មក​ដឹកនាំ​ភ្លាម Xavi បាន​សួរ​ ២ សំណួរ​ចាក់​ដោត​នេះ​ទៅ​កាន់​កីឡាករ Barca ភ្លែត

ឆ្លង​កាត់​រយៈ​ពេល​ជាង ៥ ខែ អ្នកចាត់ការ​លោក Xavi Hernandez ហាក់​បាន​ផ្លាស់ប្តូរ​ក្លឹប Barcelona ដែល​សឹង​តែ​ធ្លាក់​ដល់​ចំណុច​សូន្យ ឲ្យ​ឡើង​មក​ជោគជ័យ​ជា​ថ្មី ជា​ពិសេស​គឺ​នៅ​លីគ​កំពូល​អេស្ប៉ាញ La Liga។ គិត​ត្រឹម​ជុំ​ទី ២៩ អ្នកមាន​បុណ្យ​ឈរ​លេខ ៣ មាន ៥៧ ពិន្ទុ នៅ​ចាញ់ Sevilla តែ ៣ ពិន្ទុ ដែល​ពួក​គេ​នាំ​មុខ​មុន​ពីរ​ជុំ។

បើ​តាម​សារព័ត៌មាន Diario Sport បាន​ទម្លាយ​នូវ​កម្រង​សំណួរ​ចាក់​ដោត ២ ដែល​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ បាន​សួរនាំ​ទៅ​កាន់​សមាជិក​ក្នុង​ក្រុម​ទាំង​អស់ គ្រា​លោក​ចូល​មក​ដឹកនាំ​ថ្មីថ្មោង។ ទី ១) តើ​អ្នក​រាល់​គ្នា​ប្តូរផ្តាច់​នឹង​រត់​ទៅ​មុខ​រហូត​សម្រាប់​ក្រុម​ដែរ​ឬ​ទេ? ២) តើ​អ្នក​រាល់​គ្នា នឹង​នៅ​តែ​មាន​ចិត្ត​ចូល​លេង​នាម​ជា​កីឡាករ​បម្រុង​ដែរ​ឬ​ទេ នៅ​នាទី ៩២ លើ​ទីលាន? សំណួរ​នេះ វា​បង្កប់​ន័យ​ធំធេង​ណាស់ ព្រោះ​អី Xavi ចង់​ឲ្យ​កីឡាករ​មាន​ឆន្ទៈ​ក្នុង​ការ​លះបង់​ដើម្បី​ក្រុម ក៏​ដូច​ជា​ចេះ​គោរព​វិន័យ​ឲ្យ​បាន​ល្អ។

លោក​ធ្លាប់​ជា​បុគ្គល​ជោគជ័យ​មួយ​កាល​នៅ​ជា​កីឡាករ ដូច្នេះ​លោក​យល់​ច្បាស់​អំពី​ទម្លាប់​ល្អ អំពី​របៀប​នៃ​ការ​លះបង់​សម្រាប់​ក្រុម។ ជាមួយ​សុពលភាព​កុងត្រា​របស់​គ្រូ​វ័យ ៤២ ឆ្នាំ គឺ​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ឯ​ណោះ សម្រាប់​ប្រកួត​បន្ទាប់ Barcelona នឹង​ត្រូវ​កំណត់​ជួប Levante នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ចន្ទ ទី ១១ មេសា៕

ប្រភព៖ Diario Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT