Barca មាន​គម្រោង​កាត់​ថ្លៃ​ពលកម្ម​កីឡាករ ៣ រូប​នេះ ដើម្បី​សម្រួល​ដល់​ការ​នាំ​យក​ចំណូល​ថ្មី

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​រៀបចំ​ក្នុង​ការ​ចរចា​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​កីឡាករ​ក្នុង​បន្ទុក ៣ រូប​មាន Jordi Alba, Sergio Busquets និង Gerard Pique លើ​គោលដៅ ដើម្បី​សម្រួល​ដល់​ការ​នាំ​ចូល​អ្នក​ថ្មី មិន​ឲ្យ​ល្មើស​ច្បាប់​ហិរញ្ញវត្ថុ FFP។

ប្រព័ន្ធ​កីឡាករ​របស់​អ្នក​មាន​បុណ្យ បន្ទាប់​ពី​ដក​ចេញ Lionel Messi ក៏​ពួក​គេ​នៅ​តែ​ប្រឈម​ខ្ពស់​ផង​ដែរ នៅ​ការ​ល្មើស​ច្បាប់​ហិរញ្ញវត្ថុ ប្រសិន​បន្ថែម​ការ​នាំ​យក​កីឡាករ​កំពូល​ដូច​ជា Erling Haaland ឬ Robert Lewandowski ដែល​ស្ថិត​ក្នុង​រ៉ាដា​ចង់​បាន​នា​ពេល​ចុង​ក្រោយ។

បើ​តាម​សារព័ត៌មាន Marca ចុះ​ផ្សាយ​ថា មធ្យោបាយ​របស់​ក្លឹប គឺ​មាន​តែ​ផ្លូវ​ហ្នឹង​មួយ​ប៉ុណ្ណោះ នោះ​គឺ​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​កីឡាករ​ដែល​ស៊ី​ថ្លៃ​ស្រាប់​ក្នុង​ក្លឹប តួ​យ៉ាង​គឺ Busquets, Pique និង Alba ជា​ដើម។ មិន​ច្បាស់​ថា​ក្លឹប​នឹង​ចរចា​កាត់​ប៉ុន្មាន​ភាគរយ​ទេ តែ​បើ​ទៅ​មើល​សុពលភាព​កុងត្រា​សេសសល់ គឺ​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ សល់​ដល់​រដូវ​ក្តៅ ឆ្នាំ ២០២៣ ស្រប​ពេល​ដែល​ខ្សែ​ការពារ​កណ្តាល និង​ស្លាប សល់​ដល់​ឆ្នាំ​បន្ទាប់​មួយ​ទៀត​គឺ ២០២៤៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT