ការ​ពិត​និង​អាថ៌កំបាំង ៣ យ៉ាង ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​ពី Alphonso Davies

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ អ្នក​គាំទ្រ​បាន​ចាប់​អារម្មណ៍​ទៅ​លើ​បណ្តុំ​យុវជន​ជា​ច្រើន ហើយ​ក្នុង​ចំណោម​នោះ​ក៏​មាន Alphonso Davies ដែល​គេ​ចាប់ផ្ដើម​លេចធ្លោ​ខ្លាំង នៅ​រដូវ​កាល ២០២០/២១ គ្រា Bayern ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ Champions League។ ក្រៅ​ពី​ដឹង​ថា​គេ​ជា​ខ្សែ​ការពារ​ឆ្នើម និង​ទើប​ជា​ចំណែក​ជួយ​កាណាដា​បាន​កៅអី​ទៅ​លេង World Cup ក៏​ជឿ​ថា មនុស្ស​ភាគ​ច្រើន​ប្រហែល​ពុំ​បានដឹងពី​ ៣ ចំណុច​ខាង​ក្រោម​នេះ​ទេ៖

១) ជម្រើស​ជាតិ​ដែល​គេ​អាច​ទៅ​ចូលរួម

កីឡាករ​វ័យ ២១ ឆ្នាំ បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​កាណាដា​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី ១៤ ​កក្កដា ឆ្នាំ ២០១៧ ហើយ​គិត​មក​ទល់​ពេល​នេះ ឆ្លង​កាត់ ៣០ ប្រកួត និង​រក​បាន ១០ គ្រាប់​ហើយ។ យ៉ាង​ណា​ក្នុង​ជម្រើស​ពី​ដើម​មក គឺ​មាន​សិទ្ធ​ជ្រើសរើស​ដល់​ទៅ ៣ ប្រទេស​ឯ​ណោះ។

ក្រៅ​ពី​កាណាដា ខ្សែ​ការពារ​ស្លាប​ឆ្វេង ក៏​ធ្លាប់​មាន​សិទ្ធ​ជ្រើស​ទៅ​ចូលរួម​ឲ្យ​ជម្រើស​ជាតិ​លីបេរីយ៉ា ជា​ប្រទេស​កំណើត​នៃ​ឪពុកម្តាយ​របស់​គេ ក៏​ដូច​ជា​ជម្រើស​ជាតិ​មួយ​ផ្សេង​ទៀត​គឺ​ហ្គាណា ជា​កន្លែង​ដែល​ឪពុក​ម្តាយ​ធ្លាប់​ទៅ​រស់នៅ​ដល់​បាន​សញ្ជាតិ​ប៉ុន្មាន​ឆ្នាំ កំឡុង​ពេល​រត់​គេច​ពី​សង្រ្គាម។

២) រត់​លឿន​បំផុត​នៅ Bundesliga

ជំនាន់​ពីរ​ឆ្នាំ​មុន គេ​ល្បី Davies ខ្លាំង ត្រង់​ការ​ប្រើប្រាស់​ល្បឿនលឿនដូចរន្ទះ ហើយ​ក៏​ធ្លាប់​ជាប់​ឈ្មោះ​ជា​កីឡាករ​រត់​លឿន​បំផុត​នៅ​ប្រវត្តិសាស្ត្រ​លីគ​កំពូល​អាល្លឺម៉ង់ Bundesliga។ នៅ​ខែ​មិថុនា ឆ្នាំ ២០២០ ជា​ការ​ប្រកួត​ទល់​ក្លឹប Werder Breman កីឡាករ​សញ្ជាតិ​កាណាដា អាច​រត់​បាន​ដល់​ល្បឿន ៣៦,៥១ គ.ម/ម៉។

៣) កីឡាករ​ក្នុង​ដួង​ចិត្ត

មុន​កើត​មាន​លទ្ធផល ៨-២ រវាង Bayern-Barcelona ក្នុង​ដួង​ចិត្ត​របស់ Davies គឺ​បាន​ស្រលាញ់​គាំទ្រ Lionel Messi តាំង​ពី​ដើម​មក​ម្ល៉េះ។ យុវជនខាងលើ ធ្លាប់​និយាយ​អំពី​តារា​ឆ្នើម​អាហ្សង់ទីន​បែប​នេះ៖ “វា​ជា​រឿង​ដ៏​អស្ចារ្យ ការ​ដែល​អាច​លេង​នៅ Champions League ទល់​កីឡាករ​ដែល​ខ្ញុំ​ស្រលាញ់​បំផុត​ក្នុង​លោក”។ Davies ថែម​ទាំង​យក​រូបភាព​ដែល Messi ហុច​ដៃ​ជួយ​លើក​គេ​មក​បិទ​ក្នុង​បន្ទប់​ទៀត​ផង រួច​និយាយ​ថា៖ “ពេល​នោះ Messi គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ដួល ហើយ​គាត់​ហុច​ដៃ​លើក​ខ្ញុំ​ឡើង​វិញ រូបភាព​មួយ​សន្លឹក​នេះ នឹង​នៅ​ជាមួយ​ខ្ញុំ​រហូត​ទៅ”។

៤) មិត្ត​ស្រី​របស់ Davies

ក៏​ជា​កីឡាការនី​បាល់ទាត់ មាន​ឈ្មោះ Jordyn Huitema ហើយ​កាល​ពី​ឆ្នាំ ២០២០ ពួក​គេ​ប៊ិះ​តែ​នឹង​ក្លាយ​ជា​ដៃ​គូ​ស្នេហា​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់ អាច​លើក​ពាន UCL ផ្នែក​បុរស&នារី​នៅ​ឆ្នាំ​តែ​មួយ។ សោកស្តាយ PSG ផ្នែក​នារី ធ្លាក់​ត្រឹម​វគ្គ ៤ ក្រុម ហើយ Barcelona ​ឯ​ណោះ ដែល​ក្លាយ​ជា​ម្ចាស់​ពាន នៅ​កំឡុង​ពេល​ដែល Bayern Munich ឈ្នះ ផ្នែក​បុរស។

នាង​មាន​អាយុ​ប្អូន Davies មួយ​ឆ្នាំ ហើយ​និយាយ​អំពី​ទំនាក់ទំនង​គឺ​ស្អិត​រមួត និង​តែងតែ​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​លើ​បណ្តាញ​សង្គម។ គិត​មក​ទល់​ពេល​នេះ ពួក​គេ​ទាក់ទង​គ្នា​ជាង ៥ ឆ្នាំ​ហើយ រួច​ក៏​ធ្លាប់​បាន​បង្ហើប​អំពី​គម្រោង​ជីវិត​វែងឆ្ងាយ​ទៅ​មុខ​ផង​ដែរ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT