Ancelotti ថា​ក្លឹប​ ២ នេះ​គ្មាន​នរណា​រំពឹង​ថា​អាច​ឡើង​មក​ដល់​វគ្គ ៤ ក្រុម UCL

នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ពុធ ក្លឹប​មេឃ​ខៀវ Manchester City នឹង​កំណត់​បើក​កីឡដ្ឋាន Etihad ស្វាគមន៍​ក្លឹប​ភ្ញៀវ​អធិរាជ​ស Real Madrid ជា​ជំនួប​ជើង​ទី ១ វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Champions League។ និយាយ​មុន​ការ​ប្រកួត លោក Carlo Ancelotti ជា​អ្នកចាត់ការ​ក្លឹប​ស្តេច​ស បាន​សង្កត់​ធ្ងន់​ថា ក្លឹប​ខ្លួន​មិន​មាន​នរណា​រំពឹង​នឹង​អាច​ឡើង​មក​ដល់​វគ្គ​នេះ​ឡើយ។

គ្រូ​សញ្ជាតិ​អ៊ីតាលី និយាយ៖ “យើង​ត្រូវ​លេង ១៨០ នាទី ប្រកួត​បែប​នេះ វា​លាយឡំ​នឹង​ភាព​រីករាយ ក៏​ដូច​ជា​ភាព​ស្មុគស្មាញ​ទល់​គូ​ប្រជែង​ខ្លាំង​ដូច​ជា​ពួក​គេ នេះ​ជា Champions League យើង​បាន​ឆ្លង​កាត់​ពេលវេលា​លំបាក​ច្រើន​ណាស់ តែ​យើង​អាច​ឆ្លង​ផុត​ពួក​គេ​បាន ហើយ​នៅ​យប់​នេះ យើង​ក៏​នឹង​ធ្វើ​ឲ្យ​បាន​ដូច​គ្នា”។

លោក​បន្ត៖ “មាន ២ ក្រុម​ដែល​គេ​មិន​រំពឹង​នឹង​អាច​ឡើង​មក​ដល់​វគ្គ ៤ ក្រុម គឺ Real Madrid និង Villarreal នេះ​ឯង តែ​ចុង​បញ្ចប់​នៅ​តែ​អាច​ឡើង​មក​បាន”។ ជា​ការ​ពិត កាល​ពី​ជំនួប​វគ្គ ១៦ ក្រុម ទល់ PSG ដើម​ឡើយ ខាង​ក្លឹប​បារាំង​យក​ឈ្នះ​នៅ​ជើង​ទី ១ ហើយ​ស្តេច​ស បែរ​បង្កើត​លទ្ធផល​ភ្ញាក់ផ្អើល​នៅ​ជើង​ទី ២ រី​ឯ Villarreal នរណា​ទៅ​ជឿ អាច​យក​ឈ្នះ​គីឡូ​ក្លឹប Juventus និង Bayern Munich បាន​នោះ ឥឡូវ​ឡើង​មក​ទល់​តែ​បាន៕

ប្រភព៖ BeSoccer

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT