បើ​មិន​បាន​តម្លៃ​ខ្លួន​ប៉ុណ្ណេះ Inter Milan នឹង​មិន​លក់​ចេញ Martinez ដាច់​ខាត

ក្លឹប​អ៊ីតាលី Inter Milan ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់​តម្លៃ​ជា​កំហិត​មួយ​សម្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Lautaro Martinez ក្រោយ​លេចលឺ​ថា​មាន​ក្លឹប​យក្ស​ជា​ច្រើន​នៅ​ទូទាំង​តំបន់​អឺរ៉ុប ចាប់​អារម្មណ៍​ចង់​នាំ​យក​គេ ទៅ​ចូលរួម នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។

នោះ​គឺ ខាង​ក្លឹប​អាណាព្យាបាល​ដាក់​តម្លៃ​ខ្លួន​កីឡាករ​វ័យ ២៤ ឆ្នាំ​នៅ​តម្លៃ ៨០ លាន​អឺរ៉ូ ឬ ៦៧ លាន​ផោន​ជា​កំហិត ទើប​ព្រម​អនុញ្ញាត​ឲ្យ​គេ​ចាកចេញ​ទៅ​កាន់​ទ្រនំ​ថ្មី។ នេះ​ជួន​ពេល​ដែល​សុពលភាព​កុងត្រា​របស់​កីឡាករ​អាហ្សង់ទីន​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ ជាមួយ​ក្លឹប​ម្ចាស់ដី San Siro។

យើង​ឃើញ​ថា រដូវ​កាល​នេះ Martinez នៅ​តែ​រាប់​បាន​ជា​ចំណែក​សំខាន់​របស់​ក្រុម​ដឹកនាំ​ដោយ​លោក Simone Inzaghi ដោយ​បង្ហាញ​ខ្លួន ៣៩ ប្រកួត រក​បាន ១៦ ក្រាប់​និង Assist ២ លើក។ និយាយ​អំពី​ក្លឹប​ដែល​ចង់​បាន Martinez រួម​មាន​ក្លឹប Tottenham Hotspur, Arsenal និង Man Utd ជា​ដើម។ នេះ​បើ​តាម​សារព័ត៌មាន Calciomercato បាន​ចុះ​ផ្សាយ៕

ប្រភព៖ Calciomercato

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT