យុទ្ធសាស្ត្រ​ចត​ឡាន​ក្រុង ៥-៥-០ របស់ Atletico យប់មិញ កើត​ចេញ​ស្ថិតិ​អន់​បំផុត​មិន​ធ្លាប់​មាន

នៅ​ការ​ប្រកួត​រវាង​ក្លឹប​មេឃ​ខៀវ Manchester City ដែល​ស្វាគមន៍​ក្លឹប​ភ្ញៀវ Atletico Madrid នៅ​ជើង​ទី ១ វគ្គ​ ៨ ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ UEFA Champions League បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ១-០ តែ​វា​ក៏​បាន​បង្កើត​នូវ​ស្ថិតិ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​មិន​ធ្លាប់​កើត​មាន​ពី​មុន​មក ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​អេស្ប៉ាញ។

ការ​តតាំង​ក្នុង​ទឹកដី Etihad នៅ​រយៈ​ពេល​ពេញ ៩០ នាទី ខាង​ក្រុម​ម្ចាស់​ទឹកដី គ្រប់គ្រង​បាល់ ៧១ ភាគរយ តាម​រយៈ​ការ​បញ្ជូន​បាល់ ៦៩៥ លើក មាន​អត្រា​ជោគជ័យ ៩០ ភាគរយ ឆ្លង​កាត់​ការ​ស៊ុត ១៥ លើក ចំ​គោលដៅ ២ លើក។ ធៀប​នឹង​ក្រុម​ភ្ញៀវ មាន​ស្ថិតិ​អន់​បំផុត​មិន​ធ្លាប់​មាន ដោយ​គ្រប់គ្រង​បាល់​តែ ២៩ ភាគរយ អត្រា​បញ្ជូន​បាល់​ជោគជ័យ​មាន​តែ ៧១ ភាគរយ ហើយ​មិន​មាន​ឱកាស​ស៊ុត​សូម្បី​តែ ១។ រហូត​ដល់​នាទី ៧០ ក្រោយ​ពេល​ដែល Phil Foden ទើប​ប្តូរ​ចូល​បាន ៨០ វិនាទី គេ​ក៏​បង្កើត​ឱកាស ហុច​បាល់ Assist ឲ្យ Kevin de Bruyne ដែល​រត់​ចូល​ក្នុង​ប្រអប់ អាច​ស៊ុត​បាល់​ផុត​ដៃ​អ្នកចាំទី ហើយ​រក្សា​លទ្ធផល​នោះ ដល់​ចប់​ការ​ប្រកួត។

ការ​ប្រកួត​ដ៏​ថាំ​ចិត្ត​មួយ​នេះ Man City បាន​ប្រើប្រាស់​ប្រព័ន្ធ ៤-៣-៣ ខណៈ​ដែល Atletico ប្រើ​ប្រព័ន្ធ ៥-៣-២ តែ​បើ​ស៊ី​ជម្រៅ​ឲ្យ​ជាក់ គឺ ៥-៥-០ ដែល​ជា​យុទ្ធសាស្ត្រ​ចត​ឡាន​ក្រុង លេង​ទប់​សុទ្ធ​សាធ ហើយ​រង់ចាំ​តែ​ឱកាស​វាយ​បក។

ស្ថិតិ​របស់ Atletico សារ​នេះ គឺ​រាប់​ថា​អន់​បំផុត​ហើយ ចាប់​តាំង​ពី​ការ​បង្កើត​ក្លឹប​រៀង​មក ទាំង​ការ​គ្រប់គ្រង​បាល់ និង​ឱកាស​នៃ​ការ​ស៊ុត គឺ​ត្រូវ​គេ​គ្រប​ជិត​ឈឹង។ នេះ​បើ​តាម​ការ​ស្រង់​ទិន្នន័យ​របស់​ Opta។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា Atletico ក៏​ក្លាយ​ជា​ក្រុម​ទី ៤ ដែល​មិន​អាច​ស៊ុត​សូម្បី​តែ​មួយ​លើក នៅ​ការ​ប្រកួត Champions League ខណៈ​ការ​កើត​ឡើង ៣ លើក​មុន​នោះ គឺ​គ្រា​ក្លឹប APOEL លេង​ទល់ Real Madrid នៅ​ឆ្នាំ ២០១២ និង​ពីរ​លើក​ផ្សេង​ទៀត គឺ​ក្រោម​ការ​ដឹកនាំ​របស់​បិតា Tika-Taka លោក Guardiola ជាមួយ Barcelona លេង​ទល់​ក្លឹប​ឆេក Viktoria Plzen និង​ក្លឹប​អង់គ្លេស ​Arsenal កាល​ពី​ឆ្នាំ ២០១១។

ជុំវិញ​ការ​ប្រកួត​ដ៏​តានតឹង​សារ​នេះ អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ លោក Guardiola បាន​និយាយ​ថា៖ “ដើម​ឡើយ​យើង​នឹក​ស្មាន ពួក​គេ​លេង​ប្រព័ន្ធ ៣-៥-២ តែ​នរណា​ទៅ​ដឹង គឺ​ប្តូរ​ភ្លាមៗ​មក ៥-៥-០ ជា​ប្រព័ន្ធ​ដែល​យើង​ពិបាក​នឹង​វាយ​សម្រុក​ខ្លាំង​បំផុត និយាយ​ទៅ​គ្មាន​ចន្លោះ​សោះ ហើយ​កីឡាករ At រឹងមាំ​ថែម​ទៀត ខណៈ​ដែល​យើង​សុទ្ធ​តែ​មាឌ​ល្អិត”។

លោក​បន្ត៖ “ដូច្នេះ​មាន​តែ​ពឹងផ្អែក​លើ​ការ​អត់ធ្មត់ ដោយ​ពេល​ចប់​តង់​ទី ១ ខ្ញុំ​ប្រាប់​កូន​ក្រុម​ហើយ ថា​យើង​ធ្វើ​បាន​ល្អ លុះ​ដល់​តង់​ទី ២ យើង​ក៏​បំបែក​ការ​រក​គ្រាប់​បាល់​បាន​សម្រេច តែ​យ៉ាង​ណា​ខ្ញុំ​មាន​អារម្មណ៍​ទុក​មុន ថា​នៅ​ការ​ប្រកួត​ជើង​ទី ២ ក្នុង​ទីក្រុង Madrid ការ​លេង​ក៏​នឹង​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ”។

រំឭក​ថា City មុន​ត្រូវ​ទៅ​ជួប Atletico ជា​ថ្មី នៅ​ទឹកដី​ប្រទេស​អេស្ប៉ាញ មុន​នោះ នៅ​ថ្ងៃ​អាទិត្យ ទី ១០ មេសា វេលា​ម៉ោង ១០:៣០ នាទី​យប់ ពួក​គេ​ក៏​ត្រូវ​បើក​កីឡដ្ឋាន Etihad ស្វាគមន៍​ក្លឹប​ Liverpool ជា​ប្រកួត​នៅ Premier League មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT