Beckham ចង់​ប្រមូល​កីឡាករ Barca ៤ រូប​នេះ ឲ្យ​មក​ជួបជុំ​គ្នា​ជា​ថ្មី​នៅ​ក្លឹប​អាមេរិក

ម្ចាស់​ក្លឹប Inter Miami លោក David Beckham បាន​មាន​គម្រោង​ចង់​ប្រមែប្រមូល​កីឡាករ​ចាស់​ថ្មី​របស់​ Barcelona មក​ជួបជុំ​គ្នា​ម្តង​ទៀត នៅ​ទ្រនំ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក។ ផែនការណ៍​សារ​នេះ ប្រសិន​ជា​ជោគជ័យ នោះ​ក្លឹប Miami នឹង​ក្លាយ​ជា​ក្លឹប​ដ៏​លេចធ្លោ​មួយ ប្រចាំ​លីគ​កំពូល Major League Soccer ជា​មិន​ខាន។

បើ​តាម​សារព័ត៌មាន Football Espana ចុះ​ផ្សាយ​ថា អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស ដែល​ជា​ម្ចាស់​ក្លឹប​បច្ចុប្បន្ន បាន​សម្លឹង​ឃើញ Lionel Messi ជា​គោលដៅ​អាទិភាព ហើយ​ជឿ​ថា ក្រោយ​ចប់ World Cup 2022 ក៏​អាច​នឹង​ក្លាយ​ជា​ពេលវេលា​សមស្រប​មួយ សម្រាប់​ចរចា​នាំ​យក​កីឡាករ​អាហ្សង់ទីន​មក​កាន់​ទឹកដី​សហរដ្ឋអាមេរិក។

ទន្ទឹម​នោះ ក៏​សម្លឹង​ឃើញ Luis Suarez ដែល​ពេល​ចុង​ក្រោយ គេ​មិន​រីករាយ​នឹង​ការ​ឈរ​ជើង​ជាមួយ​ក្លឹប​ Atletico Madrid ឡើយ។ Beckham ជឿ​ថា ពេលវេលា​ការ​ឈរ​ជើង​ឲ្យ​ក្លឹប​នៅ​តំបន់​អឺរ៉ុប សម្រាប់​កីឡាករ​អ៊ុយរុយហ្គាយ ប្រហែល​ឈាន​មក​ដល់​ទី​បញ្ចប់​ហើយ។

អ្នក​ផ្សេង​ទៀត មាន​ខ្សែ​ការពារ Jordi Alba និង​ខ្សែ​បម្រើ Sergio Busquets ដែល​សព្វថ្ងៃ​នៅ​ឈរ​ជើង​ឲ្យ​ក្លឹប Barcelona ក៏​ប៉ុន្តែ​មាន​ចចាមអារ៉ាម​អាច​នឹង​ចាកចេញ ក្រោយ​កត្តា​អាយុ​ក៏​កាន់​តែ​ចំណាស់។ តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា Beckham ចង់​សម្រេច​នាំ​យក​អ្នក​ទាំង ៤ ឲ្យ​បាន​មុន​ការ​ចាប់ផ្តើម​រដូវ​កាល ២០២៣/២៤៕

ប្រភព៖ Football Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT