ដ្បិតបើយកឈ្នះ ៣-១ ទៅលើក្លឹប Chelsea កាលពីជើងទី ១ រួចទៅហើយនោះ ក៏អ្នកចាត់ការនៃក្លឹប Real Madrid លោក Carlo Ancelotti នៅតែបំផុសទឹកចិត្តកីឡាករក្នុងក្រុម ឲ្យមានការខិតខំខ្ពស់ ហើយមិនអាចមើលស្រាលក្រុមគូប្រជែងបានទេ ព្រោះនេះ គឺជាតោខៀវ ជាក្លឹបខ្លាំង ដែលទើបលើកពានរង្វាន់អឺរ៉ុបរដូវកាលមុន។
ក្រុមទាំងពីរនឹងត្រូវកំណត់ប៉ះគ្នាជាថ្មី នៅវេលាម៉ោង ០២:០០ នាទីទាបភ្លឺយប់នេះ ហើយប្រសិនលទ្ធផល Chelsea មិនអាចយកឈ្នះដាច់ ២ គ្រាប់ទេនោះ ការប្រកួតនឹងត្រូវបញ្ចប់ ហើយកំណត់ឲ្យ Real ជាក្រុមអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវជួបរវាង Man City ឬ Atletico Madrid។
លោក Ancelotti និយាយបែបនេះ៖ “វានឹងក្លាយជាការប្រកួតដ៏តានតឹងមួយសម្រាប់ពួកគេ តែជឿថា Chelsea នឹងមិនបោះបង់ទេ ដោយខ្ញុំយល់ពីកីឡាករខ្ញុំច្បាស់ ពួកគេនឹងបញ្ចៀសមិនចង់ឲ្យកើតមានលទ្ធផលដូចកាលទល់ Barca ហើយយល់អំពីតម្រូវការនៃប្រកួតថ្ងៃស្អែក និយាយទៅយើងនឹងមិនមើលស្រាលក្រុមណាមួយឡើយ”។
លោកបន្ត៖ “គ្រាន់ថានេះជាឱកាសល្អសម្រាប់ពួកយើង ក្នុងការដែលអាចឡើងទៅវគ្គ ៤ ក្រុម តែត្រូវចាំ Chelsea ជាក្រុមខ្លាំង យើងត្រូវគោរពពួកគេ ត្រូវរៀបចំការប្រកួតឲ្យបានល្អ រួចត្រូវដឹងថាពួកគេនឹងកាន់តែល្អជាងមុនថែមទៀត”៕ ប្រភព៖ BeSoccer