Rangnick ថា Man Utd នឹងរុះរើទ្រង់ទ្រាយធំ អាចមានកីឡាករថ្មី១០នាក់ចូល

បន្ទាប់ពីលេងចាញ់ក្រុម Liverpool ក្នុងលទ្ធផល ៤-០ មក លោក Ralf Rangnick អ្នកចាត់ការក្រុម Manchester United បានប្រកាសថាក្រុមនឹងមានការរុះរើធំ ដោយអាចមានកីឡាករដល់ទៅ១០នាក់ចេញ និង១០នាក់ចូលថ្មី។

ជំនួបទល់ក្រុម Liverpool នៅយប់មិញ គេសង្កេតឃើញថាក្រុម Man Utd លេងប្រហោងច្រើនណាស់នៅតំបន់កណ្ដាល។ ស្របពេលតំបន់ការពារវិញ ក៏មិនរឹងមាំដែរ បណ្ដាលឱ្យក្រុម Liverpool ដាច់ទៅស្រួលៗ ទើបមានគ្រាប់បាល់កើតឡើងដល់ទៅ៤គ្រាប់បែបនេះ។ ដោយសារតែកីឡាករហាក់លេងមិនល្អ និងត្រូវគ្នានេះហើយ ទើបបានជាលោក Rangnick ថានៅរដូវកាលថ្មី អ្នកចាត់ការថ្មីមកដល់ នោះនឹងមានការរុះរើក្រុមមិនខាន។

លោក Rangnick បាននិយាយថាបើធៀបឆ្នាំគ្នានៅពេលនេះ គឺ Man Utd នៅក្រោមក្រុម Liverpool ដល់ទៅ៦ឆ្នាំឯណោះ។ ដូច្នេះហើយប្រសិនបើចង់ឱ្យមានការប្រកួតប្រជែងគ្នាបាន ក្រុមត្រូវមានការផ្លាស់ប្ដូរច្រើន គឺច្រើនខ្លាំងមែនទែន។ នៅរដូវកាលថ្មីខាងមុខ នឹងមានកីឡាករច្រើននាក់ចេញ ហើយយ៉ាងតិចកីឡាករថ្មី១០នាក់នឹងមកជំនួស។ Man Utd នឹងកសាងក្រុមថ្មីមួយទៀតនៅរដូវកាលថ្មីខាងមុខ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT