ការផ្លាស់មកប្រើប្រាស់ប្រព័ន្ធ ៥-៥-០ ឬជាការថតឡានក្រុង សម្រាប់ក្រុមដឹកនាំដោយលោក Diegom Simeone បានទប់ចង់បានលទ្ធផល ០-០ សឹងតែសម្រេចបានទៅហើយ ក៏ប៉ុន្តែដល់នាទី ៦៨ ស្រាប់តែការបញ្ចប់ទី អាចកើតឡើងបាន ចេញពីថ្វីជើងរបស់ Kevin de Bruyne ជាការសហការយ៉ាងល្អ របស់យុវជន Phil Foden។
នៅមុននោះប្រមាណ ៨០ វិនាទី Foden ត្រឹមជាកីឡាករបម្រុង ដែលទើបប្តូរចូលមកក្នុងទីលាន ហើយក្រោយការសាងបាល់ពីក្រោមចុះឡើង រហូតដល់ Rodri បញ្ជូនដល់ជើងកីឡាករអង់គ្លេស គេក៏ប្រើប្រាស់បច្ចេកទេសតែប៉ុន្មានប៉ះ រហូតដល់ហុចបាល់ដល់ជើង De Bruyne រត់ឆ្មក់ទៅក្នុងប្រអប់ ស៊ុតផុតដៃអ្នកចាំទី Atletico បានយ៉ាងល្អ។
ទស្សនាវីដេអូខាងក្រោម៖
បន្ទាប់ជ័យជម្នះសារនេះ កីឡាករវ័យ ២១ ឆ្នាំ ត្រូវបានអ្នកគាំទ្រ City បង្ហាញការកោតសរសើរជាខ្លាំង ដោយខ្លះនិយាយថា Foden ប្រៀបដូចជាកាដូនៃកីឡាករអង់គ្លេសល្អបំផុតមិនធ្លាប់បានឃើញពីមុនមក និងខ្លះទៀតថា គ្រាប់ពេជ្ររូបនេះ សក្តិសមនឹងទទួលបានការផ្តល់ជូនដ៏ធំណាមួយ នៅពេលខាងមុខ ហើយ City ត្រូវមើលគេឲ្យបានល្អ ជៀសវាងក្លឹបដទៃចូលចរចាយកបាន។ និយាយអំពីស្ថិតិរដូវកាលនេះ ជារួម ៣៥ ប្រកួត កីឡាករអង់គ្លេសរកបាន ១១ គ្រាប់និង Assist ៩ លើកឯណោះ៕
ប្រភព៖ SportBible