មាន​ឱកាស​ដែរ តែ​ច្រាន​ចោល​ទាំង​មិន​ស្ទាក់ស្ទើរ នេះ​កំពូល​កីឡាករ ៥ រូប ធ្លាប់​បដិសេធ​ក្លឹប Barcelona

វា​ជា​ក្តីស្រមៃ​សម្រាប់​កីឡាករ​បាល់ទាត់​ភាគ​ច្រើន ក្នុង​ការ​ចង់​ទៅ​សាង​អាជីព​នៅ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona។ នេះ​ជា​ក្លឹប​ដែល​មាន​អាយុ​កាល ១២២ ឆ្នាំ​មក​ហើយ រួច​បើ​និយាយ​ពី​សមិទ្ធផល​ជោគជ័យ គឺ​រាប់​ភ្លេច ទាំង​ពាន​រង្វាន់​ក្នុង​និង​ក្រៅ​លីគ​កំពូល។

តែ​យ៉ាង​ណា​ក៏​មិន​ប្រាកដ​ថា​គ្រប់​គ្នា សុទ្ធ​តែ​ចាប់​អារម្មណ៍​ខ្វា​ករ​ចង់​ផ្ទេរ​ទៅ​ក្លឹប​នៅ​តំបន់​កាតាឡូញ៉ា​មួយ​នេះដែរ​ ជាក់ស្តែង​ដូច​កីឡាករ​កំពូល​ទាំង ៥ រូប​ខាង​ក្រោម ដែល​ទទួល​បាន​ឱកាស​ហើយ តែ​បែរ​ជា​បដិសេធ​ទាំង​មិន​ស្ទាក់ស្ទើរ៖

៥) Alessandro del Piero

ជា​វីរបុរស​ចាយ​ពេល ១៩ ឆ្នាំ នៅ​ក្លឹប Juventus ហើយ​ក៏​រាប់​បាន​ជា​កីឡាករ​អ៊ីតាលី​ដ៏​ជោគជ័យ​មួយ​ផង​ដែរ។ កាល​ពី​ឆ្នាំ​ ២០១២ ភ្នាក់ងារ​របស់​អតីត​ខ្សែ​ប្រយុទ្ធ​ខាង​លើ ក៏​បាន​ទម្លាយ​ថា Barcelona ធ្លាប់​ចាប់​អារម្មណ៍​ចង់​បាន del Piero ទៅ​ចូលរួម។

លោក Claudio Pasqualin និយាយ៖ “Del Piero គេ​ស្ថិត​នៅ​ក្លឹប Juventus ហើយ​កំឡុង​ពេល​គេ​ឡើង​ជើង​ខ្លាំង គេ​ក៏​ទទួល​បាន​សំណើ​ពី​ក្លឹប​យក្ស Man Utd និង Barcelona ផង​ដែរ តែ​គេ​បដិសេធ ក្រោម​ហេតុផល បន្ត​ឈរ​ជើង ដោយសារ​ទំហំ​ចិត្ត​ស្រលាញ់​ក្លឹប​អ៊ីតាលី​ជា​ខ្លាំង”។

៤) Koke

នៅ​រដូវ​កាល ២០១៣/១៤ ដែល Atletico Madrid បាន​ឈ្នះ​ពាន​ La Liga ក៏​គួរ​អរគុណ​ទៅ​ដល់​ចំណែក​សំខាន់​នៃ​ខ្សែ​ប្រយុទ្ធ Diego Costa និង​ខ្សែ​បម្រើ Koke។ នៅ​ពេលវេលា​នោះ ក្លឹប​រួម​លីគ Barcelona ក៏​បាន​បាក់​ចិត្ត​មក​លើ​កីឡាករ​អេស្ប៉ាញ​ផង​ដែរ។

ក្រុម​អ្នក​ឃ្លាំ​មើល​កីឡាករ​របស់​អ្នក​មាន​បុណ្យ បាន​មក​តាម​ក្រវែល​មើល Koke ព្រោះ​ចង់​បាន​គេ មក​រួបរួម​នៅ​ផែនការណ៍​យូរ​អង្វែង ជាមួយ​ការ​ដឹកនាំ​របស់​លោក Luis Enrique ក៏​ប៉ុន្តែ​កីឡាករ​បាន​បដិសេធ។ នៅ​ឆ្នាំ ២០១៤ Koke និយាយ៖ “ជា​ការ​ពិត វា​ពិត​ជា​ពិបាក​ក្នុង​ការ​និយាយ​ថា ទេ ទៅ​កាន់​ក្លឹប Barcelona ក៏​ប៉ុន្តែ​ចិត្ត​របស់​ខ្ញុំ គឺ​នៅ​តែ​ចង់​បន្ត​ច្រើន​ឆ្នាំ​ទៀត​ជាមួយ Atletico នេះ​ដូច​ជា​ផ្ទះ​របស់​ខ្ញុំ ហើយ​ក៏​ទទួល​អារម្មណ៍​ថា​ក្លឹប​នៅ​ត្រូវ​ការ​ខ្ញុំ និង​មិន​ចង់​លក់​ខ្ញុំ​ចេញ​ឡើយ”។

៣) Thiago Silva

ខ្សែ​ការពារ​កណ្តាល​សញ្ជាតិ​ប្រេស៊ីល ក៏​បាន​បដិសេធ​សំណើ Barcelona ដើម្បី​មក​ចាយ​លុយ​ធំ នៅ​ក្លឹប​សេដ្ឋី PSG។ នៅ​បទសម្ភាសន៍​មួយ Silva ធ្លាប់​និយាយ៖ “ជា​រឿង​ដ៏​លំបាក ការ​ដែល​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត ទៅ​កាន់ Barcelona ទាំង​ដែល​កាល​ពី​ក្មេង ខ្ញុំ​ធ្លាប់​ស្រមៃ​ថា​ចង់​ទៅ​លេង​នៅ​ទី​នោះ ក៏​ប៉ុន្តែ​ជីវិត​របស់​យើង ពេល​ខ្លះ​វា​បែប​ហ្នឹង វា​ទាមទារ​ឲ្យ​យើង​ត្រូវ​តែ​ដើរ​ផ្ទុយ​ពី​ក្តីស្រមៃ​ខ្លួន​ឯង”។

២) Gianluigi Buffon

ជា​អ្នកចាំទី​ដែល​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត​កាល​ពី​ឆ្នាំ ២០០១ ដោយ​ត្រូវ​បាន Juventus ចាយ​លុយ ៣៩ លាន​ផោន នាំ​យក​ពី​ក្លឹប Parma។ ពេលវេលា​នោះ ក៏​គេ​ទទួល​បាន​សំណើ​ពី Barcelona ផង​ដែរ តែ​ចម្លើយ គឺ​បាន​បដិសេធ។

Buffon និយាយ៖ “ខ្ញុំ​ប៊ិះ​តែ​នឹង​ផ្ទេរ​ទៅ Barcelona នៅ​ឆ្នាំ ២០០១ តែ​យ៉ាង​ណា​ក្រោយ​ពិភាក្សា​ជាមួយ​ឪពុក ខ្ញុំ​ក៏​ជ្រើស​យក Juventus ហើយ​រីករាយ​នឹង​ការ​សម្រេច​ចិត្ត​នេះ”។

១) Cristiano Ronaldo

អតីត​ប្រធាន​ក្លឹប Real Madrid លោក Roman Calderon ធ្លាប់​និយាយ​អំពី​ការ​ដែល Ronaldo បដិសេធ​សំណើ Barcelona បែប​នេះ​ថា៖ “នៅ​ពេល​គេ​ត្រៀម​ចាកចេញ​ពី Man Utd គឺ Barcelona បាន​ព្យាយាម​ណាស់ ក្នុង​ការ​ទាក់ទង​ទៅ​កាន់​កីឡាករ​ព័រទុយហ្គាល់ ក៏​ប៉ុន្តែ​គេ​បាន​និយាយ​ច្បាស់ៗ ថា​នឹង​មិន​ទៅ​ក្លឹប​ដទៃ​ណា​ទាំង​អស់ ក្រៅ​តែ​ពី Real Madrid”។

លោក​បន្ត៖ “ហេតុផល​ហ្នឹង​ហើយ ទើប​យើង​ឈាន​ដល់​ការ​សម្រេច​កិច្ច​ព្រមព្រៀង យក​បាន Ronaldo នៅ​តម្លៃ ៨០ លាន​ផោន ហើយ​នេះ​គឺ​ជា Cristiano ដែល​មិន​បាន​សម្លឹង​លុយ​ជា​ធំ តែ​សម្លឹង​លើ​ភាព​ជោគជ័យ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT