តើអ្វីខ្លះដែលគួរស្វែងយល់ អំពីវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup 2018 ?

ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រចាំឆ្នាំ ២០១៨ លើកទី ១២ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី ៦ ខែ តុលា ឆ្នាំ ២០១៨នេះ នៅឯពហុកីឡដ្ឋានជាតិ។

១. នរណាខ្លះស្ថិតក្នុងការប្រកួតតទល់គ្នានេះ ?
ក្រសួងការពារជាតិ នឹងត្រូវប្រកួតជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយពីពួកគេបានយកឈ្នះក្នុងការប្រកួតជម្រុះជាច្រើនដំណាក់កាលរួចមក។
២. អ្វីនឹងកើតឡើងប្រសិនពួកគេឈ្នះ ?
ក្រសួងការពារជាតិ នឹងក្លាយជាជើងឯកលើកទីបី ខណៈដែលកន្លងមកធ្លាប់ឈ្នះ ២ដង កាលពីឆ្នាំ ២០១០ និង ២០១៦ រីឯអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងក្លាយជាជើងឯកលើកទីពីរ ក្រោយជោគជ័យកាលពីឆ្នាំ ២០១៤ ។

៣. ចំណុចខុសគ្នារបស់ពួកគេនៅក្នុង Hun Sen Cup ឆ្នាំនេះ គឺជាអ្វី ?
ជាសំណាងមួយដែលអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះសុទ្ធតែក្រុមមិនសូវខ្លាំង ដែលមានដូចជា គិរីវង់សុខសែនជ័យ យុវជនសាលាបាល់ទាត់ជាតិបាទី U-18 និង អង្គរថាយហ្គឺរ ខុសប្លែកពីក្រសួងការពារជាតិ ដែលប៉ះសុទ្ធតែក្រុមខ្លាំងរួមមាន ណាហ្គាវើល នៅវគ្គ៨ក្រុមចុងក្រោយ និងទម្លាក់ក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

៤. មានអ្វីសំខាន់ក្នុងវគ្គផ្តាច់ព្រ័ត្រថ្ងៃស្អែកនេះ ?
តំលៃសំបុត្រចូលរួមទស្សនា នៅត្រូវកាត់ថ្លៃ ១,០០០រៀល ដើម្បីចូលរួមដល់មូលនិធិគន្ធបុប្ផា និងថែមទាំងមានការសម្តែងសិល្បៈសម័យ និងបុរាណ ផងដែរ ។
៥. មានអ្វីពិសេសជាងនេះដែលត្រូវដឹង?
ក្រុមទាំងពីរ ទើបតែជួបគ្នាពិរលើកក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៨នេះ ដោយក្នុងនោះក្រសួងការពារជាតិ ឈ្នះទាំងពីរជើងក្នុងលទ្ធផល ៤-០ នៅជើងទីមួយ និង ៣-១ នៅជើងទីពីរ ។

កុំភ្លេចចូលរួមទស្សនាការប្រកួតដ៏សំខាន់មួយនេះកុំបីខាន ដើម្បីតាមដានមើលថាតើក្រុមណានឹងក្លាយជាជើងឯកពានរង្វាន់ Hun Sen Cup លើកទី ១២ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT