ម្ចាស់​ជើង​ឯក World Cup ២ រូប ទាយ​ថា Real Madrid នឹង​គ្មាន​គីឡូ​លោត​រួច​ជាមួយ Chelsea

ការ​ប្រកួត Champions League វគ្គ ៨ ក្រុម​ចុង​ក្រោយ ក៏​កៀក​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ ហើយ​ក្នុង​ចំណោម​នោះ គឺ​មាន​គូ​ពិសេស រវាង Chelsea ប៉ះ Real Madrid ដែល​កំណត់​លេង​នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ថ្ងៃ​ទី ៧ និង ១៣ មេសា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ នេះ​រាប់​បាន​ជា​គូ​សងសឹក ព្រោះ​អី​រដូវ​កាល​ចាស់​ ធ្លាប់​ប៉ះ​គ្នា​ម្ដង​ហើយ ដោយ​ស្ដេច​ស រង​បរាជ័យ​ក្រោម​ថ្វី​ជើង​តោ​ខៀវ នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ដោយឡែក​ងាក​មក​រដូវ​កាល​នេះ ដ្បិត Real Madrid ទើប​តែ​សម្ញែង​សាច់​ដុំ ទម្លាក់​ក្រុម​ខ្លាំង PSG ក៏​នៅ​តែ​មាន​ការ​ទស្សន៍ទាយ​ជា​មុន ពី​ជើង​ចាស់ ២ រូប បែរ​ថា Chelsea ​ឯ​ណោះ​ទេ ដែល​នឹង​ក្លាយ​ជា​ក្រុម​ឈ្នះ ហើយ​ឈោង​បាន​កៅអី​ឆ្ពោះ​ទៅ​វគ្គ​បន្ទាប់ ៤ ក្រុម​ចុង​ក្រោយ Champions League។

ម្ចាស់​ជើង​ឯក World Cup ជំនាន់​ឆ្នាំ ១៩៩៨ របស់​បារាំង គឺ​លោក Emmanuel Petit និង Frank Leboeuf បាន​ជឿជាក់​ស្រដៀង​គ្នា ថា​ក្រុម​ដឹកនាំ​ដោយ​លោក Thomas Tuchel នឹង​អាច​បំបាក់​ក្រុម​លោក Carlo Ancelotti ឲ្យ​ហាល​អាវ​ត្រឹម​វគ្គ​នេះ។

លោក Leboeuf និយាយ៖ “ខ្ញុំ​គិត​ថា Chelsea គឺ​ជា​ក្រុម​ល្អ​ជាង Real Madrid នេះ​ប្រហែល​អ្នក​គាំទ្រ​ខ្លះ មិន​រីករាយ​នឹង​ការ​ដែល​ខ្ញុំ​និយាយ​បែប​នេះ​ទេ ប្រហែល​ពួក​គេ​គិត​ថា​ខ្ញុំ​ជា​អ្នក​គាំទ្រ PSG ទើប​បន្ទាប Real តែ​អ្នក​កុំ​ភ្លេច​ឲ្យ​សោះ អតីតកាល​ខ្ញុំ​ធ្លាប់​ជា​ប្រធាន​ក្រុម Marseille [ក្លឹប​គូ​ប្រជែង​របស់ PSG]”។

លោក​បន្ថែម​ថា៖ “រួច​បើ​យើង​មើល​ទៅ​ប្រកួត​ទល់ Barcelona ​ថ្ងៃ​មុន លទ្ធផល ៤-០ គឺ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល ទាំង​អស់​នេះ​ហើយ ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្ញុំ​ជឿជាក់​ទៅ​លើ Chelsea ជា​ជាង Real Madrid”។

រី​ឯ​មតិ​របស់​លោក Petit បាន​បញ្ជាក់​ថា៖ “ជា​ការ​ពិត Chelsea គឺ​នឹង​អាច​ទម្លាក់ Real Madrid ព្រោះ​បើ​យើង​មើល​ទៅ​ប្រកួត El Clasico ​ថ្ងៃ​មុន ហើយ​ជា​ពិសេស​កាល​ទល់ PSG ក៏​ខ្ញុំ​នៅ​ទស្សនា​ដោយ​ផ្ទាល់ សឹង​តែ​ថា​ទាំង​ពីរ​ជើង​នោះ គឺ PSG ល្អ​ជាង ហើយ​គួរ​តែ​រក​បាន យ៉ាង​ហោច ៥ ឬ ៦ គ្រាប់”។

លោក​បន្ថែម៖ “រួច Chelsea គឺ​មាន​កីឡាករ​ល្អ​ច្រើន​ណាស់ ដែល​នឹង​អាច​បង្ក​ការ​ឈឺចាប់​ដល់ Real Madrid ខ្ញុំ​ដឹង​ថា ក្លឹប​អធិរាជ​ស ពួក​គេ​មាន​ប្រវត្តិសាស្ត្រ​ជោគជ័យ​ខ្លាំង​នៅ​ពាន​រង្វាន់​នេះ តែ​ខ្ញុំ​ច្បាស់​ថា Chelsea គឺ​ល្អ​ជាង ពួក​គេ​នឹង​អាច​ឆ្លង​ទៅ​វគ្គ​បន្ទាប់”។

គួរ​បញ្ជាក់​ដែរ​ថា ស្ថិតិ​ប៉ះ​គ្នា​រវាង Chelsea-Real Madrid គឺ​ធ្លាប់​កើត​ឡើង​តែ ៥ លើក​គត់ ដោយ​តោ​ខៀវ ឈ្នះ ៣ ស្មើ ២ ដែល​មាន​ន័យ​ថា អធិរាជ​ស មិន​ទាន់​ស្គាល់​រសជាតិ​ឈ្នះ​សូម្បី​តែ​មួយ។ កាល​ពី​រដូវ​កាល​មុន នៅ​ជើង​ទី ១ ក្នុង​ទឹកដី Real គឺ​ស្មើ ១-១ ហើយ​បក​មក​ជើង​ទី ២ នៅ​ទឹកដី Chelsea ម្ចាស់ផ្ទះ​យក​ឈ្នះ ២-០។ ចុះ​សម្រាប់​មតិ​គ្នា​យើង​វិញ ជឿ​ថា ជា Chelsea ឬ​ក៏ Real Madrid ដែល​នឹង​ត្រូវ​ហាល​អាវ​ត្រឹម​វគ្គ​នេះ?

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT