Barcelona ដាក់​តម្លៃ Ronald Araujo មក​ហើយ ចាំ​មើល Man Utd គិត​បែប​ម៉េច?

ពេល​ចុងក្រោយ​យើង​លឺ​ដំណឹង​ថា ក្លឹប​បិសាច​ក្រហម Manchester United ហាក់​ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​ការពារ​ថ្មី ចេញ​ពី​ក្លឹប Barcelona គឺ​កីឡាករ Ronald Araujo។ ខាង​ក្លឹប​អង់គ្លេស បាន​ត្រៀម​ខ្លួន​រួចរាល់ ដោយ​ចង់​សម្រេច​ការ​ចរចា​ត្រឹម​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ហើយ​ឥឡូវ​ខាង​ភាគី​ក្លឹប​អាណាព្យាបាល​ក៏​បាន​ដាក់​តម្លៃ​មក​ហើយ។

បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា ខ្សែ​ការពារ​ខាង​លើ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ទឹកដី Camp Nou ប្រសិន​ណា​ក្លឹប​ចង់​បាន​អាច​ផ្តល់​ឲ្យ​នូវ​តម្លៃ​ផ្ទេរ​ចេញ ប្រមាណ ៤០ លាន​អឺរ៉ូ ឬ​ជាង ៤៤ លាន​ដុល្លារ។ នេះ​ស្រប​ពេល​ដែល​សុពលភាព​កុងត្រា​របស់​កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។


បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក Xavi Hernandez វត្តមាន​ខ្សែ​ការពារ​កណ្តាល​រូប​នេះ គឺ​នៅ​តែ​សំខាន់ ដោយ​បង្ហាញ​ខ្លួន​សរុប ៣៣ ប្រកួត រក​បាន ៤ គ្រាប់​នៅ​រដូវ​កាល ២០២១/២២។ យ៉ាង​ណា​ដោយសារ​កីឡាករ​មិន​ព្រម​ការ​បន្ត​កុងត្រា​ថ្មី ដូច្នេះ​ក្លឹប​ក៏​សម្រេច​បើក​ផ្លូវ​ឲ្យ​គេ​ចេញ ជា​ជាង​រក្សា​ទុក​ដល់​អស់​តម្លៃ​ខ្លួន​នៅ​ឆ្នាំ​បន្ទាប់។ ឥឡូវ​យើង​ចាំ​មើល ថា​តើ​ក្លឹប Man Utd នឹង​ព្រម​នៅ​តម្លៃ​ខាង​លើ​ដែរ​ឬ​ទេ?

ប្រភព៖ El Nacional

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT