Barcelona ផ្ញើ​សារ​អបអរ​ការ​លើក​ពាន La Liga របស់​ក្លឹប Real Madrid

ក្លឹប Real Madrid បាន​យក​ឈ្នះ ៤-០ ទៅ​លើ Espanyol នៅ​ជុំ​ទី ៣៤ ហើយ​វា​ក៏​ល្មម​អាច​ឲ្យ​ក្លឹប ក្លាយ​ជា​ម្ចាស់​ពាន​មុន​បញ្ចប់​រដូវ​កាល។ នេះ​ជា​ជ័យជម្នះ​ពាន​លីគ​កំពូល​អេស្ប៉ាញ La Liga លើក​ទី ៣៥ នៅ​ប្រវត្តិសាស្រ្ត​ក្លឹប។

យ៉ាង​ណា​ខាង​ក្លឹប​គូ​ប្រជែង Barcelona ក៏​បាន​ផ្ញើ​សារ​អបអរ​ដល់​ក្លឹប​អធិរាជ​ស​ផង​ដែរ តែ​ជា​សារ​លក្ខណៈ​សាមញ្ញ មិន​បាន​លាយឡំ​ការ​ប្រើប្រាស់ Emoji អ្វី​ច្រើន​ឡើយ។ វា​រាប់​ថា​ជា​រឿង​គួរ​ឲ្យ​គោរព​មួយ​ហើយ ដ្បិត​បើ​ក្លឹប​ទាំង​ពីរ​ ជា​ក្លឹប​គូ​ប្រជែង​ស៊ីសាច់ហុតឈាម​គ្នា​នៅ​លីគ​កំពូល​នៃ​ប្រទេស​អេស្ប៉ាញ។

គណនី​ផ្លូវការ​ក្លឹប​នៅ​តំបន់​កាតាឡូញ៉ា​សរសេរ​ថា៖ “FC Barcelona សូម​ចូលរួម​អបអរ​ដល់​ក្លឹប Real Madrid នូវ​ការ​ឈ្នះ​ពាន La Liga លើក​ទី ៣៥”។ បន្ទាប់​ឃើញ​សារ​នោះ ទាំង​អ្នក​គាំទ្រ Real Madrid និង Barcelona ក៏​បាន​ចូល​ទៅ​បញ្ចេញ​មតិ ខ្លះ​ក៏​មើល​ទៅ​ល្អ ខ្លះ​មើល​ទៅ​ឌឺដង​គ្នា ដូច​តែ​ការ​បង្ហោះ​មុនៗ​អ៊ីចឹង។ រំឭក​ថា ក្រុម​ដឹកនាំ​ដោយ​លោក Xavi Hernandez នៅ​សល់ ៥ ជុំ​ក្នុង​ដៃ ហើយ​កំពុង​ឈរ​លេខ ៣ មាន ៦៣ ពិន្ទុ នេះ​គោលដៅ​ពួក​គេ​ចង់​ប្រជែង​យក​ឈ្នះ Sevilla នៅ​តំណែង Top 2 កំពុង​មាន ៦៤ ពិន្ទុ នៅ​ជុំ​ទី ៣៤ ដើម្បី​បាន​ប្រាក់​រង្វាន់​កាន់​តែ​ច្រើន៕

ប្រភព៖ Twitter

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT