បុគ្គលិកនៅក្លឹប Manchester United បានបង្ហើបថានៅចុងសប្ដាហ៍នេះ ឬដើមសប្ដាហ៍ក្រោយ លោក Jose Mourinho នឹងត្រូវក្លឹបបណ្ដេញចេញពីតំណែងហើយ។
ទាំងកីឡាករ និងបុគ្គលិកនៅក្លឹបបិសាចក្រហមផ្ទាល់ បានបង្ហើបប្រាប់ទៅប្រភពខាងក្រៅថា ថ្នាក់លើកំពុងតែរកអ្នកចាត់ការថ្មីមកជំនួសលោក Jose Mourinho ហើយ។ ខណៈដែលការបណ្ដេញចេញអាចនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ ក្រោយពីប្រកួតជាមួយ Newcastle United ចប់។ ការរង់ចាំដល់ការប្រកួតចប់នេះ គឺដើម្បីមើលទៅលើការដឹកនាំរបស់លោក Jose ម្ដងទៀត ថាអាចនឹងបន្ដទៀត កីឡាករនៅស្ដាប់តាម ឬអស់ត្រឹមនេះហើយ។
មិនត្រឹមតែប៉ុណ្ណឹង មានបុគ្គលិកជាច្រើននាក់របស់លោក Jose បានឱ្យលេខទូរសព្ទឯកជទៅខាងក្លឹប Man Utd ផ្ទាល់ ដើម្បីទាក់ទងហៅពួកគេធ្វើការបន្ដ ប្រសិនបើអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះចាកចេញទៅ។ ខណៈដែលមានបុគ្គលិកខ្លះទៀត កំពុងស្វែងរកការងារថ្មីបាត់ទៅហើយ។
សូមបញ្ជាក់ថាការបង្ហើបពីគម្រោងបណ្ដេញអ្នកចាត់ការចេញនេះ គឺកើតឡើង ក្រោយពីលោក Jose ដឹកនាំក្រុមមិនល្អទាល់តែសោះ ពោលគឺរដូវកាលនេះជារដូវកាលអន់ជាងគេបំផុតក្នុងរយៈ ពេល២៩ឆ្នាំចុងក្រោយរបស់ក្រុម Man Utd ៕ប្រភព៖ dailymail