាង​មុខ តាម​ថា អាច​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​នៅ Premier League ជាមួយ​ប្រាក់​ពលកម្ម​ល្បាក់​កន្លះ​លាន​ផោន/សប្តាហ៍​ទៀត​ផង តែ​សោកស្តាយ​ពេល​នេះ​លែង​មាន​វត្តមាន កំពូល​ភ្នាក់ងារ​ខាង​លើ​ត​ទៅ​ទៀត ដូច្នេះ​ដំណើរការ​ចរចា​ក៏​ទំនង​ជា​ត្រូវ​ផ្អាក ឬ​ប្រហែល​ត្រូវ​រក​ភ្នាក់ងារ​ថ្មី មក​ចរចា​ជំនួស៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT