ក្រុមនារី Barcelona បំបែកកំណត់ត្រាទៀតហើយ

ក្រុមនារី FC Barcelona បានបំបែកកំណត់ត្រាជាថ្មីទៀតចំពោះចំនួនអ្នកគាំទ្រចូលទស្សនាប្រកួតរបស់ពួកគេ ដោយលើកនេះឡើងដល់ ៩១ ៦៤៨នាក់ឯណោះនៅកីឡដ្ឋាន Camp Nou ។

ការប្រកួតពានរង្វាន់ Women Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅយប់មិញនេះ ក្រុម FC Barcelona នារីបានយកឈ្នះលើក្រុម Wolfsburg បានក្នុងលទ្ធផលដល់ទៅ ៥-១ ឯណោះសម្រាប់ជើងទី១។ ក្រៅពីឈ្នះច្រើនគ្រាប់នេះហើយ ក្រុម Barcelona ក៏បានបង្កើតកំណត់ត្រាថ្មីទៀតសម្រាប់ចំនួនអ្នកគាំទ្រចូលទស្សនាផងដែរ។ ដោយលើកនេះ មានអ្នកគាំទ្រមកចូលមើលដល់ទៅ ៩១ ៦៤៨នាក់ឯណោះ ខណៈដែលកំណត់ត្រាចាស់របស់ពួកគេមាន ៩១ ៥៥៣នាក់។

រំលឹកថាក្រុម Barcelona នេះពិតជាខ្លាំងមែនទែនលើផ្នែកនារី។ ពួកគេឈ្នះពានរង្វាន់សឹងតែទាំងអស់ ហើយលត់ដៃគូមិនឱ្យតដៃរួចនោះទេ។ ក្នុងពានរង្វាន់ Women Champions League នៅរដូវកាលនេះ ក៏ទំនងជាពួកគេជាអ្នកឈ្នះទៀតដែរ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT