Rooney ថា Maguire ជា​មួយ​ក្នុង​ចំណោម ៣ រូប ដែល​ធានា​ជម្រើស​ដំបូង​ឲ្យ​អង់គ្លេស​នៅ World Cup

ដ្បិត​មាន​មតិ​ជា​ច្រើន​រិះគន់​អំពី​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​របស់​ខ្សែ​ការពារ Harry Maguire ក៏​ប៉ុន្តែ​ងាក​ទៅ​អតីត​ជើង​ចាស់​លោក Wayne Rooney បែរ​ជា​នៅ​គាំទ្រ ហើយ​ឈរ​ខាង​កីឡាករ​របស់​ក្លឹប Man Utd រួច​ថែម​ទាំង​សង្កត់​ធ្ងន់​ថា គេ​អាច​ធានា​ការ​ជាប់​ជម្រើស​ដំបូង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស នៅ​ព្រឹត្តិការណ៍ World Cup 2022 ខាង​មុខ​ទៀត​ផង។

​ប្រាប់​សារព័ត៌មាន The Sun អតីត​ខ្សែ​ប្រយុទ្ធ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ​ក្រុម​តោ​កំណាច​និយាយ៖ “Maguire គេ​ត្រូវ​តែ​បាន​លេង វា​ច្បាស់​ណាស់​ដែល​ថា​នៅ​ក្លឹប Man Utd គេ​ធ្វើ​មិន​បាន​ល្អ តែ​នៅ​ការ​លេង​ឲ្យ​អង់គ្លេស គឺ​គេ​ពិត​ជា​អស្ចារ្យ សម្រាប់​ខ្ញុំ ៣ រូប ដែល​ត្រូវ​តែ​មាន​ឈ្មោះ​លេង​ឲ្យ​អង់គ្លេស នោះ​គឺ Harry Kane, Maguire និង Raheem Sterling ពួក​គេ​មាន​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ក្រុម ហើយ​ក៏​ជា​បង្អែក​របស់​លោក Gareth Southgate ​ផង​ដែរ”។

គួរ​បញ្ជាក់​ថា កាលបរិច្ឆេទ​ប្រកួត World Cup ក្នុង​ប្រទេស​កាតារ គឺ​នៅ​សល់​ពេល​ជាង ៧ ខែ​ទៀត ហើយ​អង់គ្លេស​បាន​ចាប់ឆ្នោត​ត្រូវ​ជួប​អ៊ីរ៉ង់ សហរដ្ឋអាមេរិក និង​មួយ​ក្នុង​ចំណោម​អ៊ុយក្រែន វែល​ឬ​ស្កុតឡែន​នៅ​ក្នុង​ពូល B។ ស្ថិតិ​របស់ Maguire នៅ​ជម្រើស​ជាតិ សរុប​បង្ហាញ​ខ្លួន ៤២ ​ប្រកួត ហើយ​រក​បាន ៦ ​គ្រាប់៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT