Lewandowski ប្រាប់​ទៅ​មេ​ធំ Bayern ថា​នឹង​មិន​បន្ត​កុងត្រា​ថ្មី​ឡើយ ហើយ​ជ្រើស​យក​ក្លឹប​ថ្មី​មួយ​នេះ

ខណៈ​ដែល​សុពលភាព​កុងត្រា ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ក៏​ជា​ហេតុ​នាំ​ឲ្យ​ក្លឹប​អាណាព្យាបាល Bayern Munich បាន​ព្យាយាម​រិះរក​គ្រប់​វិធី ដើម្បី​សម្រេច​ការ​ចរចា​កុងត្រា​ថ្មី រវាង​ភាគី​កីឡាករ Robert Lewandowski ឲ្យ​បាន​​មុន​បញ្ចប់​រដូវ​កាល។ ឥឡូវ​ក៏​ស្រាប់​តែ​ទទួល​បាន​ចម្លើយ​ហើយ នោះ​គឺ បដិសេធ មិន​ព្រម​ចុះ​ហត្ថលេខា​កុងត្រា​ថ្មី​ទេ រួច​ក៏​បាន​ជូន​ដំណឹង​ទៅ​ថ្នាក់​លើ​អំពី​ទ្រនំ​ដែល​គេ​ចង់​ទៅ​ចូលរួម​នា​ពេល​បន្ទាប់​ផង​ដែរ។

បញ្ជាក់​បន្តិច កីឡាករ​ប៉ូឡូញ នៅ​រដូវ​កាល ២០២១/២២ នៅ​តែ​បន្ត​ធ្វើ​បាន​ល្អ​ឲ្យ​ក្លឹប​អាល្លឺម៉ង់ Bayern ដោយ​បង្ហាញ​ខ្លួន ៤០ ប្រកួត អាច​រក​បាន​ដល់​ទៅ ៤៦ គ្រាប់​និង Assist ៤ លើក​ឯ​ណោះ។ តែ​យ៉ាង​ណា​ Lewandowski ហាក់​មិន​ចង់​បន្ត​ឈរ​ជើង​នៅ​ក្របខ័ណ្ឌ Bundesliga ត​ទៅ​ទៀត​ឡើយ ពោល​គឺ​ចង់​ឆ្ពោះ​ទៅ​រក​ការ​ប្រកួតប្រជែង​ថ្មី នៅ​ឯ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ La Liga។

បើ​តាម​សារព័ត៌មាន TVP Sport ចុះ​ផ្សាយ​ថា បុរស​វ័យ ៣៣ ឆ្នាំ បាន​ជូន​ដំណឹង​ទៅ​កាន់​នាយក​ប្រតិបត្តិ ឬ CEO ក្លឹប លោក Oliver Kahn រួច​ជា​ស្រេច ថា​គ្មាន​បំណង​ចង់​ទម្លាក់​ចុង​ប៊ិច​លើ​កុងត្រា​ថ្មី ឲ្យ​លើស​ពី​រដូវ​កាល ២០២២/២៣ ឡើយ។ លើស​ពី​នេះ កីឡាករ​ក៏​បាន​ព្រមព្រៀង​រួចរាល់​ហើយ​ដែរ នូវ​កិច្ច​ព្រមព្រៀង​ផ្ទាល់​មាត់ ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ Barcelona ហើយ​បើ​អាច​ទៅ​រួច គឺ​ចង់​សម្រេច​ការ​ផ្ទេរ នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។

យើង​ក៏​មិន​ទាន់​ច្បាស់​ថា ក្លឹប​ដឹកនាំ​ដោយ​លោក Xavi Hernandez នឹង​ព្រម​ផ្តល់​ឲ្យ​នូវ​តម្លៃ​ផ្ទេរ ល្បាក់ ៥០ លាន​អឺរ៉ូ ទៅ​កាន់ Bayern ដើម្បី​នាំ​យក Lewandowski ត្រឹម​បញ្ចប់​រដូវ​កាល​ខាង​មុខ ឬ​ម្យ៉ាង​ទៀត អាច​ស៊ូ​អូស​បន្លាយ​ពេល រង់ចាំ​ដល់​គេ​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ផ្ទេរ នៅ​រដូវ​កាល​ក្រោយ។ រំឭក​ឲ្យ​ដឹង កីឡាករ​​ប៉ូឡូញ អាច​រក​បាន ៣៥០ ០០០ ផោន/សប្តាហ៍​នៅ​ក្លឹប​អាល្លឺម៉ង់ តែ​ទំហំ​នេះ ជឿ​ថា អាច​នឹង​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត ក្រោយ​ផ្ទេរ​ទៅ​ក្លឹប Barcelona ជា​ពិសេស​ប្រសិន​ជា​ការ​ផ្ទេរ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន។

បង្វែរ​ទៅ​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត ក្លឹប​យក្ស ៣ នៅ​តំបន់​អឺរ៉ុប កំពុង​សកម្ម​ក្នុង​ការ​ប្រជែង​គ្នា ចង់​បាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប Benfica គឺ​កីឡាករ Darwin Nunez។ សម្រាប់​យុវជន​វ័យ ២២ ឆ្នាំ នៅ​ការ​បង្ហាញ​ខ្លួន ៣៦ ប្រកួត គេ​អាច​រក​បាន​ដល់​ទៅ ៣១ គ្រាប់​និង Assist ៣ លើក នេះ​បូក​ទាំង ៥ គ្រាប់​នៅ UCL ផង​ដែរ។

បើ​តាម​សារព័ត៌មាន The Athletic ចុះ​ផ្សាយ​ថា ក្លឹប Man Utd, Chelsea និង​ក្លឹប PSG បាន​តាម​ក្រវែល​មើល និង​ចូល​ចែចូវ​ជា​បណ្តើរៗ​ហើយ អំពី​លទ្ធភាព​ក្នុង​ការ​នាំ​យក​កីឡាករ​អ៊ុយរុយហ្គាយ នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ខាង​ក្លឹប​អាណាព្យាបាល Benfica ដាក់​តម្លៃ​យ៉ាង​ហោច​ណាស់ ៧០ លាន​អឺរ៉ូ ទើប​ព្រម​អនុញ្ញាត​ឲ្យ Nunez ចាកចេញ​ទៅ។ ក៏​ប៉ុន្តែ​អ្នកចាត់ការ​លោក Nelson Verissimo ក៏​ធ្លាប់​បង្ហើប​ហើយ​ដែរ ថា​បើ​ក្លឹប​ចង់​បាន នៅ​អូស​បន្លាយ​ពេល នោះ​តម្លៃ​របស់​កីឡាករ​អ៊ុយរុយហ្គាយ​អាច​នឹង​ឡើង​ដល់​ប្រហែល​តម្លៃ​ “Ronaldo ទី​ពីរ” គឺ​ Joao Felix ល្បាក់ ១៣៥ លាន​អឺរ៉ូ​ក៏​ថា​បាន។ បញ្ជាក់​ថា សុពលភាព​កុងត្រា​របស់​អតីត​យុវជន​នៅ​ក្លឹប Penarol នឹង​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT