Barcelona ស្វែងរកឃើញជ័យជម្នះវិញលើក្រុម Sociedad ១-០

ក្រុមអ្នកមានបុណ្យ FC Barcelona រកឃើញជ័យជម្នះឡើងវិញហើយ ដោយយកឈ្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ១-០ ក្នុងពានរង្វាន់ La Liga នៅយប់មិញនេះ។

បន្ទាប់ពីលេងចាញ់២ប្រកួតជាប់គ្នាក្នុងដីខ្លួនឯងមក ក្រុម Barcelona ចាប់ផ្ដើមលេងបានល្អឡើងវិញនៅក្រៅដី ដោយយកឈ្នះក្រុមខ្លាំង Real Sociedad បានក្នុងលទ្ធផល ១-០។ ដោយ១គ្រាប់ជ័យជម្នះនេះដែរធ្វើបានដោយខ្សែប្រយុទ្ធ Aubameyang នៅនាទី១១ ដើមតង់ទី១តែម្ដង។ លទ្ធផលបន្ថែមបាន៣ពិន្ទុទៀតនេះដែរ ក៏ជួយឱ្យក្រុម Barcelona បន្ដឈរនៅលេខ២ក្នុងតារាង La Liga ដែរ តែទំនងជាឱកាសប្រជែងពានជាមួយក្រុម Real Madrid បានអស់ទៅហើយ។

គិតមកត្រឹមពេលនេះ ក្រុម Barcelona ឈរនៅលេខ២ក្នុងតារាង La Liga ពិតមែន ប៉ុន្តែពួកគេទើបមាន៦៣ពិន្ទុប៉ុណ្ណោះឆ្លងកាត់៣២ប្រកួត។ ស្របពេលក្រុមលេខ១ Real Madrid វិញនោះ មានដល់៧៨ពិន្ទុហើយ ឆ្លងកាត់៣៣ប្រកួត។ ក្រុមរបស់លោក Carlo Ancelotti ត្រូវការត្រឹម៤ពិន្ទុទៀតទេ នឹងអាចឈ្នះពានរង្វាន់ La Liga ដោយស្វ័យប្រវត្តិទៅហើយ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT