ក្រោយបញ្ចប់សប្តាហ៍ទី ៣៣ នៅក្នុងក្របខ័ណ្ឌលីគកំពូលថៃ គេរកឃើញក្រុមផ្លូវការទាំង ៥ ដែលត្រូវកាត់ចេញទៅលេងលីគទីពីរ នៅរដូវកាលក្រោយហើយ នោះគឺ Chainat Hornbill, Police Tero, Navy FC, UBON UMT United និង Air Force Central FC ដែលគ្មានលទ្ធភាពប្រជែងបន្តទៀតឡើយ ខណៈលីគនៅសល់មួយប្រកួតទៀតទើបចប់។
ខ្សែប្រយុទ្ធល្បីឈ្មោះរបស់ជម្រើសជាតិមីយ៉ាន់ម៉ា ដែលផ្ទេរមកលេងឱ្យក្លិប Police Tero កាលពីដើមរដូវកាល ២០១៨កន្លងទៅនេះ ពីក្លិបដើម Yadanarbon FC បានបង្ហាញទម្រង់លេងយ៉ាងល្អឱ្យក្លិប និងរកបានគ្រាប់បាល់ជាច្រើនផងដែរ ។ Aung Thu លេងបាន ២៨ប្រកួតឱ្យ Police Tero ខណៈស៊ុតចូលទីបាន ១១គ្រាប់ទៀតផង តែមិនគ្រប់គ្រាន់អាចជួយក្លិបមួយនេះនៅបន្តក្នុងលីគកំពូលបានជាបន្តទៀត ។
គួរបញ្ជាក់ផងដែរថានេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប Police Tero (ឈ្មោះអតីតកាល BEC Tero Sasana) ហើយដែលធ្លាក់ចេញពីលីគកំពូល ព្រោះតាំងពីចាប់ផ្តើមលីគនៅឆ្នាំ ១៩៩៦មក ពួកគេមិនធ្លាប់កាត់ចេញម្តងណាឡើយ ។
ដូចនេះចាំមើលថា តើ Aung Thu នឹងត្រូវក្លិបនៅលីគកំពូលថៃដទៃទៀត តាមប្រជែងយកឬយ៉ាងណា ស្របពេលដែលរូបមន្តថ្មី លីគកំពូលថៃរដូវកាល ២០១៩ នឹងបន្ថែមកូតាកីឡាករអាស៊ាន ដល់ទៅ ៣នាក់ ៕