មាន​តែ​មួយ​ក្នុង​លោក! Ancelotti ឆ្លាក់​ឈ្មោះ​នៅ​កំណត់ត្រា​ខ្នាត​យក្ស ក្រោយ​លើក​ពាន​យប់មិញ

ក្លឹប Real Madrid បាន​យក​ឈ្នះ​ក្រោម​លទ្ធផល ៤-០ ទៅ​លើ Espanyol នៅ​ការ​ប្រកួត​ជុំ​ទី ៣៤ នៃ​ក្របខ័ណ្ឌ La Liga។ ការ​យក​បាន ៣ ពិន្ទុ ល្មម​អាច​កំណត់​ឲ្យ​អធិរាជ​ស ក្លាយ​ជា​ម្ចាស់​ពាន La Liga លើក​ទី ៣៥ ដ្បិត​បើ​ប្រកួត​នៅ​សេសសល់ ៤ ជុំ​ទៀត។ ពាន​រង្វាន់​សារ​នេះ វា​ក៏​ជា​ពាន​លើក​ទី ២២ ក្នុង​អាជីព​របស់​អ្នកចាត់ការ​លោក Carlo Ancelotti ផង​ដែរ។

ចុះ​អ្នក​មាន​ដឹង​ទេ​ថា ការ​លើក​ពាន​ក្នុង​ទីក្រុង Madrid យប់មិញ សម្រាប់​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី អាច​ឈោង​បាន​កំណត់ត្រា​ខ្នាត​យក្ស មិន​ធ្លាប់​កើត​មាន​ពី​មុន​មក? ជា​ការ​ពិត Ancelotti បាន​ប្រែ​ក្លាយ​ជា​អ្នកចាត់ការ​ដំបូង​ក្នុង​លោក ដែល​អាច​លើក​ពាន​រង្វាន់​នៅ​ទូទាំង​លីគ​កំពូល​ទាំង ៥ ជាមួយ​ក្លឹប​ផ្សេង​ពី​គ្នា៖

៥) លីគ​កំពូល​អេស្ប៉ាញ La Liga

អ្នកចាត់ការ​វ័យ ៦២ ឆ្នាំ បាន​ដឹកនាំ​ក្លឹប Real Madrid ២ លើក ពោល​ចន្លោះ​ឆ្នាំ ២០១៣ ដល់ ២០១៥ និង ២០២១ មក​ទល់​សព្វថ្ងៃ។ យ៉ាង​ណា​ទើប​តែ​យប់​មិញ​នេះ លោក​បាន​ស្គាល់​រសជាតិ​លើក​ពាន La Liga ជា​លើក​ដំបូង ដែល​វា​គឺ​ជា​បំណែក ក្នុង​ការ​បង្គ្រប់​កំណត់ត្រា​ខាង​លើ។

មុន​នេះ Ancelotti ក៏​បាន​ហែលកាត់​ជោគជ័យ​រាប់​ភ្លេច​ហើយ​ដែរ ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ Madrid តួ​យ៉ាង នៅការ​លើក​ពាន Copa del Rey, Supercopa de Espana, Champions League, UEFA Super Cup និង FIFA Club World Cup។

៤) លីគ​កំពូល​អ៊ីតាលី Serie A

អ្នក​គាំទ្រ​ក្លឹប AC Milan ប្រហែល​ជា​មិន​អាច​បំភ្លេច​បាន​នោះ​ទេ នូវ​យុគសម័យ​ចន្លោះ​ឆ្នាំ​ ២០០១ ដល់ ២០០៩ ដែល Ancelotti ដឹកនាំ​ក្លឹប​លើក​ពាន​រង្វាន់​ដល់​ទៅ ៨។ ក្នុង​នោះ​មាន​ដូច​ជា ពាន Serie A, Coppa Italia, Supercoppa Italiana, Champions League ២ លើក, UEFA Super Cup ២ លើក និង Club World Cup។

មុន​នោះ លោក​ក៏​ធ្លាប់​បាន​ដឹកនាំ​ក្លឹប​សេះ​បង្កង់ Juventus ផង​ដែរ ពោល​បាន​រយៈ​ពេល ២ ឆ្នាំ គ្រាន់​ថា​មិន​ទទួល​បាន​ជោគជ័យ ហើយ​បាន​លើក​តែ​ពាន​រង្វាន់ UEFA Intertoto Cup ដែល​ពាន​នេះ ត្រូវ​បាន​សមាគម​រំសាយ​ចោល​ កាល​ពី​ឆ្នាំ ២០០៨។
៣) លីគ​កំពូល​បារាំង Ligue 1
នៅ​អាជីព​ជា​អ្នកចាត់ការ​ជិត ៣០ ឆ្នាំ​មក​នេះ Ancelotti ធ្លាប់​បាន​ដឹកនាំ​ក្លឹប​នៅ​បារាំង​តែ​មួយ​គត់ គឺ Paris Saint-Germain។ លោក​ចាយ​ពេល​ត្រឹម​មួយ​ឆ្នាំ​កន្លះ តែ​ក៏​អាច​លើក​ពាន Ligue 1 នៅ​រដូវ​កាល ២០១២/១៣។

២) ​លីគ​កំពូល​អង់គ្លេស​ Premier League
នៅ​ចំណោម​ក្លឹប​អង់គ្លេស ២ ដែល Ancelotti បាន​ដឹកនាំ គឺ​មាន Chelsea ជា​ទ្រនំ​ជោគជ័យ ដោយ​ចាយ​ពេល​ជិត ២ ឆ្នាំ លើក​បាន​ពាន​រង្វាន់ ៣ មាន FA Cup, Community Shield និង Premier League។

១) លីគ​កំពូល​អាល្លឺម៉ង់ Bundesliga

ជាមួយ​ក្លឹប​នៅ​ឯ​អាល្លឺម៉ង់ Ancelotti បាន​ទៅ​ដឹកនាំ​ជាង​មួយ​ឆ្នាំ​ដែរ រួច​លើក​ពាន​ដល់​ទៅ ៣។ ក្រោយ​ការ​ចាកចេញ​របស់ Pep Guardiola គឺ​បាន​បុរស​សញ្ជាតិ​អ៊ីតាលី​នេះ​ហើយ ជា​អ្នក​ចូល​ជំនួស ដោយ​មក​ដល់​ភ្លាម លើក​ពាន DFL-Super Cup មុន​បើក​រដូវ​កាល​មួយ​ភ្លែត លុះ​ដល់​បញ្ចប់​រដូវ​កាល ក៏​លើក​បាន​ពាន​លីគ​កំពូល Bundesliga ថែម​ទៀត។ មុន​ការ​ចាកចេញ Ancelotti បាន​លើក​ពាន DFL សារ​ជា​ថ្មី​មួយ​គ្រឿង​បន្ថែម៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT