នេះ​ពន្យល់​អំពី​ដំណើរការ​ម៉ាស៊ីន​ត្រជាក់​ខ្នាត​យក្ស ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់នៅ World Cup 2022

ព្រឹត្តិការណ៍ FIFA World Cup ដែល​កំណត់​ធ្វើ​ឡើង​រៀងរាល់ ៤ ឆ្នាំ​ម្តង រមែង​កំណត់​យក​កាលបរិច្ឆេទ​ចន្លោះ​ខែ​មិថុនា ឬ​កក្កដា នៅ​រដូវ​ក្តៅ ប៉ុន្តែ​សារ​នេះ គឺ​ប្លែក ដោយ​ប្តូរ​មក​ប្រកួត​នៅ​រដូវ​រងាវិញ កំឡុង​ខែ​វិច្ឆិកា​និង​ធ្នូ ដែល​មាន​ប្រទេស​កាតារ​ធ្វើ​ជា​ម្ចាស់ផ្ទះ។

ហេតុផល​នៅ​ពី​ក្រោយ​នោះ គឺ​សាមញ្ញ ក៏​ដោយសារ​កាតារ ជា​ប្រទេស​ដែល​មាន​សីតុណ្ហភាព​ខ្ពស់ ហើយ​ជា​ទូទៅ​កំឡុង​ពាក់​កណ្តាល​ឆ្នាំ គឺ​ចំ​ពេល​ឡើង​កម្តៅ​ខ្លាំង ដល់​ជាង ៤០ អង្សា​សេ។ នេះ​ទោះ​លើក​មក​លេង​នៅ​រដូវ​រងា ក៏​នៅ​តែ​រាប់​ថា​ក្តៅ​ដែរ សម្រាប់​ប្រជាជន​នៅ​តំបន់​អឺរ៉ុប និង​អាមេរិក​ឡាទីន ព្រោះ​ជា​មធ្យម​ក៏​សីតុណ្ហភាព ចន្លោះ​ពី ២៣ ទៅ ២៥ អង្សា​សេ​។

ដើម្បី​ដោះស្រាយ​បញ្ហា ក៏​ដូច​ជា​ប្រឆាំង​នឹង​សីតុណ្ហភាព​ខ្ពស់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កីឡាករ និង​អ្នក​ទស្សនា​ក្នុង​កីឡដ្ឋាន គណៈ​រៀប​ចំ​កម្មវិធី​ប្រចាំ​ប្រទេស​កាតារ ក៏​សម្រេច​រៀបចំ​បំពាក់​ឡើង​នូវ​ម៉ាស៊ីន​ត្រជាក់​ខ្នាត​យក្ស ទៅ​ក្នុង​កីឡដ្ឋាន​ទាំង ៨ នៅ​ផែនការណ៍​កញ្ចប់​ចំណាយ​រួម​ប្រមាណ ២២០ ពាន់​លាន​ដុល្លារ។

ក៏​មាន​ការ​ចែកចាយ​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក ដែល​ផ្ទុះ​ការ​ចាប់​អារម្មណ៍​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ហើយ​មើល​មួយ​ភ្លែត​ស្មាន​តែ​កាណុង​កាំភ្លើង​ធំ តាម​ការ​ពិត​គឺ​ជា​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ដ៏​ទំនើប​របស់​ប្រទេស​កាតារ​សោះ។ កុំ​រង់ចាំ​យូរ​ទំព័រ CTS Sports សូម​ធ្វើ​ការ​សង្ខេប​និង​ពន្យល់​ត្រួសៗ​អំពី​ប្រព័ន្ធ​ដំណើរការ​របស់​វា​ដូច​ត​ទៅ៖

បច្ចេកវិទ្យា Cooling Technology នៃ​ម៉ាស៊ីន​ត្រជាក់​ដែល​កំពុង​រៀបចំ​ដាក់​ទៅ​ក្នុង​កីឡដ្ឋាន​ទាំង ៨ គឺ​ដំណើរការ​ដោយ​ការ​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ ឬ​យើង​ស្គាល់ Solar Energy។ ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នេះ គឺ​ឆ្លងកាត់​ការ​ដឹកនាំ​យ៉ាង​ល្អិតល្អន់​ចេញ​ពី​សាស្ត្រាចារ្យ​បណ្ឌិត​នៃ​មហាវិទ្យាល័យ​វិស្វកម្ម​របស់​កាតារ គឺ​លោក Saud Abdulaziz Abdul Ghani ឬ​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ជា “Dr Cool”។

ប្រាប់​គេហទំព័រ FIFA.com កាល​ពី​ពេល​កន្លង​ទៅ លោក Ghani ពន្យល់៖ “យើង​មិន​ត្រឹម​តែ​ឈរ​លើ​គោលដៅ​នាំ​ខ្យល់​ត្រជាក់​ចូល​មក​ក្នុង​កីឡដ្ឋាន​ទេ លើស​ពី​នេះ យើង​ក៏​នឹង​បន្សុទ្ធ​ឲ្យ​ខ្យល់​នោះ ក្លាយ​ជា​ខ្យល់​បរិសុទ្ធ ដែល​បង្កើត​ផាសុកភាព​សម្រាប់​មនុស្ស​ទាំង​អស់​ក្នុង​កីឡដ្ឋាន ឬ​សូម្បី​តែ​អ្នក​ដែល​អាឡែស៊ី​នឹង​ខ្យល់​បរិយាកាស”។

ជុំវិញ​ដំណើរការ​នៃ​ Cooling Technology របស់​កាតារ យើង​សង្ខេប ៥ ចំណុច​ដូច​ខាង​ក្រោម៖
១) វា​បឺត​យក​ខ្យល់​ក្តៅ​ពី​ខាង​ក្រៅ​កីឡដ្ឋាន មក​បម្លែង​ជា​ខ្យល់​ត្រជាក់ តាម​រយៈ​ការ​កង្ហារ​ម៉ាស៊ីន​ត្រជាក់ ដែល​រត់​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ
២) ខ្យល់​ត្រជាក់​ទាំង​អស់ នឹង​បំភាយ​ទៅ​ក្នុង​កីឡដ្ឋាន តាម​រយៈ​តម្រង​ដែល​គេ​បំពាក់​នៅ​ក្បែរ​កន្លែង​អង្គុយ​របស់​អ្នក​ទស្សនា និង​ក្បាល​ម៉ាស៊ីន​ធំ​នៅ​លើ​ទីលាន
៣) នេះ​វា​នឹង​ប្រើប្រាស់​បច្ចេកទេស​ចរាចរ​ខ្យល់ ដើម្បី​ទាញ​យក​ខ្យល់​​ត្រលប់​មក​វិញ
៤) ខ្យល់​ដែល​បាន​ទាញ​ត្រលប់​មក​វិញ នឹង​ត្រូវ​បាន​យក​ទៅ​បន្សុទ្ធ​ឲ្យ​ស្អាត និង​ត្រជាក់​ឡើង​វិញ
៥) ក្រោយ​មក ទើប​បំភាយ​ខ្យល់​ដែល​បន្សុទ្ធ​រួច ចេញ​ទៅ​ក្នុង​បរិវេណ​កីឡដ្ឋាន​ម្តង​ទៀត

មិន​មាន​ការ​បញ្ជាក់​ច្បាស់​នោះ​ទេ អំពី​ទំហំ​ចំណាយ​លើ​ការ​បំពាក់​នូវ​ម៉ាស៊ីន​ត្រជាក់​ខ្នាត​យក្ស​ទាំង​អស់ ក៏​ប៉ុន្តែ​ត្រឹម​ដឹង​ថា វា​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​ខ្ទង់​ចំណាយ​ល្បាក់ ២២០ ពាន់​លាន​ដុល្លារ ជា​ទំហំ​ចំណាយ​ខ្ពស់​បំផុត សម្រាប់​រៀបចំ World Cup ខណៈ​ពី​មុន​មក ធ្លាប់​តែ​មាន​ប្រទេស​ប្រេស៊ីល​ចាយ​អស់​ ១៥ ពាន់​លាន​ដុល្លារ និង​រុស្ស៊ី​អស់​ត្រឹម ១១,៦ ពាន់​លាន​ដុល្លារ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT