ស្ទាបស្ទង់​មើល ក្រុមនេះមានប្រៀបជាងហើយ! នេះ​គ្រាប់​បាល់​ព្យាករណ៍​ជំនួប Chelsea-Real Madrid

និស្ស័យ​បាន​កំណត់​ឲ្យ Chelsea ត្រូវ​មក​ជួប Real Madrid ជា​ថ្មី នៅ​ពាន​រង្វាន់ UEFA Champions League បន្ទាប់​ពី​ទើប​ប៉ះ​គ្នា​នៅ​រដូវ​កាល​ចាស់ នា​វគ្គ ៤ ក្រុម​ចុង​ក្រោយ។ ឥឡូវ​ងាក​មក​វគ្គ ៨ ក្រុម កាលបរិច្ឆេទ​ប្រកួត​ក៏​កៀក​នឹង​ចូល​មក​ដល់ ដោយ​ក្លឹប​ម្ចាស់ដី Stamford Bridge កំណត់​បើក​កីឡដ្ឋាន​នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​ទី ៧ មេសា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

មុន​ឈាន​ដល់​ការ​ប្រកួត យើង​ក៏​សូម​ធ្វើ​ការ​បង្ហាញ​នូវ​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន ក៏​ដូច​ជា​ស្ថិតិ មុន​ធ្វើ​ការ​ព្យាករណ៍​នូវ​ជម្រើស ១១ នាក់​ដំបូង និង​ចុង​ក្រោយ​គឺ​គ្រាប់​បាល់​ដែល​អាច​កើត​ឡើង​នៅ​ជើង​ទី ១ ខាង​មុខ​នេះ៖

១) ស្ថិតិ​រវាង​ក្រុម​ទាំង​ពីរ

បើ​និយាយ​ពី​ការ​ប៉ះ​គ្នា​សរុប គឺ​មាន ៥ លើក ដោយ Real Madrid មិន​ទាន់​ស្គាល់​ជ័យជម្នះ​នៅ​ឡើយ ពោល​គឺ Chelsea ឈ្នះ ៣ និង​ស្មើ ២។ នៅ​ការ​ប្រកួត​ពាន​របស់ UEFA រវាង​ក្លឹប​នៅ​អង់គ្លេស-អេស្ប៉ាញ គឺ​មិន​សូវ​កើត​មាន​គ្រាប់​បាល់​ឡើយ ខណៈ​ជ័យជម្នះ​របស់ Chelsea មាន ២-១, ១-០ និង ២-០។

ដោយឡែក ៥ ប្រកួត​ចុង​ក្រោយ នៅ​ក្នុង​លីគ​របស់ Chelsea គឺ​ឈ្នះ ៤ ចាញ់ ១ ដោយ​ទើប​ទក់​សាច់​ក្រោម​ថ្វី​ជើង​របស់ Brentford ៤-១។ រី​ឯ​ Real Madrid នៅ​ឯ​ La Liga ក៏​ប្រហែល​នឹង​តោ​ខៀវ​ដែរ គឺ​ឈ្នះ ៤ ចាញ់ ១ ដូច​គ្នា ហើយ​ការ​ចាញ់​នោះ គឺ ៤-០ ក្រោម​ថ្វី​ជើង​របស់ Barcelona។

២) ស្ថានភាព​កីឡាករ

សម្រាប់​ក្រុម​ដឹកនាំ​ដោយ​លោក Thomas Tuchel គឺ​ដឹង​តែ​អវត្តមាន​ហើយ Ben Chilwell ខណៈ​ដែល ៤ រូប​ទៀត នៅ​មិន​ទាន់​ប្រាកដប្រជា តួ​យ៉ាង​គឺ Callum Hudson-Odoi, Trevoh Chalobah និង Christian Pulisic។

ទៅ​មើល​ក្រុម​ដឹកនាំ​ដោយ​លោក Carlo Ancelotti ​ឯ​ណោះ របួស​ច្បាស់ការ​ម្នាក់​ដូច​គ្នា គឺ Eden Hazard ខណៈ Isco និង Luka Jovic នៅ​ស្ថិត​ក្រោម​មន្ទិល​សង្ស័យ។ ចំពោះ​ក្រុម​ទាំង​ពីរ ពុំ​មាន​ការ​ជាប់​កាត​ព្យួរ​ឈ្មោះ​កីឡាករ​ណា​មួយ​ឡើយ។

៣) ការ​ព្យាករណ៍​ជម្រើស ១១ នាក់​ដំបូង

សម្រាប់ Chelsea យើង​ជឿ​ថា នឹង​ប្រើ​ប្រព័ន្ធ ៣-៤-២-១ មាន​ដូច​ជា៖ Mendy; Azpilicueta, Silva, Rudiger; James, Jorginho, Kovacic, Alonso; Ziyech, Havertz, Mount

រី​ឯ Real Madrid នឹង​ប្រើ​ប្រព័ន្ធ ៤-៣-៣ មាន​ដូច​ជា៖ Courtois; Carvajal, Militao, Alaba, Mendy; Kroos, Casemiro, Modric; Asensio, Benzema, Vinicius Junior

៤) លទ្ធផល​ទស្សន៍ទាយ​គ្រាប់​បាល់

បរាជ័យ ៤-១ ទល់ Brentford អាច​ថា​មក​ពី​សំណាង គួប​ផ្សំ​នឹង​កីឡាករ​សំខាន់​ភាគច្រើន​ត្រៀម​ខ្លួន​មិន​ទាន់​រួចរាល់​ផង ព្រោះ​ទើប​វិល​ត្រលប់​ពី International Break។ ចំពោះ​ការ​លេង​ក្នុង​ដី យើង​មាន​ការ​ជឿជាក់​ច្រើន​ទៅ​លើ Chelsea ថា​មិន​ងាយ​នឹង​បរាជ័យ​ឡើយ ជា​ពិសេស​នៅ​ពាន​អឺរ៉ុប។

ដោយឡែក Real Madrid ដ្បិត​យក​ឈ្នះ ២-១ ទៅ​លើ Celta Vigo តែ​យើង​មើល​ការ​លេង​របស់​ពួក​គេ ក៏​មិន​ជា​ល្អ​លេចធ្លោ​ប៉ុន្មាន​ឡើយ ណា​មួយ​ដូច​អ្នក​ដឹង​ស្រាប់​ហើយ ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti ក៏​មាន​ពេល​ខ្លះ​ពួក​គេ​រាង​ភ្លាត់​ច្រើន​ដែរ ជាក់ស្តែង​ដូច​កាល​ប៉ះ​ PSG នៅ​ជើង​ទី ១ និង​កាល​ប៉ះ Barcelona ​ចាញ់ ៤-០ ថ្ងៃ​មុន។

ដូច្នេះ​ជា​រួម យើង​នៅ​តែ​ជឿ​ថា Chelsea ហាក់​មាន​ប្រៀប​ជាង​បន្តិច សម្រាប់​ការ​ប្រកួត​ជើង​ទី ១ សារ​នេះ អ៊ីចឹង​គ្រាប់​បាល់​ដែល​អាច​នឹង​កើត​ឡើង គឺ​ស្មើ ១-១ តែ​បើ​ឈ្នះ គឺ Chelsea ជា​អ្នក​ឈ្នះ នៅ​លទ្ធផល ២-១៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT