Tomasz ថា​មាន​តែ​កីឡាករ Man Utd ២ រូប​នេះ​ទេ ដែល​ធានា​សុវត្ថិភាព ពេល Ten Hag មក​ដល់

លោក Erik ten Hag កំណត់​នឹង​ចូល​មក​ដឹកនាំ​ក្លឹប Manchester United ចាប់​ពី​ថ្ងៃ​ទី ១ ​កក្កដា ឆ្នាំ ២០២២ ត​ទៅ ដោយ​មាន​ការ​ជឿជាក់​ថា ការ​រុះរើ​ប្រព័ន្ធ​កីឡាករ​ក៏​នឹង​កើត​មាន ហើយ​អ្នក​ចាកចេញ​ក៏​ទំនង​មាន​ច្រើន ដូច​គ្នា​ទៅ​នឹង​សមាជិក​ថ្មី ដែល​ត្រូវ​មក​ចុះចូល។ យ៉ាង​ណា​បើ​តាម​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​លោក Tomasz Kuszczak បាន​លើក​ឡើង​ថា មាន​តែ​កីឡាករ Man Utd ២ រូប​ប៉ុណ្ណោះ ដែល​អាច​ធានា​សុវត្ថិភាព ក្រោយ​គ្រូ​សញ្ជាតិ​ហូឡង់​មក​ដឹកនាំ។

ជា​ការ​ពិត​ដូច​អនាគត Nemanja Matic, Jesse Lingard, Paul Pogba និង​សូម្បី​តែ Cristiano Ronaldo ក៏​គ្មាន​នរណា​អាច​មើល​ដឹង​ជា​មុន​ដែរ ថា​ត្រូវ​បាន​គ្រូ​វ័យ ៥២ ឆ្នាំ គិត​ចង់​វ៉ៃ​ចេញ ឬ​រក្សា​ទុក។ ក៏​ប៉ុន្តែ​បើ​និយាយ​អំពី​អ្នកចាំទី​ដៃ​ទី ១&២ គឺ David de Gea និង Dean Henderson ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​អាច​បន្ត​នៅ​ជាក់​ជា​មិន​ខាន។

អតីត​កីឡាករ​លេង​ឲ្យ​ក្លឹប Man Utd ចន្លោះ​ឆ្នាំ ២០០៦ ដល់ ២០១២ ខាង​លើ​និយាយ៖ “ខ្ញុំ​គិត​ថា​នឹង​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​ខ្លាំង​ណាស់ តែ​វា​ក៏​ល្អ ព្រោះ​ខ្ញុំ​ចង់​ឃើញ​ក្រុម​មួយ​នេះ លេង​នៅ​កម្រិត​ដ៏​ត្រឹមត្រូវ និង​មិន​ចង់​ឲ្យ​របូត​គ្រាប់​បាល់​ច្រើន​ដូច​ពេល​ប៉ះ Liverpool ពីរ​ប្រកួត របូត ៩ គ្រាប់​ទៀត​នោះ​ឡើយ”។

លោក​បន្ត៖ “នឹង​មាន​ការ​ភ្ញាក់ផ្អើល គ្រប់​តំណែង​ទាំង​អស់​លើកលែង​តែ​អ្នកចាំទី ដោយ David និង Dean គេ​រឹងមាំ នឹង​មិន​ប៉ះពាល់​អ្វី​ទេ មាន​តែ​ពីរ​រូប​ហ្នឹង​ទេ ធានា​សុវត្ថិភាព​បាន សល់​ពី​ហ្នឹង ដូច Ronaldo គេ​មាន​វ័យ​ចំណាស់ គេ​មិន​អាច​ទទួល​ខុស​ត្រូវ​ច្រើន​ដូច​មុន​ទេ ដូច្នេះ​គ្រប់​យ៉ាង​នឹង​មាន​ការ​ផ្លាស់ប្តូរ​ជា​ចាំ​បាច់”៕

ប្រភព៖ Daily Mail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT