រត់​រួច​អត់? ក្លឹប​អាណាព្យាបាល​គេ​ទារ ១៥០ លាន​ផោន បើ Man Utd ចង់​បាន​ម្នាក់​នេះ

នៅ​សល់​តែ​រយៈ​ពេល​ជិត ២ ខែ​ទៀត​ប៉ុណ្ណោះ រដូវ​កាល​នៅ Premier League នឹង​ត្រូវ​បាន​បញ្ចប់ ហើយ​ឆ្លង​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ ក៏​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ឈាន​ចូល​មក​ដល់។ ងាក​ទៅ​មើល Man Utd គឺ​ជា​ក្លឹប​ដែល​ស្ថិត​ក្នុង​ចចាមអារ៉ាម​ច្រើន​ជាង​គេ មិន​ថា​តែ​ការ​លក់​ចេញ និង​ទិញ​ចូល​កីឡាករ​នៅ​ពេល​ខាង​មុខ។

មួយ​ក្នុង​ចំណោម​នោះ ក្រុម​ដឹកនាំ​ដោយ​លោក Ralf Rangnick ក៏​លេចលឺ​ថា ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​បម្រើ​របស់​ក្លឹប​ញញួរ​ធំ West Ham United គឺ​កីឡាករ Declan Rice។ បើ​តាម​សារព័ត៌មាន Daily Mail ចុះ​ផ្សាយ​ថា ភាគី​ក្លឹប​អាណាព្យាបាល ក៏​បាន​ដាក់​តម្លៃ​ខ្លួន​របស់ Rice មក​ហើយ​ដែរ ដោយ​ទាមទារ​យ៉ាង​ហោច​ណាស់ ១៥០ លាន​ផោន​ជា​កំហិត ទើប​ព្រម​អនុញ្ញាត​ឲ្យ​គេ​ចេញ។

នេះ​រាប់​បាន​ជា​តម្លៃ​ដ៏​ក្រាស់ក្រែល​មួយ ឬ​ហៅ​បាន​ថា តម្លៃ​ដាក់​បិទ​ផ្លូវ​មិន​ចង់​ឲ្យ​កីឡាករ​ចាកចេញ​តែ​ម្តង ដ្បិត​អី​សុពលភាព​កុងត្រា សេសសល់​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ហើយ​បើ​តាម​ហាងឆេង​ពី​អ្នក​វិភាគ​ជា​ច្រើន ប៉ាន់ប្រមាណ​ថា​កីឡាករ​អង់គ្លេស​ខាង​លើ គួរ​ថ្លៃ​ចន្លោះ ៨០ ទៅ ១០០ លាន​ផោន​ខ្ពស់​បំផុត។

បញ្ជាក់​ថា Rice ធ្លាប់​ជា​អតីត​យុវជន​ថ្នាល​របស់​ក្លឹប​តោ​ខៀវ Chelsea មុន​បោះ​ជំហាន​មក​ចូលរួម​ហ្វឹកហាត់​បន្ត ជាមួយ​ក្លឹប​ញញួរ​ធំ West Ham កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៣។ រហូត​មក​ដល់​ឆ្នាំ ២០១៧ ទើប​គេ​ទទួល​បាន​ឱកាស មក​ចូលរួម​នៅ​ឈុត​ធំ ហើយ​ស្ថិតិ​បង្ហាញ​ខ្លួន​សរុប ១៨៣ ប្រកួត រក​បាន ៩ គ្រាប់​និង Assist ៩ លើក។ ដូច្នេះ​យើង​នឹង​រង់ចាំ​មើល​ ថា​តើ​ក្លឹប​ម្ចាស់ដី Old Trafford នឹង​អាច​មាន​លទ្ធភាព​រត់​រួច ក្នុង​ការ​ចំណាយ ១៥០ លាន​ផោន ដើម្បី​យក Rice ឬ​ក៏​ត្រូវ​បោះបង់ ហើយ​បើក​ផ្លូវ​ឲ្យ​ភាគី​ក្លឹប​ដទៃ​ណា​មួយ?

ជុំវិញ​រឿងរ៉ាវ​ចចាមអារ៉ាម​នេះ​ដែរ ងាក​ទៅ​អតីត​កីឡាករ​នៅ Premier League លោក Gabriel Agbonlahor ក៏​បាន​និយាយ​ថា ខ្សែ​បម្រើ​វ័យ ២៣ ឆ្នាំ នឹង​មិន​ជ្រើស​យក​ការ​ផ្ទេរ​ទៅ​ក្លឹប Man Utd នោះ​ទេ ផ្ទុយ​ទៅ​វិញ គេ​នឹង​គិតគូរ​ការ​ជ្រើស​យក​ក្លឹប​ក្រៅ​តំបន់ គឺ​អាច​ជា Real Madrid។

ប្រាប់ talkSPORT លោក Agbonlahor ពន្យល់​បែប​នេះ៖ “ខ្ញុំ​មើល​ទៅ​ក្លឹប Manchester City ​ឯ​ណោះ ពួក​គេ​មាន Rodri ហើយ​ប្រសិន Fernandinho ចាកចេញ ក៏​មាន Rodri នេះ​មក​បំពេញ​កន្លែង​ដែរ រួច​យើង​សម្លឹង​ទៅ Chelsea បើ​ទោះ​បី​ពួក​គេ​ចង់​បាន ក៏​មិន​មាន​ឱកាស ឬ​លទ្ធភាព​ក្នុង​ការ​ចាយវាយ​ក្រាស់ក្រែល​ទៅ​លើ Rice បើផ្អែកតាម​ស្ថានភាព​ក្លឹប​នា​ពេល​ចុងក្រោយ”។

លោក​បន្ត​ទៀត​ថា៖ “រី​ឯ Liverpool ពួក​គេ​មាន Fabinho និង Henderson ដូច្នេះ​ក៏​គ្មាន​ហេតុផល​អ្វី ត្រូវ​បន្ថែម​ការ​នាំ​ចូល​អ្នក​ថ្មី និង​ចុង​ក្រោយ​គឺ Manchester United រាប់​បាន​ជា​ក្លឹប​តែ​មួយ​គត់ នៅ PL ដែល​ Rice អាច​នឹង​គិតគូរ”។

“ក៏​ប៉ុន្តែ​សួរ​ថា តើ​គេ​ចង់​ទៅ​ទី​នោះ​ឬ​អត់? នេះ Rice គេ​ចង់​ឈ្នះ​ពាន​រង្វាន់ គេ​ចង់ចូលរួម​លេង​នៅ Champions League រួច​បើ​យើង​មើល United រដូវ​កាល​បន្ទាប់ ប្រហែល​ពួក​គេ​មិន​អាច​ធ្វើ​បាន​ឡើយ ដូច្នេះ​ជម្រើស​ចុង​ក្រោយ គឺ​សម្លឹង​ទៅ​ក្លឹប​ដទៃ​នៅ​តំបន់​អឺរ៉ុប ដោយ​ខ្ញុំ​គិត​ថា Real Madrid ពិត​ជា​សក្តិសម ព្រោះ​អី Toni Kroos និង Luka Modric ក៏​ត្រៀម​ចាកចេញ ដូច្នេះ​ហើយ ១០០ ភាគរយ ខ្ញុំ​មាន​ការ​ជឿជាក់​លើ Rice គេ​នឹង​ជ្រើស​យក​ Real Madrid ជា​ជាង​ក្លឹប Man Utd”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT