PSG ចូល​កាន់​តែ​កៀក ក្នុង​ការ​ចរចា​សម្រេច​យក Ronaldo ចេញ​ពី Man Utd

ក្លឹប​បារាំង Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចូល​កាន់​តែ​កៀក​ជុំវិញ​ការ​ចុះ​ហត្ថលេខា​នាំ​យក Cristiano Ronaldo មក​កាន់​ក្លឹប​ក្នុង​ទីក្រុង​ប៉ារីស បន្ទាប់​ពី​គេ​មិន​ទទួល​បាន​ជោគជ័យ​និង​កំពុង​ជួប​រឿង​រកាំរកូស​នៅ​ក្លឹប​បិសាច​ក្រហម Man Utd។ នេះ​ជួន​ពេល សុពលភាព​កុងត្រា​កីឡាករ​ព័រទុយហ្គាល់​សេសសល់​រយៈ​ពេល ១៦ ខែ​ទៀត​ជាមួយ​ក្លឹប​អាណាព្យាបាល។

ស្ថិតិ​បុរស​វ័យ ៣៧ ឆ្នាំ រដូវ​កាល​នេះ បង្ហាញ​ខ្លួន ៣៣ ប្រកួត រក​បាន ១៨ គ្រាប់​និង Assist ៣ លើក​ឲ្យ​ក្លឹប Man Utd។ យ៉ាង​ណា​ម្ចាស់​ពាន Ballon d’Or ៥ សម័យ​កាល មាន​ភាគរយ​ខ្ពស់​អាច​នឹង​ចាកចេញ ជា​ពិសេស​នៅ​ពេល​ដែល​ក្លឹប​កំពុង​មិន​ច្បាស់លាស់​នៅ​ការ​រក្សា​តំណែង Top 4 ដើម្បី​លេង UCL រដូវ​កាល​បន្ទាប់។

បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា តាម​ពិត​ទៅ​ភ្នាក់ងារ​រត់​ការ​ឲ្យ Ronaldo គឺ​លោក Jorge Mendes បាន​ដាក់​សំណើ​ទៅ​កាន់​ក្លឹប ២ ឲ្យ​សិក្សា​ពី​ការ​នាំ​យក Ronaldo មាន PSG និង Barcelona។ យ៉ាង​ណា​តាម​តម្រុយ​ពេល​ចុង​ក្រោយ គឺ​ក្លឹប PSG ហាក់​កៀក​ជិត ខណៈ Barcelona គឺ​នៅ​ឆ្ងាយ ណា​មួយ​កីឡាករ​អាច​នឹង​មិន​ចុះ​សម្រុង​ក្រោម​ការ​ដឹកនាំ​របស់​លោក Xavi Hernandez។

ផ្ទុយ​ទៅ​វិញ ការ​ផ្ទេរ​ទៅ PSG ភាគរយ​ច្រើន​នឹង​អាច​សម្រេច​ទៅ​បាន បើ​កាល​ណា Mauricio Pochettino ចុះ​ចេញ​ពី​តំណែង ហើយ​លោក Zinedine Zidane ត្រូវ​កំណត់​ចូល​មក​ដឹកនាំ​ក្លឹប​ជំនួស។ បើ​ផ្ទេរ​ទៅ​ក្លឹប​បារាំង នោះ​ការ​សហការ​រវាង​ Messi-Ronaldo នៅ​ក្លឹប​តែ​មួយ ក៏​នឹង​ក្លាយ​ជា​ការ​ពិត​មិន​ខាន៕

ប្រភព៖ El Nacional

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT