កូន​ហង្ស​មួយ​រូប ខំ​ទៅ​ព្យាបាល​ដល់​ឌូបៃ ដើម្បី​ស្រូត​ឲ្យ​ទាន់​ពេល​ប្រកួត​ទល់ City

ក្លឹប​ហង្ស​ក្រហម Liverpool តាម​កាលបរិច្ឆេទ​គឺ​កំណត់​ត្រូវ​ជួប​ក្លឹប​មេឃ​ខៀវ Manchester City នៅ​ថ្ងៃ​ទី ១០ ​មេសា វេលា​ម៉ោង ១០:៣០ នាទី​យប់ ក៏​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ ប្រកួត​ខាង​មុខ​នេះ​សំខាន់​ណាស់ ដោយ​វា​អាច​នឹង​កំណត់​ពី​លទ្ធភាព​ក្រុម​អាច​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​នៅ​រដូវ​កាល ២០២១/២២។

យ៉ាង​ណា​សម្រាប់​ក្រុម​លោក Jurgen Klopp ក៏​ស្រាប់​តែ​ជួប​រឿង​មិន​ល្អ មុន​ដល់​ថ្ងៃ​ប្រកួត ដោយ​កីឡាករ​លេង​តំណែង​ការពារ​ស្លាប Trent Alexander-Arnold បាន​ជួប​បញ្ហា​របួស​តាំង​ពី​មុន International Break ទៀត​ម្ល៉េះ។ ឥឡូវ​គេ​មិន​នៅ​ស្ងៀម​ទេ ដោយ​គេ​បាន​ហោះ​ទៅ​ទីក្រុង​ឌូបៃ ដើម្បី​ធ្វើ​ការ​ព្យាបាល​ពិសេស ក្នុង​គោលដៅ​ពន្លឿន​ល្បឿន រំពឹង​អាច​វិល​មក​វិញ​ទាន់​ពេល សម្រាប់​ប្រកួត​នៅ​ទឹកដី Etihad។ នេះ​បើ​តាម​សារព័ត៌មាន The Athletic បាន​ចុះ​ផ្សាយ។

បញ្ជាក់​ថា Arnold គេ​បាន​រង​របួស​ត្រង់​ផ្នែក​សរសៃពួរ ហើយ​ស្ថានភាព​នេះ អាច​នាំ​ឲ្យ​គេ​ខកខាន​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ទល់ Watford ក៏​ដូច​ជា​ជើង​ទី ១ វគ្គ ៨ ក្រុម​ចុង​ក្រោយ នា​ពាក់​កណ្តាល​សប្តាហ៍​បន្ទាប់​ទល់ Benfica នៅ​ឯ UCL។ ក៏​ប៉ុន្តែ​ប្រកួត​ទល់ Man City គឺ​សង្ឃឹម​នៅ​ភាគរយ​ខ្ពស់។ រំឭក​អំពី​ស្ថិតិ​របស់​យុវជន​សញ្ជាតិ​អង់គ្លេស​បន្តិច ដោយ​រក​បាន ២ គ្រាប់​និង Assist ១៧ លើក​ឯ​ណោះ នៅ​ការ​បង្ហាញ​ខ្លួន ៣៥ ប្រកួត៕

ប្រភព៖ The Athletic

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT