Abraham ថា​មូលហេតុ​នេះ ទើប​ខ្លួន​ហៅ Mourinho ជា​អ្នកចាត់ការ​ល្អ​បំផុត​ក្នុង​លោក

ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប AS Roma កីឡាករ Tammy Abraham ដែល​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត​លំដាប់​ទី ២ គឺ ៣៦ លាន​ផោន បាន​កោត​សរសើរ​មិន​ដាច់​ពី​មាត់ និង​លើក​ហេតុផល​ដែល​ថា លោក Jose Mourinho គឺ​ជា​អ្នកចាត់ការ​ល្អ​បំផុត​ក្នុង​លោក។ បញ្ជាក់​អ្នក​ទាំង​ពីរ​ធ្លាប់​សហការ​គ្នា​ម្តង​រួច​មក​ហើយ កំឡុង​ពេល​ឈរ​ជើង​ឲ្យ​ក្លឹប Chelsea នាម​ជា​គ្រូ​សិស្ស។

បុរស​វ័យ ២៤ ឆ្នាំ​ដែល​កំពុង​រីករាយ​នឹង​ការ​លេង​ឲ្យ​ក្លឹប​អ៊ីតាលី គេ​រក​បាន ២៣ គ្រាប់​និង Assist ៤ លើក នៅ​ការ​បង្ហាញ​ខ្លួន ៤១ ប្រកួត។ គេ​លើក​ឡើង​ថា Mourinho ជា​មនុស្ស​ដែល​យល់​ច្បាស់​ពី​កីឡាករ ហើយ​តែងតែ​រិះរក​គ្រប់​វិធី​ឲ្យ​កីឡាករ​ខិតខំ​ទៅ​មុខ​ជានិច្ច បើ​ទោះ​បី​ស្ថិត​នៅ​កម្រិត​ល្អ​ហើយ​ក៏​ដោយ។

Abraham ប្រាប់​ទៅ talkSPORT បែប​នេះ៖ “ហេតុផល​ខ្ញុំ​ហៅ​គាត់​ជា​អ្នកចាត់ការ​ល្អ​បំផុត​ក្នុង​លោក ព្រោះ​គាត់​ដឹង​ពី​របៀប​ដឹកនាំ​អ្នក គាត់​មាន​វិធី​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ខ្លួន​ឯង​ប្រៀប​ដូច​កីឡាករ​ពិសេស​មួយ គាត់​តែងតែ​ជំរុញ​ខ្ញុំ ឲ្យ​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ដ្បិត​ពេល​ខ្លះ​ខ្ញុំ​ទទួល​អារម្មណ៍​ថា​គ្រប់គ្រាន់​ហើយ​សម្រាប់​ខ្លួន​ឯង ក៏​ប៉ុន្តែ​គាត់​ប្រាប់​ខ្ញុំ​ឲ្យ​ខំ​បន្ត​ទៀត”។

លោក​បន្ត៖ “កាល​នៅ Chelsea ខ្ញុំ​ដូច​ជា​ក្មេង​ម្នាក់ មាន​អារម្មណ៍​ថា​តែងតែ​ពិបាក​ណាស់​ពេល​ហ្វឹកហាត់​ក្រោម​ការ​ដឹកនាំ​របស់​គាត់ តែ​ក្រោយ​មក​​ទើប​ខ្ញុំ​ដឹង ថា​របៀប​ហ្នឹង​ហើយ ធ្វើ​ឲ្យ​ខ្ញុំ​រីក​ចម្រើន​ឡើង រួច​មក​ដល់​ទី​នេះ ក៏​កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត​បន្ថែម ពេល​ដឹង​ថា​មាន Mourinho ជា​អ្នកចាត់ការ”៕

ប្រភព៖ talkSPORT

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT