[ផ្លូវការ] ឃើញ​លេង​ល្អ! Real Sociedad ថែម​កុងត្រា ១២ ខែ​ទៀត​ឲ្យ David Silva

កីឡាករ​ Playmaker ឲ្យ​ក្លឹប Real Sociedad គឺ David Silva បាន​សម្រេច​ទទួល​បាន​កិច្ច​ព្រមព្រៀង​កុងត្រា​ថ្មី​ជា​ផ្លូវការ ពី​សំណាក់​ក្លឹប​អាណាព្យាបាល Real Sociedad។ ដើម​ឡើយ​កុងត្រា​គេ​កំណត់​ត្រូវ​ផុត​នៅ​បញ្ចប់​រដូវ​កាល​ខាង​មុខ ពោល​គឺ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ឥឡូវ​បន្ត​ថ្មី ថែម​ ១២ ខែ​ទៀត។

បុរស​វ័យ ៣៦ ឆ្នាំ នឹង​ឈាន​ចូល​រដូវ​កាល​ទី ៣ ជាមួយ​ក្លឹប​នៅ​ទឹកដី​អេស្ប៉ាញ ក្រោយ​ចែក​ផ្លូវ​ពី​ក្លឹប​ជោគជ័យ Manchester City កាល​ពី​ឆ្នាំ ២០២០។ ខ្សែ​បម្រើ​ខាង​លើ ក៏​ជា​ចំណែក​សំខាន់​បាន​ជួយ​ក្លឹប​យក​ឈ្នះ Athletic Bilbao លើក​ពាន​រង្វាន់ Copa del Rey កាល​ពី​ឆ្នាំ​ទៅ ក្រោយ​ខកខាន​តាំង​ពី​ឆ្នាំ ១៩៨៧។ ស្ថិតិ​រដូវ​កាល​នេះ បង្ហាញ​ខ្លួន ២៩ ប្រកួត រក​បាន ១ គ្រាប់​និង Assist ៤ លើក​ឲ្យ​ក្លឹប។

និយាយ​ជុំវិញ​ការ​បន្ត​កុងត្រា​ថ្មី Silva ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​ណាស់ ការ​ពិត​ទៅ​ខ្ញុំ​ទទួល​បាន​ពេលវេលា​ដ៏​ល្អ​នៅ​ទី​នេះ ២ ឆ្នាំ​កន្លង​មក ហើយ​ឥឡូវ​សង្ឃឹម​ថា​នឹង​បន្ត​ល្អ​ថែម​ទៀត ដោយ​មុន​ចុះ​កុងត្រា​ថ្មី​នេះ ខ្ញុំ​បាន​គិត​រួចរាល់ ខ្ញុំ​មើល​ឃើញ Sociedad ជា​ក្លឹប​ដ៏​ល្អ ជា​ក្លឹប​មាន​ការ​អភិវឌ្ឍ ហើយ​នឹង​តែងតែ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ក្លឹប​នៅ​អឺរ៉ុប​ជា​រៀងរាល់​ឆ្នាំ”។ បញ្ជាក់​ថា​ក្លឹប កំពុង​ឈរ​លេខ ៦ នៅ​តារាង La Liga ដល់​សេសសល់ ៥ ជុំ​ទៀត។ ពួក​គេ​នៅ​តែ​មាន​ឱកាស​អាច​ប្រជែង​តំណែង Top 4 ឬ​យ៉ាង​ហោច​ Top 6 ដើម្បី​លេង​ពាន UCL ឬ UEL នៅ​រដូវ​កាល ២០២២/២៣៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT